អន្តរជាតិ
«ដូណាល់ ត្រាំ ប្រេ​ស៊ី​ល» លោក បុល​សូ​ណា​រ៉ូ ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​
02, Jan 2019 , 2:24 pm        
រូបភាព
ប្រធានាធិបតីថ្មីរបស់ប្រស៊ីល ជែរ បុលសូណារ៉ូ និងភរិយាស្ថិតក្នុងក្បួនរថយន្តឆ្ពោះទៅពិធីស្បថចូលកាន់តំណែងថ្ងៃអង្គារទី ១មករាឆ្នាំ ២០១៩ (AFP)
ប្រធានាធិបតីថ្មីរបស់ប្រស៊ីល ជែរ បុលសូណារ៉ូ និងភរិយាស្ថិតក្នុងក្បួនរថយន្តឆ្ពោះទៅពិធីស្បថចូលកាន់តំណែងថ្ងៃអង្គារទី ១មករាឆ្នាំ ២០១៩ (AFP)
​អ្នកនយោបាយ​ដែល​តាំងខ្លួន​ជា​អ្នកការពារ​ប្រយោជន៍​ប្រជាជន​ប្រេ​ស៊ី​ល ជែ​រ បុល​សូ​ណា​រ៉ូ (Jair Bolsonaro) បាន​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​ជា​ប្រធានាធិបតី​ហើយ​នៅ​ថ្ងៃ​អង្គារ​ទី ១​ខែមករា​ឆ្នាំ ២០១៩​។ លោក បុល​សូ​ណា​រ៉ូ ដែលជា​អ្នកនយោបាយ​ស្តាំនិយម​ជ្រុល​ដំបូង​គេ​ដែល​កាន់តំណែង​ប្រធានាធិបតី​ក្រោយ​របប​ដឹកនាំ​យោធា​ឆ្នាំ ១៩៦៤​ដល់​ឆ្នាំ ១៩៨៥ សន្យា​កម្ចាត់​ពុករលួយ បទឧក្រិដ្ឋ និង​ប្រឆាំង​មនោគមន៍វិជ្ជា​ឆ្វេងនិយម​។


 
​ជិះ​លើ​រថយន្ត Roll Roy គ្មាន​ដំបូល​ដែល​បើក​យឺតៗ នៅ​ថ្ងៃ​អង្គារ ឆ្លងកាត់​តាម​វិថី​មួយ​ក្នុង​រដ្ឋធានី ប្រា​ស៊ី​លី​យ៉ា លោក បុល​សូ​ណា​រ៉ូ ឈរ​អមដោយ​ភរិយា​បាន​គ្រវី​ដៃ​ស្វាគមន៍​អ្នកគាំទ្រ​ខ្លួន​ច្រើន​ដេរដាស​ដែល​កំពុង​ឈរ​អម​សាទរ​លោក​នោះ​។ ក្បួន​រថយន្ត​របស់លោក គឺ​ស្ថិតក្នុង​ដំណើរ​ឆ្ពោះទៅកាន់​សភា​ដើម្បី​ចូលរួម​ពិធី​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​។​
 
