ជាតិ
តើ​ការ​«​ជូនពរ​» ត្រូវ​បែងចែក​ឋានៈ​ដែរ​ទេ​?
02, Jan 2019 , 4:40 pm        
រូបភាព
​ភ្នំពេញ​៖ តើ​អ្វី​ទៅជា​ពាក្យ​ជូនពរ​? ពាក្យ​ជូនពរ គឺ​សំដៅលើ​គុណជាត​ដ៏​ប្រសើរ​, គុណជាត​ឬអ្វីៗ ដែល​គួរ​ប្រាថ្នា​, គួរ​ចង់បាន​, គួរ​ជ្រើសរើស​យកតាម​គាប់ចិត្ត​…​។ ប៉ុន្តែ​ការប្រើ​ពាក្យ​ជូនពរ ត្រូវបាន​គេ​លើកឡើងថា មានតែ​អ្នកមាន​ឋានៈ​ខ្ពស់​ទេ ទើប​អាច​ប្រើប្រាស់​ពាក្យ​«​ជូនពរ​» មកកាន់​អ្នកមាន​ឋានៈ​តូច​បាន ចំណែក​អ្នកមាន​ឋានៈ​តូច​មិនអាច​ប្រើពាក្យ​នេះ​បានទេ ព្រោះ​មាន​«​បុណ្យ​»​មិន​ដល់​អ្នកធំ​។ ហើយ​បើ​អ្នកតូច​ចង់​ជូនពរ​ទៅ​អ្នកធំ​នោះ គួរតែ​ប្រើពាក្យ​បួងសួង​វត្ថុ​សក្តិ​សិទ្ធ​ជំនួស​វិញ​។ តើ​ការ​«​ជូនពរ​» ត្រូវមានការ​បែងចែក​បែបនេះ​មែន​ទេ​?



ខាងក្រោម​នេះ គឺជា​ការបកស្រាយ​រប​ស់លោក​សាស្ត្រាចារ្យ ទូច គីម​ស្រ៊ាង សមាជិក​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ តាមរយៈ​ការសាកសួរ​របស់លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ (ThmeyThmey.Com) ដូចតទៅ​៖​

 
​លោក រំដួល ចិ​ត្រា​៖ លោក​សាស្ត្រាចារ្យ​! ខ្ញុំ​សង្កេតឃើញ​មាន​មជ្ឈដ្ឋាន​ទូទៅ​មានការ​យល់ឃើញ​ខុសគ្នា​ពី​រឿង​ការប្រើ​ពាក្យ​«​ជូនពរ​» ដោយមាន​អ្នកខ្លះ គាត់​លើកឡើងថា ពាក្យ​ជូនពរ​នេះ គឺ​សម្រាប់តែ​អ្នកមាន​ឋានៈ​ធំ​ខ្ពង់ខ្ពស់​ទេ ទើប​អាច​ប្រើប្រាស់​ពាក្យ​«​ជូនពរ​» មកកាន់​អ្នកមាន​ឋានៈ​តូច​ជាង​ខ្លួន ហើយ​អ្នកមាន​ឋានៈ​តូច​នោះ មិនអាច​ប្រើពាក្យ​នេះ​បានទេ ព្រោះ​មាន​«​បុណ្យ​»​មិន​ដល់​អ្នកធំ​។ ហើយ​បើ​អ្នកតូច​ចង់​ជូនពរ​ទៅ​អ្នកធំ​នោះ គួរតែ​ប្រើពាក្យ​បួងសួង​វត្ថុ​សក្តិ​សិទ្ធ​ជំនួស​វិញ​។ ដូច្នេះ​ការលើកឡើង​បែបនេះ សម្រាប់​លោក​សាស្ត្រាចារ្យ យល់ឃើញថា វា​ជា​រឿង​ត្រឹមត្រូវ​ដែរ​ទេ​?
 
