ជាតិ
សង្គមជាតិ
ឧកញ៉ា​ខ្មែរ ប្រាប់​យុវជន​ថា គ្មាន​អ្នកណា​ក្លាយជា​សេដ្ឋី ព្រោះ​ដើរ​ជាន់​អំបែង​កែវ​និង​រងើកភ្លើង​ទេ​
31, Dec 2018 , 11:11 am        
រូបភាព
ឧកញ៉ា ម៉ុង ឫទ្ធី និង ឧកញ៉ា ស្រី ចាន់ថន
ឧកញ៉ា ម៉ុង ឫទ្ធី និង ឧកញ៉ា ស្រី ចាន់ថន
ដោយ: ថ្មីៗ
​ឧកញ៉ា ម៉ុង ឫទ្ធី និង ឧកញ៉ា ស្រី ចាន់ថន បាន​រិះគន់​និង​សម្តែង​ការហួសចិត្ត​យ៉ាងខ្លាំង ចំពោះ​សិក្ខាសាលា​មួយ ដែល​ឲ្យ​អ្នកចូលរួម ដើរ​ជាន់​អំបែង​កែវ ដើម្បី​ទទួលបាន​ជោគជ័យ​។ ឧកញ៉ា​ទាំងពីរ បាន​ហៅ​វិធីសាស្ត្រ​នេះ ថា​ជាការ​ខុសឆ្គង​ដ៏​ធំ​។

 

 
​តាមរយៈ​សារព័ត៌មាន​ថ្មីៗ ឧកញ៉ា ម៉ុង ឫទ្ធី ដែលជា​ម្ចាស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី​គ្រុប បានលើកឡើង​បែបនេះ​ថា​៖«​អ្នកមាន​និង​អ្នក​ជោគជ័យ​ទាំងអស់​លើ​ពិភពលោក មិនដែល​ទៅជា​ន់​អំបែង​កែវ​និង​រងើកភ្លើង​ទេ​....​។ គេ អាច​រកស៊ី​មានបាន ដោយ​មិនចាំបាច់​ទៅ​ជាន់​អំបែង​កែង ជាន់​រងើកភ្លើង​»​។ 
 
​មិន​ត្រឹមតែ​រិះគន់​នោះទេ ឧកញ៉ា ដែល​ល្បី​ខាង​រកស៊ី​ផ្នែក​កសិកម្ម​រូបនេះ នៅ​ចង់​ឲ្យ​មាន​ចំណាត់ការ​ផ្លូវច្បាប់​លើ​អ្នកបង្កើត​កម្មវិធី​បង្រៀន​នេះ​ថែមទៀត​។ «​ខ្ញុំ​មិន​គាំទ្រ​នូវ​ទង្វើ​នេះ​ទេ និង​សុំ​ឲ្យ​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​រក​អ្នក​ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​ទង្វើ​នេះ យកមក​សួរនាំ​ផងដែរ ថា តើ​ធ្វើ​នេះ ដើម្បី​អ្វី​»​។ 
 
​ចំណែក ឧកញ៉ា ស្រី ចាន់ថន ដែល​ទើបនឹង​ល្បីឈ្មោះ​ខ្លាំង​ក្នុង​វិស័យ​ជំនួញ ហ៊ាន​អះអាងថា ការបង្រៀន​នេះ គឺ​ខុស​គោលការណ៍​និង​ខុស​លក្ខខណ្ឌ ហើយ​លោក បាន​ដាស់តឿន​គ្រូបង្វឹក​និង​អ្នកចូលរួម ឲ្យ​គិត​ឡើងវិញ​។ «​អ្វីដែល​ខ្ញុំ​មើល គឺជា​ចិត្តសាស្ត្រ​នៃ​ការអូសទាញ ដើម្បី​បាន​ផលប្រយោជន៍​របស់​ថ្នាក់ដឹកនាំ​របស់គេ ដែល​រៀបចំ​កម្មវិធី​ហ្នឹង​។ តែ​សម្រាប់​ខ្ញុំ ខ្ញុំ​អត់​អាច​ទៅធ្វើ​អ៊ីចឹង​បានទេ ព្រោះ​វា​ខុស​។ វា ខុស​លក្ខខណ្ឌ​នៃ​ការបង្រៀន​ឲ្យ​គេ​ជោគជ័យ​»​។ 
 
