អន្តរជាតិ
ព្រឹត្តិការណ៍​ធំៗ​ដែលមាន​ឥទ្ធិពល​លើ​ពិភពលោក​ប្រចាំឆ្នាំ ២០១៨
31, Dec 2018 , 10:34 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​ឆ្នាំ ២០១៨ ព្រឹត្តិការណ៍​ជាច្រើន​បានកើត​ឡើង​ដែល​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល និង​ប្រែប្រួល​នយោបាយ​ពិភពលោក​។  ព្រឹត្តិការណ៍​ធំៗ​នោះ​មាន​ទាំង​ការបញ្ជា​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែ​អ៊ីរ៉ង់ ជំនួប​ប្រវត្តិសាស្ត្រ​វ​វាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​ដើម្បី​ឈានទៅ​រំសាយ​នុយក្លេអ៊ែរ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន និង​ការកើនឡើង​នៃ​ឧស្ម័ន​កាបូ​និ​ច​ក្នុង​កម្រិត​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ផង​។ សារព័ត៌មាន​ថ្មីៗ​សូម​លើកយក​ព្រឹត្តិការណ៍​សំខាន់ៗ​ពិភពលោក​ដែល​កើតឡើង​ក្នុង​ឆ្នាំ ២០១៨​នេះ​ដូច​ខាងក្រោយ​៖


 
១. បក្ស​ប្រជាធិបតេយ្យ​ដណ្តើម​សភាតំណាងរាស្ត្រ​ត្រឡប់​ទៅកាន់​កាប់​វិញ​ក្នុងការ​បោះឆ្នោត​

​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​អាមេរិក​ខែវិច្ឆិកា​នាំមក​នូវ​ការផ្លាស់ប្តូរ​មួយ​ដ៏​ធំ​។ នោះ​គឺ បក្ស​ប្រជាធិបតេយ្យ​ដណ្តើមយក​សភា​តំណាង​ត្រឡប់មក​កាន់កាប់​វិញ ប៉ុន្តែ​ព្រឹទ្ធសភា​នៅតែ​ស្ថិតក្រោម​កាន់​គ្រប់គ្រង​។ បក្ស​ប្រជាធិបតេយ្យ​ដណ្តើមបាន​អាសនៈ​២៣៥​នៅ​សភា​តំណាង និង​បាន​អាសនៈ ៤៧ នៅ​សភា​ជាន់ខ្ពស់​ឬ​ព្រឹទ្ធសភា ដែល​វា​បង្កើត​ឲ្យ​មាន​តុល្យភាព​អំណាច​ក្នុង​ស្ថាប័ន​នីតិ​បញ្ញា​ត្តិ​ឡើងវិញ​ដែរ​។ 
 
២. កិច្ចព្រមព្រៀង​សន្តិភាព​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ​អេ​រី​ត្រេ និង​អេ​ត្យូ​ពី​

​ខែមិថុនា នាយករដ្ឋមន្ត្រី​អេ​ត្យូ​ពី​ថ្មី​លោក Abiy Ahmed បានធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ដោយ​លោក​បានប្រកាស​ទទួលយក​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​អេ​រី​ត្រ ក្នុង​គោលដៅ​បញ្ចប់​ជម្លោះព្រំដែន​អាយុកាល ១៨ ឆ្នាំ​។ 
 
​អេ​រី​ត្រេ និង​អេ​ត្យូ​ពី​បាន​ប្រយុទ្ធ​គ្នា​ក្នុង​សង្គ្រាម​ស៊ីសាច់ហុតឈាម​គ្នា​មួយ​ពី​ឆ្នាំ ១៩៩៨​ដល់​ឆ្នាំ ២០០០​។ មនុស្ស​ប្រហែល ប្រាំបី​ម៉ឺន​នាក់​បាន​ស្លាប់​។ ថ្វីដ្បិតតែ​ចប់​សង្គ្រាម​មែន ជម្លោះព្រំដែន​នៅតែ​បន្ត​។ ប៉ុន្តែ​ដល់​ខែកក្កដា​ឆ្នាំ ២០១៨ នាយករដ្ឋមន្ត្រី Ahmed បានធ្វើ​ដំណើរ​ទៅ​រដ្ឋធានី Asmara អេ​រី​ត្រេ ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតី Isaias Afwerki និង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ផង​ដោយមាន​វត្តមាន​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres​។​ប៉ុន្តែ​គេ​នៅ​រងចាំ​មើលថា តើ​អនាគត​នៃ​កិច្ចព្រមព្រៀង​នឹងមាន​ការប្រែប្រួល​បែបណា​ទៀត​នៅពេល​អនាគត​នោះ​។   
 
