ជាតិ
ខេត្តព្រះសីហនុ ទទួលភ្ញៀវទេសចរ២២ម៉ឺននាក់ ខណៈភ្ញៀវជាតិនៅតែបន្តធ្លាក់ចុះ នៅថ្ងៃឆ្លងឆ្នាំ រូបពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
× ភ្នំពេញ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ២២ម៉ឺននាក់ បានទៅលេងខេត្តព្រះសីហនុក្នុងឱកាសថ្ងៃឆ្លងឆ្នាំ២០១៩នេះ។ ប៉ុន្តែចំនួនភ្ញៀវជាតិនៅតែធ្លាក់ចុះ បើធៀបទៅឆ្នាំមុនៗ ។ នេះបើយោងតាមប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។
លោក តាំង សុចិត្តគ្រឹស្នា បាននិយាយថា ភ្ញៀវទេសចរទាំង២២ម៉ឺននាក់នេះ មានចំនួនភ្ញៀវទេសចរបរទេស៥០ភាគរយ។ ដ្បិតចំនួនភ្ញៀវទេសចរជាតិ និងបរទេស ប្រហាក់ប្រហែលគ្នាក្តី ប៉ុន្តែអត្រាភ្ញៀវទេសចរជាតិ ដែលសម្រុកទៅលេងកម្សាន្តនៅថ្ងៃឆ្លងឆ្នាំនេះ នៅតែមានចំនួនតិចជាងឆ្នាំមុន។ នេះបើតាមលោក សុចិត្តគ្រឹស្នា។
ប្រធានមន្ទីរទេសចរណ៍រូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ យ៉ាងដូច្នេះថា៖« បើគិតក្នុងរយៈពេល៣ថ្ងៃនេះ មានភ្ញៀវជាតិ និងអន្តរជាតិចន្លោះពី ២១ ទៅ២២ម៉ឺននាក់ ជាពិសេសថ្ងៃចុងក្រោយមានភ្ញៀវទេសចរមកលេងច្រើនជាងគេ។ ទេសចរអន្តរជាតិ កើនចន្លោះពី ១៥ -១៦ ភាគរយ តែភ្ញៀវទេចរជាតិវិញ នៅតែថយចុះបើប្រៀបធៀបទៅឆ្នាំកន្លងមក។ ប៉ុន្តែ(ចំនួនភ្ញៀវទេសចរជាតិ)មានការកើនឡើងវិញ បើធៀបនៅនឹងបុណ្យ (អំទូក) ក្នុងឆ្នាំ២០១៨ ដូចគ្នានេះ វាមានការកើនឡើងវិញ ដោយសារយើងមើលឃើញថាវាថយជាង២០ភាគរយ តែឥឡូវថយតិចជាងមុន។ នេះបើតាមការសង្កេតក្នុងឱកាសឆ្លងឆ្នាំនេះ »។
មន្ទីរទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដោយដាក់តង់ជួលចំនួន៣០០ នៅចុងឆ្នេរអូឈើទាលឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ សម្រាកក្នុងថ្ងៃឆ្លងឆ្នាំ ។ បើតាមលោក គ្រឹស្នា តងទាំង៣០០នេះ ត្រូវបានភ្ញៀវទេសចរជួលទាំងអស់ ហើយចំណូលពីការជួលតង់ ត្រូវបានចំណាយទៅលើសន្តិសុខការពារ ភ្លើងបំភ្លឺជុំវិញកន្លែងបោះតង់ បន្ទប់ទឹក បណ្ដាញទឹកស្អាតសម្រាប់ប្រជាពលរដ្ឋជាដើម។
«យើងមានការរក្សារសន្តិសុខជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានយ៉ាងល្អ ។ហើយចំពោះតម្លៃផ្ទះសំណាក់ និងម្ហូបអាហារ មានការឡើងថ្លៃដែរ ប៉ុន្តែមិនថ្លៃហួសហេតុទេ។ ផ្ទះសំណាក់ក្នុងថ្ងៃធម្មតាមានតម្លៃ ចន្លោះពី២០ ទៅ៣៥ ដុល្លារ ដល់ពេលថ្ងៃបុណ្យទានគាត់ឡើង៥ដុល្លារ»។ នេះជាការបញ្ជាក់របស់ប្រធានមន្ទីរទេសចរខេត្ត ដែលបានអំពាវនាវឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ ទៅលេងកម្សាន្តខេត្តព្រះសីហនុ ឲ្យបានច្រើនដូចឆ្នាំមុនៗ ដោយកុំមានការបារម្ភ ខណៈដែលអាជ្ញាធរបានចុះរៀបចំ និងដោះស្រាយបញ្ហានានារួចរាល់អស់ហើយ៕
Tag:
តាំង សុចិត្តគ្រឹស្នា
ទេសចរ
ខេត្តព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com