ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រឿងរ៉ាវ​អស្ចារ្យ​ទាំងនេះ​នឹង​កើតឡើង​ចំពោះ​សុខភាព នៅពេល​អ្នក​ទទួលទាន​ជាតិ​សរសៃ​កាន់តែច្រើន​
02, Jan 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
លុះត្រាតែ​អ្នក​ទទួលទាន​បន្លែ​, ផ្លែឈើ​, គ្រាប់ពូជ និង​គ្រាប់​ធញ្ញជាតិ​ជាប្រចាំ​ទើប​អ្នក​មិន​បាត់បង់​នូវ​ជាតិ​សរសៃ​ដែល​រាងកាយ​ត្រូវការ​ដើម្បី​រក្សាបាន​នូវ​សុខភាព​ល្អប្រសើរ​។ ថា​តើ​ជាតិ​សរសៃ​មាន​សារៈសំខាន់​យ៉ាងណា​ខ្លះទៅ​? អ្នក​គួរ​ដឹង​ជាមុនសិន​ថា ជាធម្មតា​ជាតិ​សរសៃ​មាន​ពីរ​ប្រភេទ គឺ​ជាតិ​សរសៃ​រលាយ​ដែល​ភាគច្រើន​មាន​ផ្ទុក​ក្នុង​គ្រាប់​ធញ្ញជាតិ​, សណ្ដែក​, ប្ល៊ូ​បឺ​រី និង​ត្រសក់​។ រីឯ​មួយ​ប្រភេទ​ទៀត គឺ​ជាតិ​សរសៃ​មិន​រលាយ​ដែលមាន​ផ្ទុក​ក្នុង​បន្លែ​បៃតង​, បន្លែ​ភ្លៅកង្កែប​, សណ្ដែកខៀវ និង​ការ៉ុត​។


​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​អាហារ​មាន​ផ្ទុក​ជាតិ​សរសៃ ៖
 
១. សុខភាព​បេះដូង 
 
​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ធ្លាក់ចុះ​ដល់​ទៅ ៩ ភាគរយ ក្នុង ៧ ក្រាម​នៃ​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​ជាតិ​សរសៃ​ជាប្រចាំ​។ នោះ​ក៏​ព្រោះតែ​ជាតិ​សរសៃ​មាន​ប្រសិទ្ធិភាព​កាត់បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។​
 
២. គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​
 
​ជាតិ​សរសៃ​រលាយ​អាចជួយ​ពន្យឺតការ​ស្រូប​យកជាតិ​ស្ករ​របស់​រាងកាយ ហើយក៏​ជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ផងដែរ​។​
 
៣. សុខភាព​ខួរក្បាល​
 
​ការបន្ថែម​ជាតិ​សរសៃ​ត្រឹមតែ ៧ ក្រាម​ចូលក្នុង​របប​អាហារ​ប្រចាំថ្ងៃ​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​យ៉ាងហោចណាស់ ៧ ភាគរយ​ឯណោះ​។​
 
៤. ព្យាបាល និង​ទប់ស្កាត់​អាកា​រៈ​ទល់លាមក​
 
​ជាតិ​សរសៃ​មាន​ប្រសិទ្ធិភាព​ជួយ​សម្រួល​ដល់​ការរំលាយ​អាហារ និង​បន្ទន់​លាមក ក៏ដូចជា​កាកសំណល់​ឱ្យ​ឆ្លងកាត់​ប្រព័ន្ធ​រំលាយ​អាហារ​បាន​ឆាប់រហ័ស​។​
 
៥. សុខភាព​សួត​
 
​ជាតិ​សរសៃ Dietary fiber ជួយ​បំបាត់​ការ​រលាក​តាម​ប្រព័ន្ធ​ក្នុង​រាងកាយ និង​ថែមទាំង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ​បង្កឡើង​ដោយ​ការ​រលាក រួមទាំង​ជំងឺ​ស្ទះផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ ផងដែរ​។​
 
៦. សុខភាព​តម្រងនោម​
 
​ការទទួល​ទាន​ជាតិ​សរសៃ​ច្រើនជាង ២១ ក្រាម​ជាប្រចាំ​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​បាន​ដល់​ទៅ ២២ ភាគរយ​។​
 
៧. សុខភាព​ពោះវៀន
 
​ការបន្ថែម​ជាតិ​សរសៃ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​អាចជួយ​គ្រប់គ្រង​តុល្យភាព​នៃ​បាក់តេរី​សុខ​ភាពល្អ​សម្រួល​ដល់​ដំណើរការ​នៃ​ការរំលាយ​អាហារ​។​
 
៨. ជួយ​ឱ្យ​ស្រក​ទម្ងន់​
 
​អ្នក​ដែល​បង្កើន​ជាតិ​សរសៃ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ដល់​ទៅ ៣០ ក្រាម ឬ​ច្រើនជាង​នេះ គឺអាច​ស្រក​ទម្ងន់​បាន​ដូច​ទៅនឹង​អ្នក​ដែល​តម​អាហារ​ដែរ​។​
 
៩. សុខភាព​ស្បែក​
 
​ជាតិ​សរសៃ​ជួយ​កម្ចាត់រោគ​ផ្សិត​ចេញពី​រាងកាយ​ដែល​ធ្វើឱ្យ​ស្បែក​ជៀស​ផុតពី​បញ្ហា​កន្ទួល​រមាស់​,​ឡើង​រោល​ក្រហម ឬ​រោគ​មុន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com