«​តើ​លោក ធ្លាប់​ឃើញ​ការអប់រំ​បែបនេះ​តាម​ប្រទេស​ផ្សេងៗ​ទេ​?» ឧកញ៉ា​វ័យក្មេង​រូបនេះ បាន​ឆ្លើយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាងខ្លី​និង​ទាំងអស់​សំណើច​ថា​៖«​ខ្ញុំ អត់​ដែល​ឃើញ​ផង​»​។ 
 
​លោក ស្រី ចាន់ថន បាន​ចែករំលែក​បទពិសោធ​ផ្ទាល់ខ្លួន​ថា បើ​ចង់​ជោគជ័យ​លើ​អ្វីមួយ ដូចជា​ ការរកស៊ី និង​ការធ្វើ​ជំនួញ ជាដើម មនុស្ស​ម្នាក់ៗ ត្រូវមាន​ការតស៊ូ​និង​ការអត់ធ្មត់​ខ្ពស់​។ លោក បន្ថែមថា ចំណុច​សំខាន់​មួយទៀត គឺ​មនុស្ស​ម្នាក់ៗ ត្រូវ​ឈ្វេងយល់​ឲ្យ​ច្បាស់លាស់ ពី​ការធ្វើ​ជំនួញ ឬក៏​ការបំពេញ​ការងារ​ឲ្យ​គេ​។  
 
«​អ្វីដែល​ខ្ញុំ​ជោគជ័យ​មកដល់​ថ្ងៃនេះ ចំណុច​មួយ គឺ​អត់ធ្មត់​។ ការងារ​អ្វី​ក៏ដោយ បើ​យើង មិន​អត់ធ្មត់​ទេ កុំ​ធ្វើ​វា​។ ហើយ​ការងារ​ទាំងអស់ មិនមែន​សុទ្ធតែ​ជោគជ័យ​ទាំងអស់​ទេ តែ​យើង ត្រូវ​ព្យាយាម​យក​ការបរាជ័យ​នោះ មក​ធ្វើ​ឲ្យ​វា​ជោគជ័យ​វិញ​។ អត់ធ្មត់ បានន័យថា ធ្វើ​ចិត្ត​យើង​ឲ្យ​ធ្ងន់ មិនមែន​យើង​ទៅ​ជាន់​អំបែង​ឲ្យ​មុត​ជើងទេ អាហ្នឹង​គឺ​ខុស​ហើយ​»​។ 
 
​នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ ក្រុមហ៊ុន Master Star Land Property Co.,LTD. (MSL) ដែល​រកស៊ី​ខាង​ទិញ​-​លក់​អចលនទ្រព្យ បានចាប់ផ្តើម​បើក​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តីពី «​អាថ៌កំបាំង​២១​យ៉ាង​របស់​មហាសេដ្ឋី​» ដោយ​អ្នកចូលរួម​ភាគច្រើន​ជា​យុវជន​។ លោក សិង្ហ អធិការ អគ្គនាយក​ក្រុមហ៊ុន និង លោក វឿន សីហា អគ្គនាយករង ធ្វើជា​គ្រូបង្វឹក​ដោយផ្ទាល់​តែម្តង​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​។ 
 
​ក្រោយ​រង​ការរិះគន់​ជា​ហូរហែ លោក វឿន សីហា ក៏​ចេញមក​ផ្សាយ​ផ្ទាល់ (Live) តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Seiha Voeurn ដើម្បី​បកស្រាយ​។ លោក វឿន សីហា ដែល​អះអាងថា​ធ្លាប់ជា​សិក្ខាកាម​ម្នាក់ ដែល​បាន​ឆ្លងកាត់​វគ្គដើ​រលើ​អំបែង​កែវ​និង​ដើរ​លើ​រងើកភ្លើង បានចាត់ទុក​ការរិះគន់​ទាំងនោះ ថា​ជា​ទស្សនៈ​និង​ជាការ​យល់ឃើញ​ផ្សេង​ពីគ្នា​របស់​បុគ្គល​ម្នាក់ៗ​។ 
 