​ការស្បថ​ចូលកាន់​តំណែង​ជា​ប្រមុខរដ្ឋ​ថ្មី នេះ​ធ្វើឡើង​ជាង​ពីរ​ខែ បន្ទាប់ពី​លោក បុល​សូ​ណា​រ៉ូ​នៃ​បក្ស សេរីភាព​សង្គម (SLP)​បានឈ្នះ​ឆ្នោត​ភ្លូកទឹកភ្លូកដី ដោយ​ផ្តួល​បេក្ខជន​បក្ស​ពលករ ដែលជា​បក្ស​កាន់អំណាច​។ នា​ពិធី​ស្បថ​ចូលកាន់​តំណែង ប្រធានាធិបតី​ថ្មី​នៃ​មហាអំណាច​សេដ្ឋកិច្ច​លេខ​រៀង​ទី​ប្រាំបី បានប្រកាស​ជា​ធា​រណៈ​ថា ប្រេ​ស៊ី​ល​ត្រូវបាន​រំដោះ​រួច​ពី​របប​សង្គមនិយម និង ត្រឹមត្រូវ​ផ្នែក​នយោបាយ (political correctness) ដែល​គ្របដណ្តប់​សង្គម​ប្រេ​ស៊ី​ល​រាប់​ទសវត្ស​ន៍​មកនេះ​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់លោក បុល​សូ​ណា​រ៉ូ នេះ​គេ​ឃើញ​មាន​វត្តមាន​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ រួមជាមួយ​មេដឹកនាំ​អភិរក្ស​មួយចំនួន​ផង ដូចជា​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេន​ចា​មិន ណេ​តាន់​យ៉ា​ហ៊ូ និង​នាយករដ្ឋមន្ត្រី​ហុង​គ្រី វ៉ិ​កទ័រ អ័​របា​ន (Viktor Orban)​ផងដែរ​។​
 
​ថ្វី​មិនបាន​ចូលរួម​ផ្ទាល់​ក៏ពិតមែន លោក ដូ​ណា​ល់ ត្រាំ បាន​សរសេរ​សារ​តាម Twitter ជូនពរ និង​សាទរ​ចំពោះ​មេដឹកនាំ​ប្រេ​ស៊ី​ល​ថ្មី​នឹងត្រូវ​កាច់ចង្កូត​ដឹកនាំ​ប្រទេស​បួន​ឆ្នាំ​ទៅមុខ បើសិនជា​គ្មានអ្វី​ប្រែប្រួល​។ មេដឹកនាំ​ទាំងពីរ​មាន​និន្នាការ​និង​គោលជំហរ​ប្រហាក់ប្រហែល​គ្នាច្រើន ហើយ​រំពឹងថា មហាអំណាច​សេដ្ឋកិច្ច​ទីមួយ និង​ទី​ប្រាំបី​នេះ​នឹង​ត្របាញ់​ចូលគ្នា​ខ្លាំង​ក្នុង​ចាប់ពី​អំណឹះ​នេះ​តទៅ​ផង​។ 
 
​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ថា លោក បុល​សូ​ណា​រ៉ូ បច្ចុប្បន្ន​មាន​វ័យ ៦៣​ឆ្នាំ ហើយ​បានទទួល​ការគាំទ្រ​ខ្លាំង​ពី​ពលរដ្ឋ​ប្រេ​ស៊ី​ល​។ បើតាម​របាយការណ៍​ស្ទង់​មតិ ពលរដ្ឋ​ប្រេ​ស៊ី ៦៥ ភាគរយ ជឿជាក់ថា រដ្ឋបាល​ថ្មី​របស់លោក បុល​សូ​ណា​រ៉ូ នឹង​ដឹកនាំ​បានល្អ​ខ្លាំង​ផង​។ 
 
​មុន​ក្លាយជា​ប្រធានាធិបតី លោក បុល​សូ​ណា​រ៉ូ​ធ្លាប់​បំពេញការងារ​ជា​មន្ត្រី​យោធា​មាន​ឋានន្តរសក្តិ​ស្មើនឹង​អនុសេនីយ៍ឯក​។ លោក​ឈាន​ជើង​ចូល​នយោបាយ​ឆ្នាំ ១៩៨៨ ដោយ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​គ្រឹ​ស្ត (Christian Democratic Party)​។ ដល់​ឆ្នាំ ១៩៩០ លោក​បាន​ជាប់ឆ្នោត​ជា​សមាជិកសភា​ជាន់​ទាប់​ជា​ផ្លូវការ ហើយ​បន្ត​ជាប់ឆ្នោត​ជាប់ៗ​គ្នា​ប្រាំមួយ​អាណត្តិ​ឯណោះ មុននឹង​ឈាន​ជើង​ចូល​ប្រជែង​តំណែង​ប្រធានាធិបតី​ឆ្នាំ ២០១៧​នេះ​។ ក្នុង​អាជីព​នយោបាយ បុល​សូ​ណា​រ៉ូ​ក្លាយជា​អ្នកនយោបាយ​មាន​និន្នាការ​និន្នាការ​ស្តាំនិយម​ជ្រុល និង​ប្រើប្រាស់​គោលនយោបាយ​ប្រជា​ឧបាយ​ដោយ​តាំងខ្លួន​ជា​អ្នកការពារ​ប្រយោជន៍​ប្រជាជន​ប្រេ​ស៊ី​ល​ផង​។ 
 