៣. លោក ត្រាំ ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​

​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានប្រកាស​ដើរចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ (JCPOA) នៅ​ថ្ងៃ ៨​ខែឧសភា ហើយ​មេដឹកនាំ​នៃ​ប្រទេស​មហាអំណាច​លេខ​មួយ​រូបនេះ​សន្យា​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ក​ម្រិ​ត​ខ្ពស់បំផុត​ប្រឆាំង​អ៊ីរ៉ង់​ផងដែរ​។ លោក ត្រាំ មិនដែល​ពេញចិត្ត​កិច្ចព្រមព្រៀង​អ៊ីរ៉ង់​ដែល​មហាអំណាច​ប្រាំ​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ UN បូក​អាល្លឺម៉ង់​បង្កើតឡើង​ឆ្នាំ ២០១៥ ជាមួយ​អ៊ីរ៉ង់ ឡើយ ដ្បិតថា កិច្ចព្រមព្រៀង​នេះ​មាន​សុពលភាព​ត្រឹម​ឆ្នាំ ២០២៥ និង​មិន​ផ្តោត​សំខាន់​លើ​មី​ស៊ី​ល​បាលី​ស្ទិ​ក​ឡើយ​។​
 
៤.​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​ផ្ទុះឡើង​
 
ថ្ងៃ ៦ ខែកក្កដា​ឆ្នាំ ២០១៨​ អាមេរិក និង​ចិន​ចាប់ផ្តើម​សង្គ្រាម​ពាណិជ្ជកម្ម​ជា​ផ្លូវការ ដោយ​អាមេរិក​ផ្តើម​ដំឡើង​ពន្ធ ២៥ ភាគរយ​ប្រឆាំង​ទំនិញ​ចិន​ទំហំ ៥០ ពាន់​លាន​ដុល្លារ​អាមេរិក​។ ត​មកដល់​ខែកញ្ញា លោក ត្រាំ ក៏បាន​បញ្ជា​ឲ្យ​គេ​ដំឡើង​ពន្ធ ១០  ភាគរយ​លើ​ទំនិញ​ចិន​ផ្សេងទៀត​ដែលមាន​ទំហំ ២០០​ពាន់​លាន​ដុល្លារ​ទៀត​។​ចំណែក​ចិន​វិញ បានដាក់​ដំឡើង​ពន្ធ​ប្រឆាំង​ទំនិញ​អាមេរិក​មាន​ទំហំ ១១០​ពាន់​លាន​ដុល្លារ​ដែរ​ចាប់ពី​សង្គ្រាម​ផ្ទុះ​ឡើងមក​។ 
 
​យ៉ាងណាក៏ដោយ សង្គ្រាម​នេះ​ត្រូវបាន​ផ្អាក​បណ្តោះអាសន្ន​រយៈពេល ៩០​ថ្ងៃ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជា​អចិន្ត្រៃយ៍ ក្រោយ​មាន​ជំនួប​ទ្វេភាគី​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក ស៊ី ជិន​ភីង នៅ​ប៊ុ​យ​ណូ​ស៊ែរ អា​ហ្ស​ង់​ទី​ចុងខែ​វិច្ឆិកា​។ 
 
