ជាតិ
សង្គមជាតិ
ភរិយា​ផលិតករ​ភាពយន្ត​ឯកសារ «​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​»​បន្ត​រក​អន្តរាគមន៍​ពី​ស្ថានទូត​រុស្សី​
02, Jan 2019 , 3:15 pm        
រូបភាព
​ភរិយា​លោក រ៉ាត់ រត្ន​មុនី និង​សកម្មជន​ប្រមាណ​១០ នាក់ បាន​ជួបជុំគ្នា​ជាថ្មី​ម្ដងទៀត​នៅមុខ​ស្ថានទូត​រុស្សី​ប្រចាំ​នៅ​កម្ពុជា ដើម្បី​សុំ​ឲ្យ​ស្ថានទូត​មួយ​នេះ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ជួយ​ស្វាមី​របស់​អ្នកស្រី​។

 
​លោក រត្ន​មុនី ដែល​បាន​ផលិត​វីដេអូ​ឯកសារ​មួយ​ជាមួយ​ក្រុមការងារ​នៃ​ទូរទស្សន៍​រុស្ស៊ី RT ដោយ​ដាក់​ចំណងជើង​ថា «​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​» ត្រូវបាន​តុលាការ​កម្ពុជា​សម្រេច​ឃុំខ្លួន​។ 


 
​អ្នកស្រី ឡុង គឹម​ហ៊ាង ជា​ភរិយា ដែល​កំពុងកាន់​បដា​ទាមទារ​ក្នុង​ដៃ ជាមួយនឹង​សម្រែក ដោះលែង​លោក​រត្ន​មុនី បាន​ឲ្យ​ដឹងថា​អ្នកស្រី​មកជា​លើក​ទី​២​នេះ​ដើម្បី​តាមដាន​ញ្ញត្តិ​របស់​អ្នកស្រី​ដែល​ត្រូវបាន​ផ្ញើ​ទៅកាន់​ស្ថានទូត​រុស្ស៊ី​តាមរយៈ​សារ​អេ​ឡិច​ត្រូ​និ​ក និង Twitter កាលពីពេល​ថ្មី​នេះ​។ អ្នកស្រី​បាន​អំពាវនាវ​ឲ្យ​ស្ថានទូត​រុស្ស៊ី​ជួយ​ស្វាមី​អ្នកស្រី​ឲ្យ​មាន​សេរីភាព​វិញ​។​ ដែល​ស្នើ​ឲ្យ​ទូត​ជួយ​អន្តរាគមន៍​ឲ្យ​មានការ​ដោះលែង​ប្តី​របស់​អ្នកស្រី​។ អ្នកស្រី​ក៏បាន​ឲ្យ​ដឹងថា​ខាង​ទូរទស្សន៍​រុស្ស៊ី RT ក៏បាន​ដាក់​ញ្ញ​ត្តិ​ទៅ​រដ្ឋាភិបាល​រុស្ស៊ី​នៅ​ទីក្រុង​ម៉ូស្គូ​។​


 
​អ្នកស្រី​និយាយថា​៖« ពួក​ខ្ញុំ​មកនេះ​ដើម្បី​តាមដាន​ញ្ញត្តិ​ទាំងអស់នោះ ហើយក៏​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​ធ្វើ​អន្តរាគមន៍​តាម​ការស្នើ​សុំ​របស់​ពួក​ខ្ញុំ និង​តាម​ការស្នើរ​សុំ​របស់​កាសែត RT ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​ប្តី​ខ្ញុំ​ចេញពី​ពន្ធនាគារ​។ ប៉ុន្តែ​ខ្ញុំ​មិនបាន​ដឹង​ខ្លឹមសារ​ញ្ញត្តិ​របស់​ការ​សែត RT ទេ គ្រាន់តែ​ដឹងថា​គេ​បានដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​រុស្ស៊ី​រួចរាល់​ហើយ​»​។ 
 
​អ្នកស្រី​បាន​អះអាងថា អ្នកស្រី​នឹង​ទាមទារ​នៅមុខ​ស្ថានទូត​រុស្ស៊ី រហូត​មានការ​ឆ្លើយតប​។ អ្នកស្រី ក៏​ស្នើ​ឲ្យ​រដ្ឋ​បា​ភិ​បាល​កម្ពុជា និង​តុលាការ កោះហៅ​តំណាង​ទូរទស្សន៍ RT មក​សួរ​ដោយផ្ទាល់​ដើម្បី​រក​ការពិត ដោយ​មិនត្រូវ​ចាប់​ស្វាមី​របស់​អ្នកស្រី តែ​ម្នាក់​នោះទេ​។ អ្នកស្រី​បារម្ភ​ខ្លាំង​ពី​សុខភាព​ប្តី​របស់​អ្នកស្រី​ដោយ​លោកមា​នស​ភាពស្គម​ជាង​មុន និង​កំពុងមាន​ជំងឺ ក្រោយ​អ្នកស្រី​ចូល​សួរសុខទុក្ខ​កាលពីពេល​ថ្មីៗ​នេះ​។​


 
​ក្រោយ​ភាពយន្ត​ឯកសារ «​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​» ចេញផ្សាយ​ជា​សាធារណៈ​ក្នុង​ខែតុលា ដោយ​ទូរទស្សន៍ RT  អាជ្ញាធរ​ខ្មែរ អះអាងថា ភាពយន្ត​ឯកសារ​នេះ ដែល​និយាយ​ពី​ការជួញដូរ​ផ្លូវភេទ គឺជា​រឿងប្រឌិត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​កម្ពុជា​។ លោក រ៉ាត់ រត្ន​មុនី កំពុង​ជាប់ឃុំ​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ព្រៃ​ស​៕
 

Tag:
 «​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​»
  ស្ថានទូត​រុស្សី​
© រក្សាសិទ្ធិដោយ thmeythmey.com