​មាន​ផ្នត់គំនិត​បែប​អភិរក្ស អ្នកនយោបាយ​រូបនេះ​ជា​អ្នកប្រឆាំង​ការស្រលាញ់​ភេទ​ដូចគ្នា ប្រឆាំង​ការ​រំលូតកូន  ប្រឆាំង​ពុករលួយ និង​ឧក្រិដ្ឋកម្ម ដែល​លោក​ចាត់ទុកថា កើតចេញពី​ប្រព័ន្ធ​សង្គមនិយម​។ រឿង​នយោបាយ​ការបរទេស លោក បុល​សូ​ណា​រ៉ូ មាន​ទិន្នាការ​រណប​អាមេរិក និង​អ៊ីស្រាអែល ហើយ​លោក​ក៏​តាំងខ្លួន​ជា​អ្នកប្រឆាំង​រដ្ឋ​ដែល​កាន់​របប​ដឹកនាំ​សង្គមនិយម​នៅ​អាមេរិក​ឡាទីន​ដូចជា​វេ​ណេ​ស៊ុយ​អេ​ឡា និង​គុយបា​ដែរ​។​
 
​តាមពិតទៅ ជ័យជម្នះ​របស់លោក បុល​សូ​ណា​រ៉ូ ជា​រឿង​ដែល​អាច​យល់បាន ដោយសារ​ពលរដ្ឋ​ប្រេ​ស៊ី​ល​ធុញទ្រាន់​នឹង​គណបក្ស​ពលករ​ដែលជា​កាន់អំណាច​ដែល​អសមត្ថភាព និង​ហ៊ុមព័ទ្ធ​ដោយ​រឿងអាស្រូវ​ពុករលួយ​រាប់​ជំពូក​។ លោក​ចំណាយ​ពេលវេលា​ភាគច្រើន​វាយប្រហារ​មេដឹកនាំ​មុនៗ​ក្នុងការ​ឃោសនា ហើយ​ប្រើ​វោហារ​នយោបាយ​មាន​លក្ខណៈ​ប្រជា​ឧបាយ (Populist rhetoric) ដើម្បី​ទាក់ចិត្ត​អ្នកគាំទ្រ​ផង​។ 
 
 ក្រោម​ការដឹកនាំ​របស់​គណបក្ស​ពលករ ប្រេ​ស៊ី​ល​ជួប​រឿងចម្រូងចម្រាស​ច្រើន ដោយ​អតីត​ប្រធានាធិបតី​ពីរ​លោក Lula da Silva និង​លោកស្រី Dilma Rouseff សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​រឿង​ពុករលួយ​។ លោក Lula da Silva កំពុង​ជាប់ទោស​ពន្ធនាគារ​ដោយសារ​ពុករលួយ ហើយ​លោកស្រី Rousseff ក៏ត្រូវ​បាន​គេ​ដកហូត​តំណែង​ដែរ​ឆ្នាំ ២០១៦ ដោយសារ​បំពាន​បទ​ប​ញ្ញ​តិ្ត​ថវិកា និង​ពុករលួយ​ផង​។  
 