៥. ជំនួប​ប្រវត្តិសាស្ត្រ​ត្រាំ​-​គីម នៅ​សិង្ហ​បុរី​

​ជំនួប​ប្រវត្តិសាស្ត្រ​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​ដែល​គ្រប់គ្នា​ទន្ទឹងរង់ចាំ បានចាប់ផ្ដើម​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឯ​សណ្ឋាគារ Capella លើ​កោះ​សេន​តូ​សា បុរី​រដ្ឋ​សិង្ហ​បុរី​។ ជំនួប​ប្រជុំ​ធំ​ទល់មុខ​គ្នា​រយៈពេល ៩០ នាទី​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​រវាង​មេដឹកនាំ​ទាំងពីរ​នេះហើយ​បាន​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការកសាង​ទំនុកចិត្ត និង​ភាពជឿជាក់​រវាង​គ្នា​ដើម្បី​សម្រេច​គោលដៅ​រំសាយ​នុយក្លេអ៊ែរ​និង​បញ្ចប់សង្គ្រាម​កូរ៉េ​ផងដែរ​។​
 
 ប៉ុន្តែ​កូរ៉េខាងជើង​នឹង​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​តាម​ការសន្យា​ដែរ​ឬ​អត់​នោះ នៅតែ​ជា​រឿង​ស្រពេចស្រពិល​នៅឡើយ ខណៈដែល​ដំណើរការ​ចរចា​រវាង​អាមេរិក​និង​កូរ៉េខាងជើង​ហាក់​នៅជាប់​ទ្រឹង​នៅឡើយ​។​
 
៦. ករណី​សម្លាប់​អ្នកកាសែត​អា​រ៉ា​ប៊ី​សា​អូឌីត​ដ៏​ចម្រូងចម្រាស​

​លោក Jamal Khashoggi អ្នកកាសែត​អា​រ៉ា​ប៊ី​សា​អូឌីត​ជើងចាស់ ត្រូវបាន​សម្លាប់​ក្នុង​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត​ប្រចាំ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ដើមខែ​តុលា ហើយ​សាកសព​ក៏ត្រូវ​កាត់​ជា​ចំណែក ដែល​រហូតមក​ដល់ពេលនេះ​មិនទាន់​រកឃើញ​សាកសព​នៅឡើយ​។ ក្រោម​សម្ពាធ​អន្តរជាតិ ក្រុង​រី​យ៉ា​ដ​បាន​ចាប់ខ្លួន​មនុស្ស​មួយចំនួន​ផងដែរ ប៉ុន្តែ​គេ​ចោទប្រកាន់ថា ករណី​ឃាត​កម្មនេះ​ពាក់ព័ន្ធ​នឹង​រជ្ជទាយាទ Mohammed bin Salman (MBS) ។​
 
៧. កំណើន​ឧស្ម័ន​ផ្ទះ​កញ្ចក់​កើន​ខ្ពស់​គួរ​ឲ្យ​បារម្ភ​

​របាយការណ៍​វិទ្យាសាស្ត្រ​ថ្មី​មួយ​បានបង្ហាញ​ឲ្យ​ឃើញថា កម្រិត​ឧស្ម័ន​កាបូ​និ​ច​ដែល​ត្រូវបាន​បំ​ភាយ​ចេញទៅ​បរិយាកាស​នៅ​ទូទាំង​ពិភពលោក​មានការ​កើនឡើង​ខ្លាំង​ក្នុង​ឆ្នាំ ២០១៨ នេះ​។ ទិន្នន័យ​នេះ​អាច​បញ្ជាក់​ឲ្យ​ឃើញថា ពិភពលោក​កំពុង​ខិត​ចាក​ឆ្ងាយ​ពី​គោលដៅ​ឈានទៅ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​សាកល​។​
 
