កីឡាអន្តរជាតិ
អន្តរជាតិ
Man City តាម​ពីក្រោយ Liverpool ៧​ពិន្ទុ រីឯ Pogba បន្ត​ស៊ុត​ចូល​ក្រោយ​ដូរ​គ្រូ​
31, Dec 2018 , 9:27 am        
រូបភាព
ដោយ: ថ្មីៗ
​ជ័យជម្នះ​របស់ Manchester City នៅលើ​ទឹកដី Southampton បាន​នាំ​ឲ្យ​ការនាំ​មុខកំពូល​តារាង​របស់ Liverpool ក្នុង​ក្របខណ្ឌ Premier League ថយ​ពី​៩​ពិន្ទុ​មក​៧​ពិន្ទុ​។ Tottenham Hotspur ដែល​ចាញ់​ភ្ញៀវ Crystal Palace ធ្លាក់​ទៅ​លេខ​៣ ខណៈ Chelsea និង Manchester United កើន​៣​ពិន្ទុ​បន្ថែម​។​



​កាលពី​រាត្រី​ថ្ងៃ​សៅរ៍ Liverpool បាន​នាំមុខ​កំពូល​តារាង​ជា​បណ្តោះអាសន្ន​រហូតដល់​ទៅ​៩​ពិន្ទុ ក្រោយ​ជ័យជម្នះ ៥-១ លើ Arsenal នៅ​ទឹកដី Anfield របស់ខ្លួន​។ Ainsley Maitland-Niles រក​គ្រាប់​បាល់​បញ្ចូល​ទី​នាំមុខ​សម្រាប់​កាំភ្លើង​ធំ​ពេល​ប្រកួត​បាន​ជាង​១០​នាទី ប៉ុន្តែ Roberto Firmino វាយបក​វិញ​បាន​២​គ្រាប់​ជា​បន្តបន្ទាប់​ដោយ​គិត​ត្រឹម​នាទី​១៦​។ Sadio Mane បន្ថែម​គ្រាប់​ទី​បី មុនពេល Mohamed Salah ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ឲ្យ​ហង្ស​ក្រហម​នាំមុខ ៤-១ នៅ​តង់​ទីមួយ​។ ឈានដល់​តង់​ទី​ពីរ Roberto Firmino មានឱកាស​សម្រេចបាន​គ្រាប់ Hat-trick របស់ខ្លួន តាមរយៈ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​នៅ​នាទី​៦៥ ។​

​មួយថ្ងៃ​បន្ទាប់ Manchester City បាន​ស្តារ​បរាជ័យ​ពីរ​ប្រកួត​ជាប់​គ្នា តាមរយៈ​ការបំបាក់​ម្ចាស់ផ្ទះ Southampton ៣-១​។ David Silva រកបាន​គ្រាប់​បើកឆាក​ក្រោយ​ប្រកួត​បាន​ជាង​១០​នាទី មុនពេល Pierre Hojbjerg តាម​ស្មើ​សម្រាប់ Southampton នៅ​នាទី​៣៧​។ នាទីចុងក្រោយ​នៅ​តង់​ទីមួយ​ទៅហើយ Man City រកបាន​ពីរ​គ្រាប់​ជាប់ៗ​គ្នា ដែល​ជាការ​ភ្លាត់ស្នៀត​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង​របស់ James Ward Prowse និង​ការសម្រេច​ផល​របស់ Sergio Aguero​។​

​ជ័យជម្នះ​នេះ នាំ​ឲ្យ​មេឃ​ខៀវ Man City មាន​៤៧​ពិន្ទុ​ពី​ការប្រកួត​២០​លើក ដោយមាន​គម្លាត​ពី​ក្រុម​កំពូល​តារាង Liverpool ចំនួន​៧​ពិន្ទុ​។​

Tottenham Hotspur ដែល​បានឈ្នះ​ពីរលើក​ចុងក្រោយ​ជាមួយនឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​សរុប​១១​គ្រាប់​នោះ បាន​ធ្លាក់​ទៅ​លេខ​៣​វិញ ក្រោយ​ចាញ់​ក្រុម​ភ្ញៀវ Wolverhampton Wanderers ៣-១ ។ Harry Kane រក​គ្រាប់​បាល់​បញ្ចូល​ទី​នាំមុខ​នៅ​តង់​ទីមួយ​សម្រាប់​ក្រុម​មាន់​ខ្នាយ​មាស Spurs ប៉ុន្តែ​នៅ​តង់​ទី​ពីរ ក្រុម​ចចក Wolves វាយបក​វិញ​បាន​៣​គ្រាប់ ដែល​រកបាន​ដោយ Willy Boly, Raul Jimenez និង Helder Costa​។

​ការ​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​តង់​ទី​ពីរ​របស់ N'Golo Kante លើ Crystal Palace នាំ​ឲ្យ Chelsea បាន​៤៣​ពិន្ទុ រក្សា​តំណែង​នៅ​ចំណាត់ថ្នាក់​លេខ​៤ ដោយ​៤៣​ពិន្ទុ ខណៈ Spurs មាន​៤៥​ពិន្ទុ​។​

​នា​ការប្រកួត​ចុងក្រោយ​ប្រចាំ​សប្តាហ៍​ទី​២០ លោក Ole Gunnar Solskjaer បាន​ដឹកនាំ Manchester United ឈ្នះ​បី​លើក​ជាប់ៗ​គ្នា ក្រោយ​ចូលកាន់​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​បណ្តោះអាសន្ន​ជំនួស​លោក Jose Mourinho​។ ក្នុង​ជ័យជម្នះ ៤-១ លើ​ភ្ញៀវ Bournemouth ខ្សែបម្រើ​តម្លៃ​ខ្ពស់ Paul Pogba បន្ត​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​បើកឆាក​២​គ្រាប់ និង​បញ្ជូន​ឲ្យ Romelu Lukaku មួយ​គ្រាប់​ចុងក្រោយ​នៅ​តង់​ទី​ពីរ​។ មួយ​គ្រាប់​ទៀត​របស់​បិសាច​ក្រហម​រកបាន​ដោយ Marcus Rashford នៅ​ចុង​តង់​ទីមួយ មុនពេល​ដែល Nathan Ake វាយបក​វិញ​ភ្លាមៗ​នៅ​នាទី​តែមួយ​សម្រាប់ Bournemouth​។​

​លទ្ធផល​គូប្រកួត​ផ្សេងទៀត​រួមមាន Jurgen Locadia នាំ​ម្ចាស់ផ្ទះ Brighton ឈ្នះ Everton ១-០​។ ក្នុង​ជ័យជម្នះ ១-០ ដូចគ្នា Aleksandar Mitrovic ជួយ Fulham បាន​៣​ពិន្ទុ​លើ​ភ្ញៀវ Huddersfield Town ខណៈ Victor Camarasa នាំ​សំណាង​សម្រាប់​ភ្ញៀវ Cardiff City លើ Leicester City ដែល​សុទ្ធតែ​កើតឡើង​នៅ​ជិត​បញ្ចប់​ការប្រកួត​។​

Abodoulaye Doucoure ជួយ​ឲ្យ​ម្ចាស់ផ្ទះ Watford តាម​ស្មើ Newcastle United ១-១ ក្រោយ​ការ​ស៊ុត​នាំមុខ​របស់ Salomon Rondon ។ ចំណែក Burnley បាន​យកឈ្នះ​ភ្ញៀវ West Ham United ២-០ ដែល​រកបាន​ដោយ Chirs Wood និង Dwight McNeil ៕


Tag:
 Premier League
 
© រក្សាសិទ្ធិដោយ thmeythmey.com