​លោក លើកឡើងថា តាមពិត វគ្គ​បណ្តុះបណ្តាល​បែបនេះ មិនមែនជា​រឿង​ថ្មី​នោះទេ ពោលគឺ​ធ្លាប់​កើតមាន​តាំងពី​ឆ្នាំ​២០០៨ មកម្ល៉េះ ហើយ​កាលនោះ មាន​គ្រូ​ល្បីៗ​និង​ខ្លាំងៗ ដែល​ចូលរួម​បណ្តុះបណ្តាល​។ លោក បន្តថា អ្នក​ដែល​បាន​ឆ្លងកាត់​វគ្គ​នេះ ភាគច្រើន បាន​ក្លាយជា​អ្នកដឹកនាំ​។ 
 
​បើតាម​គ្រូបង្វឹក​ខាងលើ វគ្គ​បណ្តុះបណ្តាល​របៀប​នេះ ក៏​មាននៅ​ប្រទេស​ដទៃ​ដែរ​។ លោក លើកយក​ប្រទេស​មួយចំនួន ដូចជា អាមេរិក ថៃ និង​ម៉ាឡេស៊ី ជាដើម មក​ធ្វើជា​ឧទាហរណ៍ ដោយ​លោក​អះអាងថា គ្រូ​នៅតាម​ប្រទេស​នោះ បាន​ឲ្យ​សិក្ខាកាម​ធ្វើ​អ្វីដែល​ប្លែក ដែល​វគ្គ​បណ្តុះបណ្តាល​នៅ​ស្រុក​ខ្មែរ​មិនដែល​ធ្វើ​ថែមទៀត ដូចជា ការ​ហក់​ឆត្រយោង និង​ការ​លី​អង្ករ​ឡើង​ភ្នំ​ជាដើម ហើយ​អ្នកចូលរួម​ភាគច្រើន ទទួលបាន​លទ្ធផល​ល្អ និង​អ្នកខ្លះ បាន​ក្លាយជា​សេដ្ឋី​ក៏មាន​។ 
 
​បន្ទាប់ពី​លើកយក​បទ​ពិសោធ​ពី​ក្រៅប្រទេស​មក​ធ្វើជា​ឧទាហរណ៍​រួចហើយ លោក វឿន សីហា ក៏បាន​ងាក​មក​និយាយ​ពី​វគ្គ​បណ្តុះបណ្តាល​របស់ខ្លួន​ឯង​វិញ​ម្តង​។ លោក បកស្រាយ​យ៉ាង​ដូច្នេះ​ថា​៖«​អ្វីដែល​ខ្ញុំ​បណ្តុះបណ្តាល​នេះ គោលដៅ​ធំ​បំផុត​គឺ​ផ្លាស់ប្តូរ​ឲ្យ​មនុស្ស​ជម្នះ​នូវ​ភាពភ័យខ្លាច​»​។ 
 
​លោក បន្ថែមថា​៖«​ការបណ្តុះបណ្តាល​របស់​ខ្ញុំ មិនបាន​ដាក់​មនោ​គម​វិទ្យា ឬមួយ​ធ្វើ​ឲ្យ​មនុស្ស​ឆ្កួត​លីលា​ទេ ហើយក៏​មិន​បង្ខំ​ឲ្យ​អ្នកចូលរួម ដើរ​លើ​អំបែង​កែវ​នោះដែរ​។ ប៉ុន្តែ​គ្រាន់តែ​ជាការ​ធ្វើតេស្ត​សាកល្បង​ថា​មនុស្ស​ចង់​ជោគជ័យ​ពិតប្រាកដ ហ៊ាន​ធ្វើ​រឿង​ដែល​ខ្លួនឯង​មិន​ធ្លាប់ធ្វើ​ឬ​អត់​។ ហើយ​ជាក់ស្តែង អ្នកចូលរួម​កម្មវិធី​របស់ខ្ញុំ គ្មាន​អ្នកណាម្នាក់​រងគ្រោះ ដោយសារតែ​បញ្ហា​ទាំងអស់​នោះទេ ហើយ​ពុំមាន​អ្នកណាម្នាក់ តវ៉ា​ប្រឆាំងនឹង​កម្មវិធី​ហ្នឹង​ដែរ​»​។  
 
