អន្តរជាតិ
រដ្ឋមន្ត្រី​ស្ដីទី​ការពារជាតិ​អាមេរិក​៖ យើង​ត្រូវ​ផ្ដោតលើ​ចិន​, ចិន​, និង​ចិន​
03, Jan 2019 , 11:01 am        
រូបភាព
លោក ផាទ្រីក សាណាហាន់ ទៅដល់មន្ទីរបញ្ចកោណ (រូបភាព AFP)
លោក ផាទ្រីក សាណាហាន់ ទៅដល់មន្ទីរបញ្ចកោណ (រូបភាព AFP)
​រដ្ឋមន្ត្រី​ស្ដីទី​ការពារជាតិ​អាមេរិក ផា​ទ្រី​ក សា​ណា​ហាន់ (Patrick Shanahan) បាន​ចូលកាន់​តំណែង​ហើយ​កាលពី​ថ្ងៃទី​២ ខែមករា ជំនួស​លោក ជេ​ម ម៉ា​ធី​ស ដែល​ត្រូវ​បង្ខំ​ឲ្យ​ចូលនិវត្តន៍​ព្រោះ​មិនត្រូវ​គ្នា​ជាមួយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជា​មេ​កើយ​។ ថ្ងៃទី​មួយ​នៃ​ការ​កាន់តំណែង​នេះ លោក សា​ណា​ហាន់ ចាត់ទុក «​ចិន​» ជា​រឿង​អាទិភាព​របស់លោក​។ សម្ដី​របស់លោក​ជា​សញ្ញា​បង្ហាញថា ទំនាក់ទំនង​ផ្នែក​យោធា​រវាង​អាមេរិក និង​ចិន ទំនងជា​ក្ដៅ​ខ្លាំង​ក្នុង​ឆ្នាំ​២០១៩ ។​

 
​គោលនយោបាយ​ការពារជាតិ​អាមេរិក​ក្នុង​ឆ្នាំ​២០១៩ នឹង​ដើរ​តាម​យុទ្ធសាស្ត្រ​ការពារជាតិ​២០១៨ ។ នេះ​ការលើកឡើង​របស់លោក ផា​ទ្រី​ក សា​ណា​ហាន់ រដ្ឋមន្ត្រី​ស្ដីទី​ការពារជាតិ​អាមេរិក​នៅ​បណ្ដាញ​សង្គម Twitter ដើម្បី​អបអរ​ឆ្នាំ​ថ្មី​។ បើតាម​យុទ្ធសាស្ត្រ​នេះ​ដែល​សរសេរ​ក្នុងសម័យ​លោក ជេ​ម ម៉ា​ធី​ស អាមេរិក​ចាត់ទុក​ចិន ជា​ដៃគូ​ប្រជែង​យុទ្ធសាស្ត្រ ហើយ​ជាមួយគ្នា​នឹង​រុស្ស៊ី ចង់​បង្កើត​សណ្ដាប់ធ្នាប់​ពិភពលោក​ថ្មី​តាមរបៀប​ផ្ដាច់ការ​របស់​ពួកគេ​។ 
 
​នេះ​មានន័យថា ទោះជា​អាមេរិក​រវល់​នឹង​បេសកកម្ម​យោធា​នៅក្រៅ​ប្រទេស​ច្រើនសន្ធឹក​សន្ធាប់​ក្ដី ចិន​នឹង​នៅតែ​ឈរ​លេខ​រៀង​ទីមួយ​ក្នុង​បញ្ជី​ប្រទេស​ដែល​អាមេរិក​ត្រូវ​តាមដាន​ឲ្យ​ខ្ជាប់ខ្ជួន​។ ទៅដល់​មន្ទីរ​បញ្ច​កោណ​នៅ​ថ្ងៃ​ដំបូង​ជា​រដ្ឋមន្ត្រី​ស្ដីទី លោក សា​ណា​ហាន់ បាន​ប្រាប់​មន្ត្រី​ស៊ីវិល​ថា ៖«ខណៈ​យើង​កំពុង​ផ្ដោតលើ​ប្រតិបត្តិការ​មាន​ស្រាប់​ដូចជា​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ឬ​អ៊ីរ៉ាក់ យើង​ត្រូវ​គិតដល់​ចិន ចិន និង​ចិន​»។ នេះ​បើតាម​ការលើកឡើង​រប​ស់​មន្ត្រី​អាមេរិក​ដែល​ចូលរួម​កិច្ចប្រជុំ​។​
 