​បុល​សូ​ណា​រ៉ូ​៖ ដូ​ណា​ល់ ត្រាំ ប្រចាំ​បេ​ស៊ី​ល​
 
​ការឡើង​កាន់តំណែងរ​បស់​អ្នកនយោបាយ​ស្តាំនិយម​ជ្រុល​រូបនេះ​ជា​ប្រមុខរដ្ឋ​នាំមក​នូវ​ក្តីបារម្ភ​លាយឡំ និង​ភាព​រីករាយ​ដែរ​ក្នុងចំណោម​ពលរដ្ឋ​ប្រេ​ស៊ី​ល​ជាង ២១០​លាន​នាក់​។ លោក បុល​សូ​ណា​រ៉ូ ត្រូវបាន​គេ​ចាត់ទុកជា​លោក ដូ​ណា​ល់ ត្រាំ ប្រចាំ​ប្រេ​ស៊ី​ល ហើយ​លោក​សន្យា​ប្រើ​នយោបាយ​កណ្តាប់ដៃ​ដែក​កម្ចាត់​អំពើពុករលួយ បទឧក្រិដ្ឋ និង​បោសសម្អាត​កម្អែល​សង្គម​នយោបាយ​ផង​។ លោក បុល​សូ​ណា​រ៉ូ ចង់​ឲ្យ​ប្រេ​ស៊ី​ក្លាយជា​ប្រទេស​ដែល​គ្មាន​ការ​ប្រទាញប្រទង់​មនោគមន៍វិជ្ជា​នយោបាយ​ទៀតឡើយ​។​
 
​ជំហាន​ដំបូង ដើម្បី​កម្ចាត់​ពុករលួយ​និង​ជំរុញ​ការដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច លោក បុល​សូ​ណា​រ៉ូ បានតែងតាំង ចៅក្រម​ដែល​ប្រឆាំង​ពុករលួយ​ជា​រដ្ឋមន្ត្រី​យុត្តិធម៌​ថ្មី និង​អ្នកនយោបាយ​ដែល​តស៊ូ​មតិ​ដើម្បី​ទីផ្សា​សេរី និង​បាន​រៀនសូត្រ​នៅ​សហរដ្ឋអាមេរិក​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ផង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​សម្រេច​តែងតាំង​សមាជិក​គណៈរដ្ឋមន្ត្រី ២២​រូប​ដោយ​បញ្ចូល​សមាសភាព​អតីតមន្ត្រី​យោធា​មួយ​ភាគបី​ដែរ​។​
 
​ដើម្បី​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​ក្នុងសង្គម លោក បុល​សូ​ណា​រ៉ូ ធ្លាប់​ប្រកាស​ជាមុន​ថា លោក​នឹង​ចេញ​ក្រឹត្យ​ដែល​សម្រេច​បើកផ្លូវ​ឲ្យ​មានការ​ផ្តល់​សិទ្ធិ​កាន់កាប់​អាវុធ​ដល់​ពលរដ្ឋ​ប្រេ​ស៊ី​ល​ឡើងវិញ ដូចដែល​អាមេរិក​ធ្វើ​។ អ្នកនយោបាយ​រូបនេះ​សង្កត់ធ្ងន់ថា ប្រជាជន​ណា​ល្អៗ គ្មាន​ប្រវត្តិរូប​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា អាចមាន​សិទ្ធិ​កាន់កាប់​អាវុធ​បាន ព្រោះ​ពួកគេ​រួមចំណែក​កាត់បន្ថយ​ឧក្រិដ្ឋកម្ម និង​បញ្ហា​នានា​ដែល​អាច​បង្កឡើង​ដោយ​ជន​សង្គមងងឹត​ផង​។ លោក​ក៏​ធ្លាប់​សន្យា​ផ្តល់​អភ័យឯកសិទ្ធិ​ដល់​កម្លាំងប្រដាប់អាវុធ​ដែល​ប្រើប្រាស់​អាវុធ​បាញ់សម្លាប់​ជនសង្ស័យ​ប្រព្រឹត្ត​បទល្មើស​ដែរ ប៉ុន្តែ​នៅ​ប្រេ​ស៊ី​ល វា​មាន​មនុស្ស ៥០០០​នាក់​រួចទៅហើយ​ដែល​ត្រូវ​ប៉ូលិស​សម្លាប់​។​
 
