ជាតិ
សង្គមជាតិ
អាជ្ញាធរ​៖ បោះ​ចំណី​ឲ្យ​ព្រាប​មុខ​វាំង ត្រូវ​ពិន័យ​ស្មើនឹង​ការ​ចោល​សំរាម​
31, Dec 2018 , 8:59 pm        
រូបភាព
​ក្រោយ​ស្រី្ត​ម្នាក់ ត្រូវបាន​ផាក​២​ម៉ឺន​រៀល ព្រោះ​បាន​នាំ​កូន​ទៅ​បោះ​ចំណី ឲ្យ​សត្វ​ព្រាប​នៅមុខ​ព្រះបរមរាជវាំង អាជ្ញាធរ​ខណ្ឌដូនពេញ ក៏​ចេញមក​បកស្រាយ ដើម្បី​ជៀសវាង​ការងឿងឆ្ងល់​ពី​ប្រជាពលរដ្ឋ​និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

 
​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក អាជ្ញាធរ​ខណ្ឌដូនពេញ អះអាងថា ការផាកពិន័យ​នេះ គឺជា​ការ​អនុវត្តតាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ស្ដីពី ការគ្រប់គ្រង​សំរាម​និង​សំណល់​រឹង​ទីប្រជុំជន​។ យោងតាម​ខ្លឹមសារ​នៃ​អនុក្រឹត្យ​នេះ អាជ្ញាធរ​ខណ្ឌដូនពេញ បានចាត់ទុក ការបោះ​ចំណី​ឲ្យ​សត្វ​ព្រាប​នៅមុខ​ព្រះបរមរាជវាំង ថា​ដូច​ជាការ​ចោល​សំរាម​ដែរ​។ 
 
​អាជ្ញាធរ​ខណ្ឌដូនពេញ បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«​បុគ្គល​ដែល​បោះចោល​សំរាម សំណល់​រឹង នៅ​ទីប្រជុំជន នៅ​ទីសាធារណៈ តាម​ដងផ្លូវ ទីវាល​ដី​កម្មសិទ្ធិ ឬ​ទីកន្លែង ដែល​រដ្ឋបាល​រាជធានី ក្រុង ស្រុក ខណ្ឌ ហាមឃាត់ ត្រូវ​ទទួល​ការផាកពិន័យ​២​ម៉ឺន​រៀល​...»​។ 
 
​អាជ្ញាធរ​ខណ្ឌដូនពេញ អះអាងថា បាននិងកំពុង​អនុវត្ត​ច្បាប់ ដោយ​ផាកពិន័យ​ចំពោះ​ជន​ណា​ដែល​មិន​គោរព​តាម​ការណែនាំ​របស់​អាជ្ញា​ធរ ហើយ​ក្នុងករណី​មានការ​រឹងរូស មិន​គោរព​តាម​ការណែនាំ អា​ជ្ញ​ធរ នឹង​អនុវត្ត​វិធានការ​ច្បាប់​ដោយ​មិន​លើកលែង​ឡើយ​៕ 
 

Tag:
 ​រាជវាំង​
  ព្រាប​
  ពិន័យ​
  អាជ្ញាធរ​ដូនពេញ
© រក្សាសិទ្ធិដោយ thmeythmey.com