ជាតិ
ប្រជា​នេសាទ​ចាប់បាន​ត្រី​តូចៗ នៅក្នុង​ថ្ងៃ​ខ្នើត ចាប់បាន​ត្រី​ធំៗ នៅក្នុង​ថ្ងៃ​រនោច​
02, Jan 2019 , 8:19 pm        
រូបភាព
​ប្រជា​នេសាទ​ប្រើប្រាស់​ឧបករណ៍​មង​ទំហំ​ក្រឡា ២​សង់ទីម៉ែត្រ នៅតាម​ដង​ទន្លេសាប​។  រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
​ប្រជា​នេសាទ​ប្រើប្រាស់​ឧបករណ៍​មង​ទំហំ​ក្រឡា ២​សង់ទីម៉ែត្រ នៅតាម​ដង​ទន្លេសាប​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
ដោយ:
​ភ្នំពេញ​៖ លោក ហ៊ី សារុន និស្សិត​នៃ​សាកល​វិ​ទ្យ​ល័យ​ភ្នំពេញ ផ្នែក​អភិរក្ស​ជីវចម្រុះ បាន​ចុះ​ធ្វើ​កម្មសិក្សា ដើម្បី​បញ្ចប់​ថា្នក់​អនុបណ្ឌិត​របស់ខ្លួន​មួយ នៅតាម​ដង​ទន្លេសាប​។ កម្មសិក្សា​នេះ មាន​រយៈពេល​បី​ខែ ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០១៨ ដល់​ខែមករា ឆ្នាំ​២០១៩ លើ​ប្រធានបទ «​ការវាយតម្លៃ​ផល​ចាប់​ធនធាន​ជលផល​ទឹកសាប ដោយ​ឧបករណ៍​មង​»​។

 

​លោក ហ៊ី សារុន (​រូប​ខាង​ធ្វេ​ង​) និង​លោក ថាច់ ផា​ណា​រ៉ា (​រូប​ខាងស្តាំ​) កំពុង​ត្រួតពិនិត្យ​ប្រភេទ និង​ទម្ងន់​ត្រី ដែល​អ្នកនេសាទ​ចាប់បាន​ដោយ​ឧបករណ៍​មង​នៅតាម​ដង​ទន្លេសាប​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
 
​លោក ហ៊ី សារុន បាន​ឲ្យ​ដឹងថា «​កម្មសិក្សា​នេះ អាច​ប្រព្រឹត្តទៅបាន ដោយមាន​ការឧបត្ថម្ភ​ផ្នែក​ថវិកា ដោយ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) និង​បច្ចេកទេស ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជលផល​ទឹកសាប នៃ​រដ្ឋបាល​ជលផល​។ វត្ថុបំណង​របស់​យើង គឺ​ចង់ដឹង​អំពី​ផល​ចាប់​និង​ប្រភេទ​ត្រី​ទឹកសាប​នៅតាម​ដង​ទន្លេសាប ដែល​ចាប់បាន​ដោយ​ឧបករណ៍​មង​»​។ 
 