 គេ​មិនដឹង​ច្បាស់​ថា ការបើក​ទូលាយ​ឲ្យ​មនុស្ស​កាន់កាប់​អាវុធ​នេះ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​កើនឡើង​នៃ​ឧក្រិដ្ឋកម្ម និង​ករណី​ឃាតកម្ម​ច្រើនសន្ធឹក​នៅ​ប្រេ​ស៊ី​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ឬ​អត់​នោះឡើយ ប៉ុន្តែ​ពលរដ្ឋ​ប្រេ​ស៊ី​ល​លើស ៥០​ភាគរយ​ជំទាស់​វិធានការ​បែបនេះ​។ 
 
​រឿង​បញ្ហា​បរិស្ថាន បុល​សូ​ណា​រ៉ូ ជាទូទៅ មិន​គាំទ្រ​ការយក​នយោបាយ​ភ្ជាប់​ទៅនឹង​ការដោះស្រាយ​បញ្ហា​បរិស្ថាន​ជាពិសេស​រឿង​ប្រែប្រួល​អាកាសធាតុ​ដូចជា លោក ដូ​ណា​ល់ ត្រាំ​ដែរ​។ តាំងខ្លួន​ជា​អ្នកគាំទ្រ​ធុរកិច្ច និង​ទីផ្សារសេរី​ភា លោក​អះអាងថា អភិរក្ស​បរិស្ថាន​នេះ​រាំងស្ទះ​ដល់​ការរីកចម្រើន​របស់​ប្រេ​ស៊ី​ល​។​
 
​ដូច​ឃើញស្រាប់ លោក​បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រីការបរទេស​ថ្មី ដក​ប្រេ​ស៊ី​ល​ចេញពី​បេក្ខភាព​រៀបចំ​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​សម្រាប់​ឆ្នាំ ២០១៩​រួចទៅហើយ​។ 

រឿង​ដែល​អាច​កើតឡើង​នោះ​គឺ ការបញ្ជា​ដក​ប្រេ​ស៊ី​ល​ចេញពី​កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ​ក្រុងប៉ារីស​ដូច​លោក ត្រាំ ដែរ​នៅពេល​ខាងមុខ ហើយ​និន្នាការ​គាំទ្រ​ធុរកិច្ច​និង​ក្រុមហ៊ុន​ឯកជន​ជ្រុល​ពេក នឹងធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ការអភិរក្ស និង​បង្កើន​ការកាប់បំផ្លាញ​ព្រៃឈើ​នៅ​ព្រៃ​អា​ម៉ា​ហ្សូ​ន ដែល​ត្រូវគេ​ចាត់ទុកជា​ទងសួត​នៃ​ពិភពលោក​នោះ​។​
 
​ឯ​ករណី​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​វិញ តាំងពី​មុនពេល​ឡើងកាន់តំណែង លោក បុល​សូ​ណា​រ៉ូ និយាយ​ត្រង់ៗ​ថា​លោក​មិន​ពេញចិត្ត​ទេ​។ មុន​ថ្ងៃ​ស្បថ​ចូលកាន់​តំណែង ប្រជាជន​ប្រេ​ស៊ី​ល​ដែលជា​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ជាច្រើន​នាក់​បាន​ប្រញាប់ប្រញាល់​រៀបការ​ឲ្យ​ហើយ ដ្បិត​ពួកគេ​បារម្ភ​ថា មេដឹកនាំ​ថ្មី​នឹង​ចាត់វិធានការ​ទប់ស្កាត់​ផង​។ 
 