​សាស្ត្រាចារ្យ ទូច គីម​ស្រ៊ាង​៖ ទាក់ទង​ការងារ​នេះ ជា​យោបល់​ផ្ទាល់ខ្លួន​ខ្ញុំ ខ្ញុំ​យល់ថា ពាក្យ​«​ពរ​»​នេះ គឺ​ពាក្យ​របស់​បាលី​សំស្ក្រឹត ក្លាយ​មកពី​ពាក្យ​ដើម​ពាក្យ «​វរៈ​» ។ ដូច្នេះ​ពាក្យ​ដើម​«​ពរ​» នេះ ប្រែ​ថា ប្រសើរ​ថ្លៃថ្លា​ខ្ព​ង​ខ្ពស់​ឧ​ត្តុ​ង​ឧ​ត្ត​ម​។ ដូច្នេះ​ទាក់ទង​នឹង​ការប្រើ​ពាក្យ​ពី​អ្នកតូច​ទៅ​អ្នកធំ ដូចជា​ពាក្យ​ជូនពរ សូម​ជូនពរ​នេះ ជា​គំនិត​ផ្ទាល់​ខ្ញុំ ហើយ​ការងារ​ខ្ញុំ ដែល​បាន​រៀនសូត្រ​ចេះ​តិចតួចស្ដួចស្ដើង ដូចជា​មិនមាន​ខុសឆ្គង​កន្លែង​គម្ពីរ​ណា ក្បួន​ណា ហេតុផល​ណា​នោះទេ​។ ពីព្រោះ​ពាក្យ​«​ពរ ឬ​វរៈ​»​នេះ វា​មានន័យថា​ប្រសើរ យើង​ជូន​អ្វីដែល​ប្រសើរ ថ្លៃថ្លា​ឧ​ត្តុ​ង​ឧ​ត្ត​ម ពី​អ្នកតូច​ទៅ​ឥស្សរជន ដូច​គ្មាន​កន្លែង​ណា​ថា​ខុសឆ្គង​អ្វី​ទេ ព្រោះ​អត់​មាន​សៀវភៅ​ណា គម្ពី​ណា ក្បួន​ណា ដែលថា​កន្លែង​ណាមួយ​ខុស​នោះទេ​។ ដោយឡែក​បងប្អូន​ណា គាត់​យល់​ខុស​គឺជា​រឿង​របស់គាត់​។ ពីព្រោះ​ពាក្យ​ថា ជូនពរ គឺ​វា​ល្អ​ហើយ ព្រោះ​ពាក្យ​ថា​«​ជូន​» របស់​អ្នកតូច​ទៅ​អ្នកធំ គឺ​សំដៅ​ទៅលើ​ការគោរព ជា​ពាក្យ​ថ្លៃថ្នូរ ខ្ពង់ខ្ពស់​ឧ​ត្តុ​ង​ឧ​ត្ត​ម ប្រសើរ​ហើយ ដូច្នេះ​អត់​ឃើញ​មាន​ហេតុផល​ណា​ខុស​ដែរ​។ នេះ​ហេតុផល​ទី​១​។​
 
​ហេតុផល​ទី​២ ខ្ញុំ​សង្កេតឃើញថា ពី​ដើម​មក មាន​អ្នកប្រាជ្ញ បណ្ឌិត កវី ក្នុងឋានៈ​មិនមែនជា​អ្នកធំ​អ្វី​នោះទេ តែ​ពួកគាត់​ធ្លាប់បាន​សរសេរ​ជូនពរ​តាមរយៈ​សៀវភៅ កាសែត ទស្សនា​វ​ដ្តី​ដែរ ដូចជា​មិន​ខុស​រឿង​អ្វី​ផង​។ ហើយ​ទី​៣ ក្បួនច្បាប់​ពី​ណា មក​និយាយថា ពាក្យ​ជូនពរ​នេះ ថា​ខុស​នេះ វា​ក៏​គ្មាន​ដែរ ដូច្នេះ​ជា​យោបល់​ផ្ទាល់ខ្លួន​ខ្ញុំ ដូច​អត់​មាន​ខុសឆ្គង​អ្វី​ទេ​។ ដូច្នេះ​ការ​បង្វែរ​ថា អ្នកតូច​ប្រើពាក្យ​ជូនពរ​ទៅ​អ្នកធំ​មិនត្រូវ សូម​ប្រើពាក្យ​បួងសួង ដែល​ពួកគាត់​យល់ថា​ត្រូវ​នោះ ខ្ញុំ​ក៏​យល់ថា​ត្រូវ ហើយ​វា​ក៏​មិន​ខុស​អ្វី​ដែរ​។ ហើយ​អ្វីដែល​ពួកគាត់​យល់ថា ការជូន​ពរ​គឺ​បានតែ​ឥស្សរជន អ្នកធំ​មកកាន់​អ្នកតូច ហើយ​មានតែ​អ្នក​តូចធំ​ជូនពរ​បានតែ​អ្នកតូច​បាន ប៉ុន្តែ​ខ្ញុំ​យល់ថា ការជូន​ពរ​ពី​អ្នកតូច​ទៅ​អ្នកធំ អ្នកធំ​ទៅ​អ្នកតូច គ្មានអ្វី​ខុស​ទេ បើ​យើង​និយាយ​ពី​ហេតុ និង​ផល​។​
 
​លោក រំដួល ចិ​ត្រា​៖ ក្នុងន័យ​លោក លើកឡើង​នេះ បានន័យថា ការ​«​ជូនពរ​» គ្មាន​ការបែងចែក កំណត់​ឋានៈ តួនាទី និង​អាយុ​អ្វី​ទេ​?
 
