ជាតិ
រដ្ឋមន្ត្រី​ព័ត៌មាន​៖ អ្នកតូច​មិនត្រូវ​ប្រើពាក្យ«​ជូនពរ»​ទៅកាន់​អ្នក​ខ្ពស់ជាង​ខ្លួន​ទេ​
02, Jan 2019 , 11:53 am        
រូបភាព
រូបពីហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន
រូបពីហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ​ជូនពរ ដែល​សំដៅ​ទៅលើ​ភាពប្រសើរឡើង​នូវ​អ្វីៗ ដែលជា​គួរ​ប្រាថ្នា និង​ចង់បាន​នោះ កំពុង​ត្រូវបាន​មហាជន​ប្រើប្រាស់​ផ្ញើ​សារ​ឲ្យ​គ្នា​ទៅវិញទៅមក​។ ប៉ុន្តែ​ការផ្ញើ​សារ​ជូនពរ​នេះ មនុស្ស​មួយចំនួន កំពុង​ប្រើប្រាស់​ខុសពី​ក្បួន​បុរាណ​ខ្មែរ ដោយ​មិនដឹង​ខ្លួន​។ នេះ​ជាការ​លើកឡើងរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។​

 
​សម្រាប់​លោក ខៀវ កាញារីទ្ធ ការ​ជូនពរ​អ្វីមួយ គឺ​មានតែ​អ្នកមាន​ឋានៈ​ខ្ពស់​ប៉ុណ្ណោះ ដែល​អាច​ប្រើពាក្យ​នេះ​មកកាន់​អ្នកមាន​ឋានៈ​តូច​ជាង​ខ្លួន ហើយ​អ្នក​មាន​ឋានៈ​តូច មិនអាច​ប្រើប្រាស់​ពាក្យ​ជូនពរ​នេះ​បានទេ ។ បើតាម​លោក កាញារីទ្ធ អ្នកមាន​ឋានៈ​តូច គួរតែ​ប្រើប្រាស់​ពាក្យ​បួងសួង​ទៅកាន់​អ្នកមាន​ឋានៈ​ធំ​ជាង​ខ្លួន ទើប​ជា​រឿង​ត្រឹមត្រូវ​។​
 
 
«​ចង់​រំលឹក​បន្តិច​ចំពោះ​មិត្ត​យើង​ខ្លះ​ដែល​មិនបាន​ចាប់ភ្លឹក​ប្រពៃណី ឬ ពិធីការ​ខ្មែរ​។ ជាធម្មតា​ការជូន​ពរ​គឺ​ជូន​ចំពោះ​មិត្ត​ផង​គ្នា ឬ ពី​អ្នកធំ​ទៅ​អ្នកតូច តែ​អ្នកតូច​មិនត្រូវ​ជូនពរ​ទៅ​អ្នក​ខ្ពស់ជាង​ខ្លួន​ទេ ។ បើ​ចង់​ជូនពរ​ទៅ​អ្នក​ខ្ពស់ជាង​ខ្លួន ត្រូវ​បួងសួង​ទៅ​វត្ថុ​សក្តិ​សិទ្ធិ​ខ្ពស់​ឲ្យ​ប្រទាន​ពរ​វិញ ព្រោះ​«​បុណ្យ​»​យើង​មិន​គ្រប់ ។ សូមទោស តែ​នេះ​ជា​របៀប​ជូនពរ​ខ្មែរ​ពី​បោរាណានុបោរាណ​(​ពី​បុរាណ​)​មក​»​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន ដែល​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​។​
 
​រាល់ពេល​មានកម្ម​វិធី ឬ​ការឡើងតំណែង​របស់​មន្ត្រី​ថ្នាក់ដឹកនាំ នៅតាម​ក្រសួង​-​ស្ថាប័ន​នីមួយៗ គេ​តែង​សង្កេត​មន្ត្រី​ថ្នាក់ក្រោម​ប្រើពាក្យ​ជូនពរ ឬក៏​ផ្ញើលិខិត​ជូនពរ​ទៅ​មន្ត្រី​ថ្នាក់ដឹកនាំ ដែលមាន​តំណែង​ធំ​ជាង​ខ្លួន​។ 
 
​សារព័ត៌មាន​ថ្មីៗ នឹង​ផ្ដល់ព័ត៌មាន​លម្អិត​បន្ថែ​ម​ជុំវិញ​ពាក្យ​ជូនពរ ដែល​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានលើកឡើង​នេះ នៅពេល​ក្រោយ​ទៀត​៕
 
 

Tag:
 ខៀវ កាញារីទ្ធ​
  ព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com