​រឿង​នយោបាយ​ការបរទេស បុល​សូ​ណា​រ៉ូ មាន​ជំហរ​ខុសពី​មេដឹកនាំ​រដ្ឋបាល​ដឹកនាំ​មុនៗ ដោយ​លម្អៀង​ទៅរក​អាមេរិក អ៊ីស្រាអែល និង​ប្រឆាំង​រាល់​រដ្ឋ​ប្រកាន់​របប​សង្គមនិយម​។  លោក​ចាត់ទុកថា គោលនយោបាយ​ការបរទេស​ដែល​អនុវត្ត​ដោយ​រដ្ឋបាល​ដឹកនាំ​មុន ជាដើម​ហេតុ​ធ្វើ​ឲ្យ​ប្រេ​ស៊ី​ល​បាត់បង់​ឥទ្ធិពល​ក្នុង​តំបន់​និង​លើ​ឆាក​អន្តរជាតិ​។ 
 
​ក្រោយ​ជាប់ឆ្នោត បុល​សូ​ណា​រ៉ូ បាន​សន្យា​ប្រើប្រាស់​គ្រប់​វិធានការ​ស្របច្បាប់​និង​តាមបែប​ប្រជាធិបតេយ្យ​ដើម្បី​ប្រឆាំងនឹង​រដ្ឋ​សង្គមនិយម​នៅ​អាមេរិក​ឡាទីន​ដូចជា​គុយបា និង​វេ​ណេ​ស៊ុយ​អេ​ឡា ហើយ​លោក​ក៏បាន​ចាត់ទុក​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ​, ប្រធានាធិបតី នី​ហ្កា​រ៉ា​កា Daniel Ortega និង​ប្រធានាធិបតី​គុយបា មី​ហ្កែ​ល ឌី​យ៉ា​ខា​ណែ​ល (Miguel Diaz-Canel) ជា​ជន​ផ្តាច់​ដែរ​។​
 
​ផ្ទុយទៅវិញ លោក បុល​សូ​ណា​រ៉ូ តែ​កោតសរសើរ​លោក ត្រាំ មិន​ដាច់​ពី​មាត់ ដោយ​លើក​ហេតុផល​ថា លោក ត្រាំ ជា​មនុស្ស​មាន​ស្មារតី​ជាតិនិយម​ខ្ពស់ តម្កល់​ប្រយោជន៍​ជាតិ​ជាធំ និង​មាន​ទំនោរ​ផ្ទុយ​ពី​ចរន្ត​សាកល​ដោយ​ដកខ្លួន​ឆ្ងាយ​ពី​ពហុភាគី​និយម​ជាដើម​។ ក្រៅពី​កិច្ចព្រមព្រៀង​អាកាសធាតុ លោក បុល​សូ​ណា​រ៉ូ ធ្លាប់​បង្ហើប​ដែរ​ថា ប្រេ​ស៊ី​ល​នឹង​ដើរ​ចេញពី​កិច្ចព្រមព្រៀង​អង្គការសហប្រជាជាតិ​ស្តីពី​ជនអន្តោប្រវេសន៍​ថែមទៀត​។​
 
​រឿង​អ៊ីស្រាអែល លោក ធ្លាប់​ប្រកាសថា ប្រេ​ស៊ី​ល​នឹង​ប្តូរ​ស្ថានទូត​ទៅ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ដូច​អាមេរិក​ដែរ​។ មេដឹកនាំ​រូបនេះ​និយាយ​ផ្គាប់ចិត្ត​មេដឹកនាំ​អ៊ីស្រាអែល​ម្តងទៀត​ក្នុង​ថ្ងៃ​ស្បថ​ចូលកាន់​តំណែង​ពី​គម្រោង​ប្តូរ​ទីតាំង​ស្ថានទូត​នេះ​។ ប៉ុន្តែ​ការប្តូរ​ស្ថានទូត​នេះ​ធ្វើឡើង​នៅពេលណា​នោះ គេ​នៅតែ​ឃើញ​ការប្រកាស់​ឲ្យ​បាន​ច្បាស់​ដដែល​៕
 

Tag:
 ​ប្រេ​ស៊ី​ល​
  ជែ​រ បុល​សូ​ណា​រ៉ូ​
© រក្សាសិទ្ធិដោយ thmeythmey.com