​គ្រូបង្វឹក​រូបនេះ បរិយាយ​ទៀតថា​៖«​ផ្ទុយ​មកវិញ ពួកគេ រឹតតែ​ពេញចិត្ត ក្នុង​ការដែល​ធ្វើ​ឲ្យ​ពួកគេ​ស្គាល់​ខ្លួនឯង​ច្បាស់​។ ពួកគេ រឹតតែ​ពេញចិត្ត​ថា ពួកគេ ពីមុន មិន​ស្គាល់​ខ្លួនឯង ថា​ជា​នរណា និង​មិន​ស្គាល់​ពី​សក្តានុពល​របស់​ខ្លួន​ឲ្យ​បានច្បាស់លាស់ តែ​ក្រោយ​ពួកគេ បាន​ចូលរួម​ហើយ ពួកគេ ស្គាល់​ខ្លួនឯង​ច្បាស់ ហើយ​តាំងចិត្ត​ក្នុងការ​ធ្វើការ​ប្រកបមុខរប​រ ឲ្យ​បាន​ខ្លាំង​ជាង​មុន និង​ដឹកនាំ​ឲ្យ​បាន​មុតមាំ​ជាង​មុន​។ ...​បងប្អូន យល់ថា វា ជា​រឿង​ឡប់ៗ តែ​អ្នក​បាន​ចូលរួម យល់ថា ជា​រឿង​អស្ចារ្យ​ក្នុង​ជីវិត​របស់គេ​។ គេ មាន​អារម្មណ៍​ថា ហាក់ដូចជា​បានកើត​សារ​ថ្មី​ម្តងទៀត​...​។ 
 
​គ្រូ​បណ្តុះបណ្តាល​ដដែល​នេះ បាន​ប្រៀបធៀប​ការបណ្តុះបណ្តាល​របស់ខ្លួន​ទៅនឹង​ការហ្វឹកហាត់​របស់​ទាហាន​។ «​ទាហាន ត្រូវ​ឆ្លងកាត់​ការ​លត់​ដំ​យ៉ាង​ខ្លាំ​ក្លា​និង​មុះ​មុត ដោយ​ទាហាន​ខ្លះ ឱនក្រាប​លើ​បន្លា​លួស ខ្លះ​វា​រលើ​គ្រោះ​ក្រហម ខ្លះ​វា​រលើ​ថ្ម​។ ពេល​តស៊ូ​បាន គឺជា​ធនធានមនុស្ស​ពិត​ប្រាកដ​តែម្តង ហើយ​ច្បាំង​គឺ​មិន​ខ្លាច​គេ​»​។ 
 
​ប្រដូច​បែបនេះ​រួចហើយ លោក ក៏បាន​លើក​មូលហេតុ ដែល​ធ្វើ​ឲ្យ​អ្នករកស៊ី​ និង​អ្នកជំនួញ​ខ្លះ បរាជ័យ​។ «​អ្នកជំនួញ​ធ្វើការ​ស្រាលៗ ហើយ​ខ្លាច មិន​ហ៊ាន​សម្រេចចិត្ត តើ​អាច​នឹង​ជោគជ័យ​យ៉ាងម៉េច​? មូលដ្ឋានគ្រឹះ​នៃ​ការរកស៊ី ឬ​ធ្វើ​អាជីវកម្ម អ្នកខ្លះ​យល់ថា​ទាល់តែ​មាន​លុយ តែ​អ្នកខ្លះ​មាន​លុយ តែ​ខ្វះ​ការ​ការតាំង​ចិត្ត ខ្វះ​ការតស៊ូ ខ្វះ​ការប្រឹងប្រែង ខ្វះ​ការ​លត់​ដំ​ផ្លូវចិត្ត ដែល​ធ្វើ​ឲ្យ​ពួកគេ ងាយ​នឹង​បោះបង់​អាជីវកម្ម ឬ​ធុរកិច្ច​»​។ 
 
​យ៉ាងណាក៏ដោយ ការបកស្រាយ​នេះ ទំនងជា​មិនអាច​ក្លាយជា​ហេតុផល​សមស្រប និងអាចទទួលយកបាន ​សម្រាប់​អ្នកប្រើប្រាស់​ហ្វេសប៊ុកនោះទេ​។ មកដល់ពេលនេះ អ្នកលេង​ហ្វេ​ស​ប៊ុ​ក នៅតែ​បន្ត​រិះគន់ ​និង​ចំអក​ឲ្យ​វគ្គ​បណ្តុះបណ្តាល​នេះ​៕ 
 

Tag:
 ម៉ុង ឫទ្ធី​
  ស្រី ចាន់ថន​
  ភាពជោគជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com