កីឡាអន្តរជាតិ
អន្តរជាតិ
Floyd បាន៩លានដុល្លារ ក្រោយប្រើពេល១៤០វិនាទីបំបាក់កីឡាករជប៉ុន Nasukawa
× Floyd Mayweather ប្រើប្រាស់រយៈពេលតែ១៤០វិនាទីប៉ុណ្ណោះក្នុងការផ្តួលកីឡាករសេរីជប៉ុន Tenshin Nasukawa នាការប្រកួតមិត្តភាពមួយ នៅក្រុងតូក្យូ ប្រទេសជប៉ុន កាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ។ ចំពោះការប្រកួតនេះ Floyd បានអះអាងខ្លួនទទួលបានចំណូល៩លានដុល្លារអាមេរិក សម្រាប់វត្តមាន៩នាទីនៅសង្វៀន។
អ្នកប្រដាល់សកលអាជីពដ៏ល្បីល្បាញរបស់អាមេរិក Floyd Mayweather អាយុ៤១ឆ្នាំ បានប្រើពេលតែជាង២នាទី ដើម្បីបំបាក់អំនួតកីឡាករវ័យក្មេងរបស់ជប៉ុន Tenshin Nasukawa នាការប្រកួតមិត្តភាព។ អ្នកប្រដាល់រហស្សនាម«ក្មេងប្រុសនិនចា»ជនជាតិជប៉ុនរូបនេះ ស្រក់ទឹកភ្នែកបន្ទាប់ពីក្រុមការងាររបស់គេបោះកន្សែងសុំចុះចាញ់ ក្រោយ Floyd Mayweather វាយឲ្យរូបគេដួល៣លើកក្នុងទឹកទី១។
មុនការប្រកួតមកដល់កីឡាករជប៉ុនវ័យ២០ឆ្នាំខាងលើបាននិយាយថា រូបគេនឹងបង្កើតការភ្ញាក់ផ្អើលជូនទស្សនិកជន តាមរយៈការប្រើទេពកោសល្យប្រដាល់សេរីរបស់ខ្លួន ផ្តួលកីឡាករ Floyd Mayweather។ ប៉ុន្តែអ្វីៗផ្ទុយពីគ្រោងទុករបស់គេ បន្ទាប់ពីអ្នកប្រដាល់ជើងចាស់រូបនេះធ្វើឲ្យអ្នកប្រដាល់សេរីអាជីពរូបនេះ ស្គាល់បរាជ័យជាលើកដំបូងក្នុងចំណោម២៨ប្រកួត។
ជ័យជម្នះនេះជួយឲ្យអ្នកប្រដាល់សកលអាជីពរបស់អាមេរិក Floyd Mayweather វ័យ៤១ឆ្នាំ អាចរក្សាកំណត់ត្រាមិនស្គាល់ចាញ់។ Floyd ធ្លាប់ប្រកួត៥០លើករួចមកហើយ ដោយទទួលជ័យជម្នះទាំង៥០លើក។ ចំណែកកីឡាករជប៉ុនខាងលើមានប្រវត្តិប្រកួត២៨លើក ដោយឈ្នះទាំង២៨លើកដូចគ្នា។
សម្រាប់ការប្រកួតដែលរៀបចំនៅទីក្រុងតូក្យូប្រទេសជប៉ុនកាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ Floyd បានប្រើកណ្តាប់ដៃវាយ Tenshin ឲ្យអាជ្ញាកណ្តាលរាប់ម្តងត្រឹម១នាទីដំបូងនៃទឹកទី១។ បន្ទាប់មក Tenshin ត្រូវអាជ្ញាកណ្តាលរាប់ម្តងទៀតនៅ៧៦វិនាទីបន្ទាប់ មុនក្រុមការងាររបស់ Tenshin បានបោះកន្សែងសុំចុះចាញ់នៅ៦៧វិនាទីបន្ទាប់ ក្រោយ Floyd វាយឲ្យគេដួលជាលើកទី៣ក្នុងទឹកនេះ។
តាមពិតជំនួបរវាងពួកគេទាំងពីរគ្រោងរៀបចំតាំងពីដើមខែវិច្ឆិកា ឆ្នាំ២០១៨ មកម្ល៉េះ តែត្រូវបានលុបចោលវិញ ក្រោយកីឡាករ Floyd Mayweather មិនឯកភាពលើលក្ខខណ្ឌនៃការប្រកួត៕
Tag:
Floyed Mayweather
ប្រដាល់សកល
© រក្សាសិទ្ធិដោយ thmeythmey.com