៨. Brexit ដល់​ចំណុច​ទាល់ច្រក​

​ច្រើនជាង​ពីរ​ឆ្នាំក្រោយ​សម្រេចចិត្ត​ដើរ​ចេញពី​សហភាព​អឺរ៉ុប ចក្រភព​អង់គ្លេស​នៅតែ​មិនទាន់​ច្បាស់​ថា អាច​ចាក​ចេញពី​សហភាព​អឺរ៉ុប​ដោយ​ស្រួល​ដូច​ការគ្រោងទុក​នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ ឬ​យ៉ាងណា​ឡើយ​។ ចុងឆ្នាំ ២០១៨ នាយករដ្ឋមន្ត្រី​អង់គ្លេស សម្រេចបាន​កិច្ចព្រមព្រៀង Brexit ជាមួយ​សហភាព​អឺរ៉ុប​ហើយ ប៉ុន្តែ​កិច្ចព្រមព្រៀង​មិនត្រូវ​បាន​អ្នកនយោបាយ​អង់គ្លេស​គាំទ្រ​ទេ​។​
 
​គេ​មិន​គាំទ្រ​ដោយសារ​បញ្ហា​ច្រើន​។ ព្រំដែន​រវាង​អង់គ្លេស និង​អៀឡង់​ខាងជើង​នៅតែ​មិន​ដាច់ស្រេច​ក្នុង​សេចក្ដីព្រាង​កិច្ចព្រមព្រៀង​នេះ​។ អ្នកខ្លះ​បារម្ភ​ថា ការ​លែងលះ​នេះ​នឹងមិន​ដាច់ស្រេច​ឡើយ​ព្រោះ​អង់គ្លេស​អាច​បន្ត​ជាប់ជំពាក់​ជាមួយ​សហភាព​ពន្ធគយ​របស់​អឺរ៉ុប ឯ​ខ្លះទៀត​ចោទ​លោកស្រី ម៉េ​យ៍ ថា ធ្វើ​សម្បទាន​ច្រើនពេក​ឲ្យ​អឺរ៉ុប​ដើម្បី​គោលដៅ​ចាកចេញ​នោះ​។ វា​ក៏មាន​ក្រុម​អ្នកគាំទ្រ​ឲ្យ​អង់គ្លេស​បន្ដ​ស្ថិតនៅក្នុង​អឺរ៉ុប​វិញ ដោយ​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ប្រជាមតិ​ម្ដង​ទៀតផង​។ តើ​អនាគត Brexit នឹង​ទៅជា​បែបណា​? រង់​ចាំមើល​ឆ្នាំ ២០១៩​ទៀត​។  
 
៩. ចលនា​អាវ​ក្រៅ​លឿង​ផ្ទុះឡើង​កក្រើក​ប្រទេស​បារាំង​

​ពាក់កណ្តាល​ខែវិច្ឆិកា ចលនា​បាតុកម្មហិង្សា​«​ពាក់អាវ​ក្រៅ​ពណ៌​លឿង​» ឬ Yellow Vest ផ្ទុះឡើង​ផុសផុល​នៅ​ប្រទេស​បារាំង​ប្រឆាំងនឹង​ចំណាត់​ការដំឡើង​ពន្ធ​របស់​រដ្ឋាភិបាល​បារាំង​។ ថ្វីបើ​បាតុកម្ម​កើតឡើង​ដោយសារ​ការដំឡើង​ពន្ធ​ប្រេង​ក្តី ចលនា​នេះ​ទាក់ទាញ​បានការ​ចូលរួម​ច្រើន​ពី​ប្រជាពលរដ្ឋ​បារាំង​ផ្សេងទៀត​ដែល​ខ្លះ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​និកម្មភាព ខ្លះ​តវ៉ា​រឿង​ពន្ធ​ទំនិញ ខ្លះ​ទារ​ដំឡើង​ប្រាក់ខែ ខ្លះ​ចោទថា រដ្ឋាភិបាល​លម្អៀង​ទៅ​ក្រុម​អភិជន ហើយ​ខ្លះទៀត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ឈប់​ចាយលុយ​ខ្ជះខ្ជាយ​ដែរ​។​
​ដោយសារ​ចលនា​បាតុកម្ម​បន្ត​អូសបន្លាយ និង​កាន់តែ​ធ្ងន់ធ្ងរ ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ចេញមុខ​អន្តរាគមន៍ និង​សម្រេច​ដាក់ចេញ​សម្បទាន​មួយចំនួន​ដើម្បី​រំងាប់​កំហឹង​បាតុករ​ដែរ​។ ចំណាត់ការ​របស់​រដ្ឋា​ភិ​បាល​ដែល​ត្រូវបាន​ប្រកាស​កាលពីដើម​ខែធ្នូ​កន្លងទៅ​មានដូចជា ការសម្រេច​ដំឡើង​ប្រាប់​ឈ្នួល​អប្បបរមា​ក្នុង​ទំហំ ៧ ភាគរយ ឬ ១០០ អឺរ៉ូ​ក្នុង​មួយខែ​ពី​ឆ្នាំ ២០១៩, លុបចោល​គម្រោង​ដាក់​ពន្ធ​លើ​អ្នក​ដែល​បាន​ប្រាក់​សោធ​និវត្តន៍​តិចជាង ២០០០ អឺរ៉ូ និង លុបចោល​ពន្ធ​លើ​ប្រាក់​ថែម​ម៉ោង​ផង​។ ចុងក្រោយ បារាំង​ជំរុញ​លើកទឹកចិត្ត​ឲ្យ​និយោជក​ផ្តល់ប្រាក់​រង្វាន់​លើកទឹកចិត្ត​ដោយ​និ​យោ​ជិ​កនៅ​ចុងឆ្នាំ​ដោយ​គ្មាន​បង់ពន្ធ​ដែរ​។ ប៉ុន្តែ​ចំណាត់ការ​នេះ​មិនបាន​រំងាប់​កំហឹង​ប្រជាជន​ទាំងស្រុង​ឡើយ​។ 
 
