កណ្តាល៖ ភូមិដំរីស្លាប់ ឃុំទ្រាមានចម្ងាយប្រមាណតែ៣០គីឡូម៉ែត្រប៉ុណ្ណោះពីក្រុងតាខ្មៅ តែតំបន់ដែលស្ថិតនៅស្រុកកណ្តាលស្ទឹងមួយនេះ មិនមានប្រភពទឹកស្អាតគ្រប់គ្រាន់នោះឡើយ។ ការទិញទឹកយកទៅប្រើប្រាស់ ស្ថិតក្នុងខ្ទង់ចំណាយដ៏ធំសម្រាប់អ្នកភូមិ។ ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរ បានអះអាងពីការខំប្រឹងប្រែងរបស់ខ្លួនក្នុងការជួយសម្រាលបន្ទុករបស់ពលរដ្ឋខ្លួន។
អ្នកស្រី សេង ផាត មើលទៅហាក់ដូចជាស្តាយទឹកខ្លាំងណាស់ ពេលគាត់ដងពីមួយផ្តិលទៅមួយផ្តិលពីក្នុងពាងដើម្បីងូតឲ្យចៅប្រុសរបស់ខ្លួននៅមុខជណ្តើរផ្ទះ។ ស្ត្រីកសិករវ័យ៦០ឆ្នាំរូបនេះ បានត្អូញត្អែរពីកង្វះទឹកប្រើប្រាស់នៅភូមិដំរីស្លាប់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
អ្នកស្រី បានបញ្ជាក់ថា សព្វថ្ងៃនៅក្នុងភូមិ សល់តែអណ្តូងទឹករួមមួយទេ ដែលមានទឹកចេញអាចប្រើប្រាស់បាន ប៉ុន្តែវាចេញទឹកច្រើនតែនៅរដូវវស្សា ខណៈនៅរដូវប្រាំង អ្នកភូមិជួបបញ្ហាលំបាកដដែល។
«ក្នុងអំឡុងខែប្រាំង ខ្ញុំត្រូវទិញទឹកស្រះ ទឹកអណ្តូង ឬទឹកស្អាតពីភូមិគេ សម្រាប់ប្រើប្រាស់។ ទឹកទាំងនោះគេដឹកយកឲ្យដល់ផ្ទះ ប៉ុន្តែថ្លៃដូចមាសអ៊ីចឹង។ ខ្ញុំទិញមួយពាងក្នុងតម្លៃពី១២ ០០០ ទៅ១៥ ០០០រៀល ទៅតាមទំហំពាង»។ នេះជាតម្អូញរបស់អ្នកស្រី សេង ផាត បន្ទាប់ពីចាក់ទឹកប្រមាណពី៤ ទៅ៥ផ្តិលលើចៅប្រុស។
ស្ត្រីកសិកររូបនេះ បានអះអាងថា គ្រាន់តែចំណាយលើទឹក ក៏អាចឲ្យគ្រួសារអ្នកស្រី ធ្លាក់ក្របានដែរ ព្រោះទឹកមួយពាងប្រើបានតែពីរថ្ងៃប៉ុណ្ណោះ ហើយការប្រើប្រាស់ត្រូវសន្សំសំចៃបំផុត ដោយសមាជិកម្នាក់ៗ អាចងូតទឹកសំអាតកាយបានតែម្តងក្នុងមួយថ្ងៃ។
អ្នកស្រី ទួន សុខលី ដែលជាអ្នកជិតខាងរបស់អ្នកស្រី សេង ផាត ក៏រៀបរាប់មិនខុសគ្នានោះដែរ។ គាត់បញ្ជាក់ថា៖ «រាល់ឆ្នាំ ចាប់ពីខែមីនា ដល់ខែសីហា មិនថាខ្ញុំ មិនថាគេទេ គឺត្រូវទិញទឹកប្រើហើយ ព្រោះអីនៅក្នុងភូមិរកតែទឹកឲ្យសត្វផឹកសឹងតែគ្មានផង។ ផ្ទះខ្ញុំ មានសមាជិក៤នាក់ និងមានសត្វគោពីរក្បាល»។
