ជាតិ
កម្ពុជា​នាំចូល​ភាពយន្ត​បរទេស​ប្រមាណ ២៥០ រឿង នៅក្នុង​ឆ្នាំ​២០១៨
01, Jan 2019 , 9:49 am        
រូបភាព
លោក ព្រំ សិលា ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា (រូបពីហ្វេសប៊ុក)
លោក ព្រំ សិលា ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា (រូបពីហ្វេសប៊ុក)
​ភ្នំពេញ​៖ ភាពយន្ត​បរទេស​ដែល​បាន​នាំ​ចូលមក​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​នេះ មាន​ភាពយន្ត​ខ្នាត​ធំ​(​ភាពយន្ត​ដុំ​) ប្រមាណ​ជិត​២០០​រឿង និង​ភាពយន្ត​ភាគ​ប្រមាណ​៥០​រឿង​។ នេះ​ជាការ​ប៉ាន់ស្មាន​របស់លោក ព្រំ សិលា ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា​។​


 
​លោក ព្រំ សិលា បាន​បញ្ជាក់ថា លោក​មិនអាច​កំណត់​ចំនួន​ភាពយន្ត​សរុប​ដែល​នាំ​ចូលមក​កម្ពុជា​ឱ្យ​ច្បាស់​ឡើយ​។ លោក​គ្រាន់តែ​អាច​ប៉ាន់​ស្មានថា​ភាពយន្ត​ខ្នាត​ធំ មាន​ប្រមាណ​២០០​រឿង​។ ចំណែក​ភាពយន្ត​ភាគ​ប្រហែល​៥០​រឿង ដែលមាន​បញ្ចាំង​នៅតាម​ស្ថានីយទូរទស្សន៍​មួយចំនួន​។​
 
​ប្រធាន​សមាគម​ភាពយន្ត​រូបនេះ​បន្ថែមថា កម្ពុជា​នាំចូល​ភាពយន្តបរទេស​ច្រើន ព្រោះតែ​ភាពយន្ត​ក្នុងស្រុក​ផ្គត់ផ្គង់​តម្រូវការ​មិនទាន់ ម្យ៉ាង​គុណភាព​ក៏​នៅមានកម្រិត​។ លោក ព្រំ សិលា លើកឡើង​ដូច្នេះ​ថា​៖«​ភាពយន្ត​ខ្មែរ​ពីមុន ក៏មាន​គុណភាព​ដែរ តែដោយសារ​សង្គ្រាម ដែល​ធ្វើ​ឲ្យ​យើង​ដើរ​ក្រោយ​គេ​។ ធនធានមនុស្ស​របស់​យើង​លើ​វិស័យនេះ​នៅមានកម្រិត ដូចនេះ​យើង​ក៏​មិនអាច​បន្ទោស​បានដែរ​»​។ 
 
​លោក ព្រំ សិលា ថា​ការ​នាំចូល​ភាពយន្ត​ពី​បរទេស​មាន​ទាំង​ផល​វិជ្ជមាន និង​ផល​អវិជ្ជមាន​។ វិជ្ជមាន​នៅត្រង់​ចំណាយ​តិច​អាច​ចំណេញ​ច្រើន មិន​បារម្ភ​ពី​ហានិភ័យ​ផ្សេងៗ​។ ចំណែក​ផល​អវិជ្ជមាន គឺ​ផលិតភាព​ក្នុងស្រុក​ធ្លាក់ចុះ អ្នកធ្វើការ​ក្នុង​វិស័យនេះ រួមទាំង​សេដ្ឋកិច្ច​ក្នុងស្រុក​មិនមាន​ចំណូល​។ លោក សិលា ក៏​មិនអាច​សន្និដ្ឋានបានថា តើ​កម្ពុជា​ខាតបង់​ថវិកា​លើ​ការនាំ​ចូល​ភាគ​យន្ត​បរទេស​នេះ ចំនួន​ប៉ុន្មាន​ក្នុង​មួយឆ្នាំ​នោះទេ​?
 
​លោក សិលា បានបញ្ជាក់​ដូច្នេះ​ថា​«​ការ​នាំចូល​ភាពយន្ត​បរទេស​មិនមែន​សុទ្ធតែ​ល្អ​ឬ​អាក្រក់​ទេ​។ ចំណុច​ល្អ អ្នក​នាំចូល​គាត់​អាច​ចំណាយ​តិច តែ​ចំណេញ​ច្រើន ហើយ​ហានិភ័យ​ខ្លាច​ខាត​អ្វី​ផ្សេងៗ​នោះ​ក៏​មិន​បារម្ភ​។ តែបើ​គិតពី​ផល​អវិជ្ជមាន​វិញ យើង​បាត់ចង់​ចំណូល​ផ្នែក​សេដ្ឋកិច្ច​។ អ្នកធ្វើការ​លើ​វិស័យនេះ​រាប់​តាំងពី​អ្នកបច្ចេកទេស តួអង្គ រហូតដល់​អ្នក​នៅ​មូលដ្ឋាន ដែល​គាត់​អាច​ទទួលផល​ពី​ការថត​ភាពយន្ត គាត់​បែរជា​មិនបាន ហើយក៏​ខាត​វិស័យ​ទេសចរណ៍​ផង​»​។ 
 
​ដើម្បីឱ្យ​ភាពយន្ត​កម្ពុ​ជាមាន​គុណភាព និង​អាច​ប្រកួតប្រជែង​ជាមួយ​ភាពយន្ត​បរទេស​បាន ទាល់តែ​កម្ពុ​ជាមាន​សាលាបង្រៀន​លើ​វិស័យ​ភាពយន្ត ដើម្បី​បណ្ដុះបណ្ដាល​ជំនាញ​នេះ​ឱ្យបាន​ច្បាស់លាស់​។ ដំណោះស្រាយ​មួយទៀត កម្ពុជា​គួរតែ​សហការ​ផលិត​ភាពយន្ត​ជាមួយ​ផលិតករ​បរទេស​ដែលមាន​បទពិសោធន៍ ដើម្បី​ផលិតករ​ខ្មែរ​សិក្សា​បច្ចេកទេស​បន្ថែម​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា​។​
 
​លោក ព្រំ សិលា បញ្ជាក់បន្ថែម ៖«​នៅ​កម្ពុជា​យើង​មិនទាន់មាន​សាលាបង្រៀន​ពី​វិស័យ​ផលិត​ភាពយន្ត​នៅឡើយ​ទេ​។ ផលិត​ភាពយន្ត​មិនមែន​គ្រាន់តែ​ចេះ​ដឹកនាំ​រឿង ឬ​ថត នោះទេ គ្រប់ផ្នែក​ទាំងអស់​ឱ្យតែ​ទាក់ទង​នឹង​ភាពយន្ត​។ យើង​គួរតែមាន​សាលា​បែបនេះ​។ មួយទៀត​យើង​គួរតែ​សហការ​ផលិត​ភាពយន្ត​ជាមួយ​ផលិតករ​បរទេស​ដែលមាន​បទពិសោធន៍ ដើម្បី​យើង​អាច​រៀនសូត្រ​ពី​គេ​។ ឬក៏​យើង​អាច​យក​គ្រូ​ពី​គេ​មក​បង្រៀន​ផលិតករ​ខ្មែរ​យើង​»៕
 

Tag:
 ភាពយន្ត​
  សិល្បៈ​
  ព្រំ សិលា​
© រក្សាសិទ្ធិដោយ thmeythmey.com