១០. ត្រាំ បញ្ជា​ដកទ័ព​ថ្មើរជើង​ទាំងស្រុង​ពី​ស៊ី​រី និង​មួយចំនួន​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ធ្វើ​ឲ្យ​ផ្អើល​ពិភពលោក​

​ចុងឆ្នាំ ២០១៨ ពិភពលោក​ភ្ញាក់ផ្អើល ដោយសារ​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ប្រកាស​ដកទ័ព​ពី​សង្គ្រាម​មជ្ឈិមបូព៌ា​និង អាស៊ី​កណ្តាល​។ លោក ត្រាំ បាន​ថា អាមេរិក​នឹង​ដកទ័ព​ថ្មើ​ស្រុង​ទាំងស្រុង ២០០០​នាក់​ពី​ស៊ី​រី និង​កងទ័ព​យ៉ាងហោច ៥០០០ នាក់​ក្នុងចំណោម​ទ័ព ១៤០០០​នាក់​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែរ​។  ការសម្រេចចិត្ត​របស់​លោក ត្រាំ មានការ​ជំទាស់​ពី​សមាជិក​គណៈរដ្ឋមន្ត្រី​របស់លោក​ផង និង​មានការ​ទិតៀន​ពី​ក្រុម​អ្នកជំនាញ​សន្តិសុខ​ដូចគ្នា​។ គ្មាន​ការប្រឹក្សា​ជាមួយ​គេឯង​ជាមុន​ឡើយ ហើយ​រដ្ឋមន្ត្រី​ការពារជាតិ​លោក ជេ​ម ម៉ា​ធី​ស ក៏​សុខចិត្ត​លាលែង​ពី​តំណែង​ដែរ​ក្រោយ​លោក ត្រាំ សម្រេចចិត្ត​បែបនេះ​។ អ្នកជំនាញ​ខ្លះ​ចាត់ទុកថា វា​ជា​កំហុសឆ្គង​ផ្នែក​យុទ្ធសាស្ត្រ​ដ៏​ធំ​ដែល​ប្រធានាធិបតី​អាមេរិក​បង្កើតឡើង និង​ប៉ះពាល់​ដល់​ជំហរ​គោលនយោបាយ​អាមេរិក​នៅ​មជ្ឈិមបូព៌ា​ពេលនេះ​ផង​៕
 

Tag:
 ព្រឹត្តិការណ៍​អន្តរជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com