ដោយមានកូនពីរនាក់ក្នុងបន្ទុក អ្នកស្រី សុខលី និងស្វាមី តែងតែបន់ឲ្យខែវស្សាមានរយៈពេលយូរខុសពីធម្មជាតិ ពីព្រោះពួកគាត់ក៏ដូចជាអ្នកភូមិផ្សេងទៀត ត្រូវវេទនារឿងប្រើប្រាស់ទឹកពេលដល់រដូវប្រាំងម្តងៗ។ ស្ត្រីដែលមានវ័យប្រមាណ៥០ឆ្នាំរូបនេះ បានទិញទឹកពីរប្រភេទដើម្បីប្រើប្រាស់ ដែលក្នុងនោះមានទឹកបឹងដែលគេដឹកលក់តាមផ្លូវតម្លៃ ១៥ ០០០រៀល ក្នុងចំណុះ១ ០០០លីត្រ និងទឹកបរិសុទ្ធ ដែលមានធុងចំណុះ២០លីត្រ សម្រាប់ផឹកតម្លៃ៣ ០០០រៀលក្នុងមួយធុង។
អ្នកស្រី សុខលី បានអះអាងថា៖ « ក្នុងមួយខែគ្រួសារខ្ញុំចំណាយជាមធ្យម១០០ដុលា្លរ ឬលើសពីនេះ ព្រោះ២ទៅ៣ថ្ងៃខ្ញុំប្រើអស់មួយពាងទៅហើយ។ វាពិតជាការចំណាយខ្ពស់ណាស់ សម្រាប់គ្រួសារខ្ញុំ»។
ទាក់ទងបញ្ហានេះ មេភូមិដំរីស្លាប់ លោក អ៊ុន លន់ បានបញ្ជាក់ថា លោកមិនដែលមើលរំលងឡើយ ដោយលោកបានស្នើទៅអាជ្ញាធរឃុំជារឿយៗដើម្បីរកដំណោះស្រាយកាត់បន្ថយការចំណាយរបស់ពលរដ្ឋនៅមូលដ្ឋានខ្លួន ក៏ដូចជាភូមិផ្សេងទៀតនៅក្នុងឃុំទ្រាទាំងមូល។
លោកមេភូមិបានរំលឹកថា៖ «កន្លងមកក៏មានការជីកអណ្ដូងទឹកជូនពលរដ្ឋនៅតំបន់ខ្លះក្នុងភូមិដែរ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការជាដៃគូ ប៉ុន្តែអណ្តូងលូ និងអណ្តូងស្នប់ទាំងនោះ សុទ្ធតែមិនអាចប្រើប្រាស់បាន ព្រោះក្នុងភូមិខ្លះ ការជីកជម្រៅពី២៥ ទៅ៣០ម៉ែត្រហើយ នៅតែមិនមានទឹក ឯភូមិខ្លះ អណ្តូងមានទឹកហើយ តែមិនអាចប្រើប្រាស់ ដោយសារមានសារជាតិអាសេនិច។
លោក អ៊ុន លន់ បានស្នើទៅថ្នាក់ឃុំសម្រាប់ផែនការទឹកស្អាតឆ្នាំ២០១៩។ លោកពន្យល់ថា៖ «ខ្ញុំតែងតែបារម្ភជានិច្ច មិនដឹងថានៅឆ្នាំ២០១៩ខាងមុខ ភូមិខ្ញុំមានសេវាទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ឬយ៉ាងណានោះឡើយ»។
ជាការឆ្លើយតប អ្នកស្រី តន់ ស៊ុនណារី មេឃុំទ្រា លើកឡើងថា អាជ្ញាធរឃុំ និងភាគីពាក់ព័ន្ធកំពុងដុតដៃដុតជើងលើករណីនេះ តាមរយៈការភ្ជាប់សេវាទឹកស្អាតចូលឃុំ ប៉ុន្តែអ្នកជំនាញកំពុងសិក្សាទីតាំងភូមិសាស្ត្រឲ្យបានច្បាស់ជាមុនសិន។
ចំពោះដំណោះស្រាយបឋម អភិបាលស្រុកកណ្តាលស្ទឹង លោក បូ សារ៉េត បានស្នើឲ្យអ្នកភូមិចេះសហការក្នុងការថែរក្សាអណ្តូងទឹករួមដែលមានស្រាប់ឲ្យល្អប្រសើរ មុនពេលដែលសេវាទឹកស្អាតចូលទៅដល់។ លោកលើកឡើងថា ការធ្វើបែបនេះ អាចជួយកាត់បន្ថយការចំណាយមួយចំនួន។