​ទំនាក់ទំនង​រវាង​អាមេរិក និង​ចិន បាន​ធ្លាក់​ដល់​ចំណុច​ថ្មី​ក្រោម​រដ្ឋបាល​លោក ត្រាំ មិន​ថា​វិស័យសេដ្ឋកិច្ច ឬ​យោធា​ឡើយ​។ បន្ថែម​លើ​ការជាប់គាំង​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​នោះ មហាអំណាច​ពិភពលោក​ទាំងពីរ​ក៏​មិនត្រូវ​គ្នា​ដែរ​លើ​បញ្ហា​តៃវ៉ាន់ និង​សមុទ្រ​ចិន​ខាងត្បូង​។ ជា​ញឹកញយ អាមេរិក​ក៏​រិះគន់​គោលនយោបាយ​របស់​ចិន​ដូចជា​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​វិថី ថា ជាការ​បឺត​ជញ្ជក់​ប្រទេស​ក្រីក្រ និង​បង្កើត​បំណុល​ទៀតផង​។​

​លោក សា​ណា​ហាន់ ជា​នរណា​?
 
​ជា​រដ្ឋលេខាធិការ​ការពា​រ​ជាតិ​ក្នុងសម័យ​លោក ម៉ា​ធី​ស ជា​រដ្ឋមន្ត្រី លោក សា​ណា​ហាន់ ត្រូវបាន​គេ​ស្គាល់​តិចតួច​ក្នុង​ពិភព​នយោបាយ​នៅ​ក្រុង​វ៉ាស៊ីនតោន​។ ខុសពី​លោក ម៉ា​ធី​ស ដែលមាន​បទពិសោធ​ឆ្អែតឆ្អន់​ក្នុង​ការងារ​យោធា​និង​សង្គ្រាម លោក សា​ណា​ហាន់ មិនដែល​បម្រើការ​ក្នុង​វិស័យ​កងទ័ព​សោះ​ពីមុនមក តែ​ធ្លាប់ជា​មន្ត្រីជាន់ខ្ពស់​ក្រុមហ៊ុន Boeing ជាង​៣០​ឆ្នាំ​។ ប៉ុន្តែ​លោក​បាន​លេច​ត្រដែត​ឡើង​ក្នុង​សម័យកាល​អាមេរិក​របស់លោក ត្រាំ ដែលមាន​ជំហរ​មិន​ទៀងទាត់​។​
 
​ទោះ​ខ្វះ​បទពិសោធ​យោធា ឬ​កិច្ចការបរទេស​ក្ដី ការចំណាយ​ពេល​ជាង​៣០​ឆ្នាំ​ជា​មន្ត្រីជាន់ខ្ពស់​នៅ​ក្រុមហ៊ុន​ដ៏​ធំ ជាមួយនឹង​ចំណេះដឹង​បច្ចេកទេស ធ្វើ​ឲ្យ​លោក​សក្តិសម​នឹង​តំណែង​លំដាប់​ទី​ពីរ​នៃ​មន្ទីរ​បញ្ច​កោណ​។ កាន់តំណែង​រដ្ឋលេខាធិកា​រ លោក សា​ណា​ហាន់ ផ្ដោត​ខ្លាំង​កិច្ច​ការលក់​អាវុធ​របស់​ក្រសួងការពារជាតិ​អាមេរិក​។ 
 
​យ៉ាងណាមិញ ពេល​កាន់តំណែង​ជា​រដ្ឋលេខាធិការ​ការពា​រ​ជាតិ​នោះ លោក សា​ណា​ហាន់ ក៏​រង​ការរិះគន់​ដែរ​។ នេះ​ក៏​ព្រោះតែ​លោក​ធ្លាប់ជា​អ្នកជំនួញ​ក្នុង​ក្រុមហ៊ុន​ផលិត​យន្តហោះ តែ​បែរជា​កាន់តំណែង​ក្នុង​ស្ថាប័នរដ្ឋ​ដ៏​ធំ និង​ជា​អង្គភាព​មួយ​ដែល​បញ្ជា​ទិញ​យុទ្ធោបករណ៍​ជាច្រើន​ផង​។ ក្នុង​សវនាការ​ផ្ដល់​សក្ខីកម្ម​មុន​កាន់តំណែង​រដ្ឋលេខាធិកា​រ​នេះ អតីត​សមាជិក​ព្រឹទ្ធសភា ច​ន ម៉ាក់​ខេន ប្រដូច​ការតែងតាំង​លោក សា​ណា​ហាន់ នៅ​ក្រសួងការពារជាតិ ទៅនឹង​ការបញ្ចូល​កញ្ជ្រោង​ក្នុង​ទ្រុងមាន់​៕ 
 

Tag:
 អាមេរិក​
  ចិន​
  Patrick Shanahan
© រក្សាសិទ្ធិដោយ thmeythmey.com