ជាតិ
សង្គមជាតិ
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចម្រើន​ព្រះជន្ម​៧៥​វស្សា​
02, Jan 2019 , 9:49 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ជា​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ​ដែលមាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី ចម្រើន​ព្រះជន្ម​៧៥​វស្សា នា​ថ្ងៃទី​២ ខែមករា នេះ ស្រប​ពេលដែល​ព្រះអង្គ​នៅ​គង់​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ​នៅឡើយ​។​

 
​ថ្ងៃទី​២ ខែមករា​នេះ គឺជា​ថ្ងៃ​ចម្រើន​ព្រះជន្ម​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​។ សម្តេច ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​សមាគមជាតិ​កាកបាទក្រហមកម្ពុជា បាន​ផ្ញើលិខិត​ថ្វាយព្រះពរ​សម្តេចក្រុមព្រះ និង បួងសួង​ឲ្យ​ព្រះអង្គ ឆាប់​ជាសះស្បើយ ខណៈ ព្រះអង្គ កំពុង​គង់នៅ​ក្រៅប្រទេស ដើម្បី​បន្ត​ព្យាបាល​ព្រះកាយ​។  
 
​សម្តេច ប៊ុន រ៉ានី បាន​សរសេរ​ក្នុង​លិខិត​ថ្វាយព្រះពរ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំម្ចាស់ សូម​ថ្លែង​អភិវន្ទ​ថ្វាយ​សម្តេចក្រុមព្រះ ដែល​បាន​ខិតខំ​យក​អស់​ព្រះកាយពល ព្រះ​បញ្ញាញាណ​និង​បទពិសោធ ប្រកបដោយ​ឆន្ទៈ មនសិការ​ស្នេហា​ជាតិ ព្រះរាជ​បល្ល័ង្ក​និង​ប្រជារាស្ត្រ រួមចំណែក​ពង្រឹង​នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ រួមចំណែក​ស្តារ​និង​អភិវឌ្ឍ​ជាតិ​មាតុភូមិ ឲ្យ​រីកចម្រើន ក្នុង​សុខសន្តិភាព និង​ស្ថិរភាព ក្រោម​ម្លប់​ព្រះមហាក្សត្រ​»​។ 
 
​លោក ណុប សុធា​រិ​ទ្ធ អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ប្រាប់​សារព័ត៌មាន ThmeyThmey តាម​ទូរ​សព្ទ​ថា ដោយសារតែ​ព្រះអង្គ មិន​គង់នៅ​ក្នុងប្រទេស សមាជិក​-​សមាជិកា ពុំបាន​រៀបចំ​ពិធី​សម្រាប់​ថ្ងៃ​ចម្រើន​ព្រះជន្ម​ព្រះអង្គ​ទេ​។ លោក លើកឡើង​ថា សមាជិក​-​សមាជិក បាន​ត្រឹម​សរសេរ​លិខិត​ថ្វាយព្រះពរ​ប៉ុណ្ណោះ​។ 
 
​អ្នកនាំពាក្យ​រូបនេះ អះអាងថា បច្ចុប្បន្ន ព្រះអង្គ បាន​ធូរស្បើយ​ពី​ជំងឺ​ច្រើន​ហើយ​។ លោក បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ឥឡូវ ព្រះអង្គ អាច​យាង​បាន​ហើយ​។ យើង សង្ឃឹមថា ព្រះអង្គ នឹង​យាង​មក​មាតុភូមិ​វិញ នៅពេល​ខាងមុខ​»​។ 
 
​យ៉ាងណាក៏ដោយ មន្ត្រី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ខាងលើ ពុំ​អាច​បញ្ជាក់​ឲ្យ​ច្បាស់​ពី​ពេលវេលា​នៃ​ការ​ការយាង​របស់​ព្រះអង្គ​ឡើយ ដោយ​លោក គ្រាន់តែ​និយាយថា ការយាង​ចេញពី​មន្ទីរពេទ្យ គឺ​អាស្រ័យ​លើ​គ្រូពេទ្យ ជា​អ្នកសម្រេច​។ 
 
​សូម​រម្លឹកថា ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០១៨ សម្តេចក្រុមព្រះ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បណ្តាល​ឲ្យ​អ្នក​ម្នាង​របស់​ព្រះអង្គ គឺ​អ្នក​ម្នាង អ៊ុក ផល្លា ទទួលមរណភាព៕   

Tag:
 ​សម្តេចក្រុមព្រះ​
© រក្សាសិទ្ធិដោយ thmeythmey.com