លោកអភិបាលស្រុក បានបន្តថា កម្មវិធីទឹកស្អាតថ្នាក់ស្រុកនឹងដាក់ចេញ ក្នុងរយៈពេល៣ឆ្នាំក្រោយ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ក្រោមកិច្ចសហការជាមួយសេវារដ្ឋាករទឹក។ ទោះជាយ៉ាងនេះក្តី ក៏លោក បូ សារ៉េត មិនហ៊ានអះអាងថា ពលរដ្ឋនៅក្នុងឃុំទ្រា នឹងបានទទួលទឹកស្អាតប្រើប្រាស់ទៅតាមផែនការនោះឡើយ ព្រោះឃុំនេះជាតំបន់ស្រយាលដែលស្ថិតនៅចន្លោះឃុំព្រែករកា ហើយមានទីតាំងភូមិសាស្ត្រ ដែលធ្វើឲ្យសេវាករទឹកស្អាតពិបាកទៅដល់។
គិតត្រឹមខែកញ្ញា ឆ្នាំ២០១៨ ប្រព័ន្ធសេវាទឹកស្អាត បានគ្របដណ្តប់ទៅលើប្រជាពលរដ្ឋប្រើប្រាស់ទូទាំងខេត្តកណ្តាលមាន ៦០,៤៨ភាគរយ ក្នុងនោះទីប្រជុំជនមានជាង ៩០ភាគរយ ខណៈដែលទីជនបទមានជិត ៣៩ភាគរយ ប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍របស់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល ដោយបញ្ជាក់ថា ស្រុកកណ្តាលស្ទឹង ស្ថិតក្នុងចំណោមស្រុកទាំង១០នៃខេត្តកណ្តាល មានប្រព័ន្ធទឹកស្អាតនៅតាមទីជនបទទាបជាងគេបំផុត ពោលគឺមានត្រឹមតែ ១១,៤៧ភាគរយប៉ុណ្ណោះ។
ថ្លែងក្នុងសន្និសីទ និងពិព័រណ៌ទឹកស្អាតកម្ពុជាលើកទីពីរ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបញ្ជាក់ថា រដ្ឋាភិបាលដាក់ផែនការជំរុញការប្រើប្រាស់ទឹកស្អាតឲ្យបាន១០០ភាគរយនៅភ្នំពេញ និងទីប្រជុំជនធំៗ ចាប់ពីឆ្នាំ២០២៥ តាមរយៈស្ថានីយ៍ទឹកស្អាតដែលគ្រប់គ្រងដោយរដ្ឋ។
ចំណែកនៅតាមជនបទ ជាពិសេសតំបន់ដាច់ស្រយាល លោក ចម ប្រសិទ្ធ ត្រូវការការចូលរួមវិនិយោគពីក្រុមហ៊ុនឯកជន ដោយតភ្ជាប់បណ្តាញបូមទឹកពី ប្រឡាយ ស្ទឹង បឹងជាដើម ទៅកាន់ស្ថានីយចម្រោះ ហើយបានចែកចាយលក់ទៅដល់លំនៅឋានរបស់ប្រជាពលរដ្ឋ។
យោងតាមលទ្ធផលជំរឿនទូទៅកាលពីឆ្នាំ២០០៨ អត្រាគ្របដណ្តប់ទឹកស្អាតមានត្រឹមតែ៤១ភាគរយ និងអនាម័យជនបទ មានត្រឹមតែ២៣ភាគរយប៉ុណ្ណោះ។ រដ្ឋាភិបាលទទួលស្គាល់ថា បើគ្មានដំណោះស្រាយលើបញ្ហាទឹកស្អាត និងអនាម័យទេនោះ វានឹងជះឥទ្ធិពលដល់បញ្ហាមួយចំនួន ដូចជាបញ្ហាសុខភាព ការអប់រំ និងភាពក្រីក្រ។
ក្នុងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ ឆ្នាំ២០១៤-២០២៥ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា នៅឆ្នាំ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព៕