​សាស្ត្រាចារ្យ ទូច គីម​ស្រ៊ាង​៖ មិនមាន​ទេ​! ដូច​គ្មាន​ការកំណត់​អាយុ ឋានៈ តួនាទី បុណ្យ​សក្តិ មុខមាត់​អ្វី​ទេ ប៉ុន្តែ​អ្វីដែល​យើង​ត្រូវ​ប្រើពាក្យ​ឲ្យ​វា​ត្រូវ ក្នុងឋានៈ​៣​ចំណុច ដែល​យើង​ហៅថា​រាជសព្ទ ស​ង្ឈ​សព្ទ ប្រជា​សព្ទ ឲ្យ​វា​ត្រឹមត្រូវ​ទៅ គឺ​វា​ល្អ​ហើយ​។ ហើយ​យើង​ប្រើពាក្យ​នេះ ឲ្យ​ត្រូវ​កម្រិត​ហ្នឹង​ផង និង​ខ្លឹមសារ​ហ្នឹង​ផង ។ អ៊ីចឹង​វា​អត់​មាន​ខុសឆ្គង​អ្វី​ទេ​។​
 
​លោក រំដួល ចិ​ត្រា​៖ ប៉ុន្តែ​ខ្ញុំ​នៅតែ​ចង់ដឹងថា បើសិនជា​កូន​«​ជូនពរ​» ទៅ​ឪពុកម្ដាយ ហើយ​បើ​យើង​មើលទៅ​កូន មានបុណ្យ មាន​ឫទ្ធិ និង​ទន់ទាប​ជាង​គុណ​ឪពុកម្ដាយ​ទេ ដូច្នេះ​តើ​ពួកគេ​គួរតែ​ប្រើពាក្យ​«​ជូនពរ​» ឬ​ជា​ពាក្យ​បួងសួង​វិញ​?
 
​សាស្ត្រាចារ្យ ទូច គីម​ស្រ៊ាង​៖ វា​ដដែល​ទេ​! ដូចជា​មិន​អ្វី​ប្លែក​ទេ ខ្ញុំ​ចង់​និយាយ​ក្នុងឋានៈ​ជា​កូន​«​ជូនពរ​»​ឪពុកម្ដាយ ក្នុងឋានៈ​សិស្ស និស្សិត​«​ជូនពរ​»​លោកគ្រូ​- អ្នកគ្រូ វា​ដូចជា​មិន​ខុស​។ ហើយ​ប្រជាពលរដ្ឋ​ទូទៅ​ជូនពរ​ថ្នាក់ដឹកនាំ ក៏​មិនឃើញ​ខុស ហើយ​យើង​ជា​ពុទ្ធ​បរិ​ស័​ទ្ធ​ថ្វាយព្រះពរ​ដល់​ព្រះសម្មាសម្ពុទ្ធ ក៏ដូចជា​មិនឃើញ​ខុស ដូច្នេះ​វា​ក្នុងន័យ​ដដែល​ទេ​នូវ​អ្វីដែល​ប្អូន​សួរ​នេះ​។​
 
លោក រំដួល ចិ​ត្រា​៖ ដូច្នេះ​ការ​បួងសួង និង​ជូនពរ គឺអាច​ធ្វើបាន​ទៅតាម​អ្វីដែល​យើង​យល់ថា សាក​សម​ប្រើប្រាស់​ពាក្យ​នេះ​?
 
​សាស្ត្រាចារ្យ ទូច គីម​ស្រ៊ាង​៖ ហើយ​មួយទៀត​ទាក់ទង​នឹង​ពាក្យ​ជូនពរ ហើយ​និង​បួងសួង វា​មិន​ដូចគ្នា​ទេ លក្ខណៈ​នៃ​ការប្រើ​ពាក្យ​ហ្នឹង​។ យើង​និយាយ​សូម​ថ្វាយព្រះពរ សូម​ប្រគេន​ពរ សូម​ជូនពរ សូម​ឲ្យ​ពរ​នេះ គឺ​កម្រិត​នេះ​វា​ទៅតាម​រាជសព្ទ សង្ឃ​សព្ទ ប្រជា​សព្ទ ឋានៈ​នៃ​ប្រជា​សព្ទ​។ ដោយឡែក​ទាក់ទង​នឹង​បួងសួង ដល់​វត្ថុ​សក្តិ​សិទ្ធ ឲ្យ​បានសម្រេច ឲ្យ​បាន​ជួយ​ទៅ យើង​ក៏​អាច​ប្រើពាក្យ​នេះ​បានដែរ ប៉ុន្តែ​របៀប​ខ្លឹមសារ​នៃ​តម្រែតម្រង់​របៀបនេះ វា​មិន​ដូចគ្នា​ទាំងស្រុង​ទេ​៕
 

Tag:
 ទូច គីម​ស្រ៊ាង​
  ពាក្យ​ជូនពរ​
© រក្សាសិទ្ធិដោយ thmeythmey.com