​ការសិក្សា​នេះ ត្រូវបាន​បែងចែក​ជា​ពី​រយៈពេល ក្នុង​មួយខែ គឺ​ថ្ងៃ​ខ្នើត និង​ថ្ងៃ​រនោច «​ថ្ងៃ​មាន​ពន្លឺ​ព្រះ​ចន្ទ និង​គ្មាន​ពន្លឺ​ព្រះ​ចន្ទ​»​។ ថ្ងៃ​ខ្នើត គិត​ចាប់ពី​ថ្ងៃទី​៦ ដល់​១៤​កើត ជា​ថ្ងៃ​មាន​ពន្លឺ​ព្រះ​ចន្ទ ដែល​ប្រជា​នេសាទ​ចាប់បាន​ត្រី​ច្រើន​។ ថ្ងៃ​រនោច ជា​ថ្ងៃ​ពុំមាន​ពន្លឺ​ព្រះ​ចន្ទ ពុំ​សូវ​មាន​ត្រី មាន​រយៈពេល​វែង​ជាង​ថ្ងៃ​ខ្នើត​។ លទ្ធផល​បឋម យើង​សង្កេតឃើញថា ក្នុង​ថ្ងៃ​ខ្នើត ប្រជា​នេសាទ​ប្រមាណ​៩៩% នៃ​ប្រជា​នេសាទ​សរុប បាន​ប្រើប្រាស់​ឧបករណ៍​មង ដែលមាន​ទំហំ​ក្រឡា ២ ទៅ ៣.៥ សង់ទីម៉ែត្រ ប្រវែង​ពី ១០០ ទៅ ៣០០​ម៉ែត្រ និង​កម្ពស់ ១.៨ ទៅ ៥​ម៉ែត្រ​។ 
 
​ក្នុងចំណោម​ទំហំ​ក្រឡាមង​ទាំងអស់ ផល​ចាប់​ត្រី​ដោយ​មង​ទំហំ​ក្រឡា ២​សង់ទីម៉ែត្រ បាន​ច្រើនជាងគេ​។ ជាធ​ម្យ​ម រយៈពេល ២​ម៉ោង លើក​មង​ម្តង ប្រជា​នេសាទ​អាច​ចាប់​ត្រី​បាន​ពី ២០​គីឡូក្រាម ទៅ​៣៥​គីឡូក្រាម​។ ក្នុង​មួយថ្ងៃ ពួកគាត់​អាច​លើក​បាន​ពី ៥ ទៅ ៧​ដង​។ ត្រីភាគ​ច្រើន ដែល​ប្រជា​នេសាទ​ចាប់បាន គឺ​ប្រភេទ​ត្រី​ស្លឹក​ឬ​ស្សី​ធំ (Paralaubuca typus) និង​ត្រី​រៀល​អង្កាម (Henicorhynchus lobatus)​។ ចំណែក​ក្នុង​ថ្ងៃ​រនោច អ្នកនេសាទ​ភាគច្រើន ប្រើ​មង​ក្រឡា​ធំ ដែលមាន​ទំហំ​ចាប់ពី ៥-៨​សង់ទីម៉ែត្រ ប្រវែង​ពី​២៥-៥០​ម៉ែត្រ និង​ជម្រៅ​ពី​៥-១០​ម៉ែត្រ​។

ពួកគាត់​លើក​ច្រើនដង​មិន​កំណត់ ក្នុង​មួយថ្ងៃ អាច​ចាប់បាន​ត្រី​ពី ២-៥ គីឡូក្រាម ដែលជា​ប្រភេទ​ត្រី​ធំ ដូចជា ត្រី​ពោ (Pangasius larnaudii) ត្រី​ច្រកែង (Puntioplites spp.) ត្រី​ឆ្ពិន (Barbonymus spp.) ត្រី​ឆ្កោក (Cyclocheilos enoplos) ត្រី​ក្អែក (Labeo chrysophekadion) ត្រី​គ្រុំ (Osteochilus melanopleura)​។​ល​។​»
 
​ទាំងនេះ គឺជា​លទ្ធផល​បណ្តោះអាសន្ន នៃ​ការសិក្សា​ស្រាវជ្រាវ របស់លោក ហ៊ី សារុន ក្នុង​រយៈពេល​ពីរ​ខែ​ក្នុង​ឆ្នាំ​២០១៨ ប៉ុណ្ណោះ​។ លោក នឹង​បន្តធ្វើ​កម្មសិក្សា​នេះ​បន្តទៀត រហូតដល់​ចុងរដូវ​ត្រី​ត្រូវ ក្នុង​ខែមករា ឆ្នាំ ២០១៩​។​

© រក្សាសិទ្ធិដោយ thmeythmey.com