អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សេ​អ៊ូ​ល សោកស្តាយ​ដែល​តូ​ក្យូ មិន​យល់ចិត្ត​ខ្លួន​ជុំវិញ​ការប្រឈមមុខគ្នា​រវាង​នាវាចម្បាំង និង​យន្តហោះ​ល្បាត​
31, Dec 2018 , 1:35 pm        
រូបភាព
ដោយ:
រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល បាន​សម្តែង​ការខកចិត្ត​ទៅនឹង​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ជុំវិញ​ការចេញផ្សាយ​វីដេអូ​មួយ ដែល​ជប៉ុន ចាត់ទុកថា វា​ជា​សកម្មភាព​គំរាមកំហែង​របស់​កង​ល្បាត​របស់​ក្រុង​សេ​អ៊ូ​ល​លើ​ក្រុង​តូ​ក្យូ​។ ក្រុង​សេ​អ៊ូ​ល អះអាងថា ក្រុង​តូ​ក្យូ មិនគួរ​ធ្វើបែបនេះ​សោះ ដ្បិត​បញ្ហា​នេះ ភាគី​ទាំងពីរ​ក៏បាន​សម្របសម្រួល​គ្នា​ហើយ​នោះ​។​

 
​នៅ​ថ្ងៃ​២១ ធ្នូ​កន្លងទៅ រដ្ឋាភិបាល​ជប៉ុន បាន​ប្រតិកម្ម​ខ្លាំង​ទៅនឹង​រដ្ឋាភិបាល​ក្រុង​កូរ៉េខាងត្បូង បន្ទាប់ពី​នាវា​ពិឃាត​របស់​កូរ៉េខាងត្បូង​មួយគ្រឿង​បាន​បាញ់​រ៉ា​ដា​ចំ​យន្តហោះ​ល្បាត​របស់​ជប៉ុន ដែល​ហេតុការណ៍​នេះ ត្រូវបាន​រដ្ឋាភិបាល​ជ​ប៉ុន ចាត់ទុកថា ជា​សកម្មភាព​បំពាន​មួយ​មកលើ​ខ្លួន និង​ថែមទាំង​អាច​បង្ក​ឲ្យ​មានការ​ប្រឈមមុខ​លើស​ការ​ពី​រំពឹងទុក​បាន​។​
​ក្នុង​ថ្ងៃ​ដដែល​នោះ កូរ៉េខាងត្បូង ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ជំទាស់​ទៅនឹង​ការចោទប្រកាន់​របស់​ជ​ប៉ុន និង​បាន​បកស្រាយ​ថា នាវា​ល្បាត​របស់​កូរ៉េខាងត្បូង គ្មាន​ចេតនា​បាញ់​សំដៅ​រ៉ា​ដា​របស់ខ្លួន​ទៅលើ​យន្តហោះ​ល្បាត​របស់​ជប៉ុន​នោះទេ ពោលគឺ កងទ័ព​កូរ៉េខាងត្បូង គ្រាន់តែ​ចង់​ផ្តល់​សញ្ញា​ទំនាក់ទំនង​ទៅកាន់​កងទ័ព​ជប៉ុន​ក្នុង​ចម្ងាយ​១០០​គី​ឡី​ម៉ែត​ពីគ្នា​ប៉ុ​ណ្ណ៉ោះ​។ 
 
​កូរ៉េខាងត្បូង អះអាងថា នាវា​ល្បាត​របស់ខ្លួន​បំពេញបេសកកម្ម​មនុស្ស​ធម៌​នោះទេ ហើយ​កូរ៉េខាងត្បូង ក៏បាន​ធ្វើការ​ជជែក​ស​ម្រ​ប​សម្រួល​ជាមួយនឹង​ភាគី​ជប៉ុន​ដើម្បី​បញ្ចប់​ការភាន់ច្រលំ​គ្នា​រវាង​ប្រទេស​ទាំងពីរ និង​ស្វែងរក​មធ្យោបាយ​ដើម្បី​ពង្រឹង​ចំណងមិត្តភាព​វិស័យ​កងទ័ព​ទាំងពីរ​ផងដែរ​។​
 
​ក៏ប៉ុន្តែ​តាម​ការចុះផ្សាយ​របស់​ភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap ជប៉ុន នៅ​ថ្ងៃ​២៨ ធ្នូ បានចេញ​ផ្សាយ​ឃ្លី​ប​វីដេអូ​មួយរយៈ​ជាង​១០​នាទី​ស្តីពី​ហេតុការណ៍​នោះ ដោយ​ថែមទាំង​បន្ត​ចោទ​កូរ៉េខាងត្បូង ថា បាន​បំពាន​ខ្លួន​ទៀតផង​។ ការធ្វើ​បែបនេះ បាន​បង្ក​ឲ្យ​ភាគី​កូរ៉េខាងត្បូង មានការ​ខកចិត្ត​ខ្លាំង និង​មិនអាច​ទទួល​បានឡើយ​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល លោកស្រី Choi Hyun-soo អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង បានបញ្ជាក់​ជាថ្មី​ថា ជំហរ​កូរ៉េខាងត្បូង​មិនមាន​ការផ្លាស់ប្តូរ​អ្វី​ឡើយ ពោលគឺ​សកម្មភាព​របស់​នាវាច​ម្បាំ​ង​កូរ៉េខាងត្បូង​ពេលនោះ គ្មាន​ចេតនា​ប្រឆាំង​ទៅនឹង​ទាហាន​ជប៉ុន​ឡើយ​។ ខណៈ​សម្តែង​ការខកចិត្ត អ្នកស្រី​អ្នកនាំពាក្យ ក៏បាន​បញ្ជាក់​ផងដែរ​ថា វីដេអូ​ឃ្លី​ប​នេះ មិនអាច​យក​ជា​មូលដ្ឋាន​ដើម្បី​ចោទប្រកាន់​កូរ៉េខាងត្បូង​បានឡើយ ផ្ទុយទៅវិញ​វា​កាន់តែ​បង្ក​ឲ្យ​មាន​ការយល់​ខុសពី​គ្នា​នោះទេ​។​
 
​អ្នកនាំពាក្យ​រូបនេះ ក៏បាន​បន្ថែមទៀតថា កូរ៉េខាងត្បូង ទន្ទឹងរង់ចាំ​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​ក្រុង​សេ​អ៊ូ​ល និង​ក្រុង​តូ​ក្យូ​បន្ត​ទៅមុខទៀត​៕ 

Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
© រក្សាសិទ្ធិដោយ thmeythmey.com