អន្តរជាតិ
អាមេរិក​-​កូ​ឡុំ​ប៊ី រិះរក​វិធាន​ការស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា
03, Jan 2019 , 12:02 pm        
រូបភាព
ប្រធានាធិបតីកូឡុំប៊ី Ivan Duque ជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ (គណនី Twitter ផ្លូវការរបស់លោក ប៉ុមប៉េអូ)
ប្រធានាធិបតីកូឡុំប៊ី Ivan Duque ជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ (គណនី Twitter ផ្លូវការរបស់លោក ប៉ុមប៉េអូ)
​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​កូ​ឡុំ​ប៊ី​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជួយ​ស្តារ​លទ្ធិប្រជាធិបតេយ្យនៅ​ក្នុងប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា​។ ប៉ុន្តែ​គ្មាន​ការបញ្ជាក់​ច្បាស់​ឡើយ​ថា អាមេរិក និង​កូ​ឡុំ​ប៊ី​ប្រើ​វី​ធី​សាស្ត្រ​ឬ​វិធានការ​បែបណា​ដើម្បី​ស្តារ​ប្រជាធិបតេយ្យ និង​បញ្ចប់​វិបត្តិ​នៅ​រដ្ឋ​អាមេរិក​ឡាទីន​នេះឡើយ​។​

 
​ជំនួប​រវាង​លោក ប៉ុ​ម​ប៉េ​អូ ជាមួយ​ប្រធានាធិបតី​កូ​ឡុំ​ប៊ី​លោក Ivan Duque កើតឡើង​នៅ​ថ្ងៃ​ពុធ​ទី ២ ខែមករា បន្ទាប់ពី​ប្រមុខ​ការទូត​អាមេរិក​រូបនេះ​ត្រឡប់​ពី​ចូលរួម​ក្នុង​កម្មវិធី​ស្បថ​ចូលកាន់​តំណែង​របស់​ប្រធានាធិបតី​ប្រេ​ស៊ី​ល ជែ​រ បុល​សូ​ណា​រ៉ូ​។​
 
​ក្នុង​កិច្ចពិភាក្សា​ទ្វេភាគី​នេះ លោក ប៊ុ​ម​ប៉េ​អូ និង​លោក Ivan Duque ជជែក​គ្នា​រក​ដំណោះស្រាយ​លើ​បញ្ហា​វិបត្តិ​ជនភៀសខ្លួន​ពី​វេ​ណេ​ស៊ុយ​អេ​ឡា រិះរក​វិធានការ​ធ្វើយ៉ាងណា​ស្តារឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ  ហើយ​អ្នក​ទាំងពីរ​ក៏​ច្រានចោល​ប្រព័ន្ធ​ដឹកនាំ​ផ្តាច់ការ​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​ថែមទៀត​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រមុខ​ការបរទេស​អា​មេ​រិ​កលោក ប៉ុ​ម​ប៉េ​អូ បាន​ថ្លែង​ពី​ទីក្រុង Cartagena ដូច្នេះ​៖«​កិច្ចសន្ទនា​របស់​យើង​ថ្ងៃនេះ​គឺ​ផ្តោត​សំខាន់​លើ​របៀប​ដែល​យើង​អាច​សហការគ្នា​បានជា​មួយ​ដៃគូ​ក្នុង​ក្របខណ្ឌ​តំបន់ និង​អន្តរជាតិ​ដើម្បី​ជួយ​អ្នក​ដែល​រត់​ភៀសខ្លួន និង​ជួយ​វេ​ណេ​ស៊ុយ​អេ​ឡា​ស្តារ​មរតក​ប្រជាធិបតេយ្យ​ឡើងវិញ​ដែរ​។ 
 
​រដ្ឋមន្ត្រីការបរទេស​អាមេរិក និយាយ​ឥត​លាក់លៀម​ថា ក្រៅពី​ជា​អ្នកជិតខាង​វេ​ណេ​ស៊ុយ​អេ​ឡា កូ​ឡុំ​ប៊ី​ជា​មេដឹកនាំ​ក្នុង​តំបន់​ដែល​អាចដឹកនាំ​កិច្ចសហប្រតិបត្តិការ​គាំទ្រ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ផងដែរ​។ 
 
​តាមពិតទៅ ក្រោយ​ជំនួប​ពិភាក្សា​ទ្វេភាគី​នេះ មិនមាន​ការប្រកាស​ឲ្យ​ដឹង​ពី​ចំណាត់​ការដែល​អាច​ប្រើប្រាស់​ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យនៅ​វេ​ណេ​ស៊ុយ​អេ​ឡា​ឡើយ​។ ប៉ុន្តែ​ប្រមុខរដ្ឋ​កូ​ឡុំ​ប៊ី​លោក Duque ដែល​ទើប​ជំនួស​តំណែង​អតីត​ប្រធានាធិបតី Juan Manuel Santos កាលពី​ខែសីហា​នោះ បានបញ្ជាក់​ច្បាស់​ថា គេ​គួរ​បដិសេធ​ភាពស្របច្បាប់​នៃ​របប​ដឹកនាំ​វេ​ណេ​ស៊ុយ​អេ​ឡា និង​ធ្វើ​គ្រប់យ៉ាង​តាម​ដែល​អាច​ធ្វើបាន​ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ និង​សណ្តាប់ធ្នាប់​។​
 
​កាល​នៅ​ប្រេ​ស៊ី​ល លោក ប៉ុ​ម​ប៉េ​អូ បាន​ឯកភាពគ្នា​ជាមួយ​មេដឹកនាំ​ប៉េ​រូ និង ប្រេ​ស៊ី​ល​ថា​នឹង​បន្ត​ដាក់​សម្ពាធ​លើ​របប​ដឹកនាំ​វេ​ណេ​ស៊ុយ​អេ​ឡា​ដែរ ដើម្បី​ធានាថា ការផ្លាស់ប្តូរ​អាច​នឹង​កើតមានឡើង​ឆាប់​។ រដ្ឋ បាល​លោក ដូ​ណា​ល់ ត្រាំ បាន​បន្ត​បង្កើន​សម្ពាធ​តាមរយៈ​ការបន្ថែម​ទណ្ឌកម្ម​ជា​បន្តបន្ទាប់​ប្រឆាំង 
​លោក នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ និង​បក្សពួក​ដែរ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក ត្រាំ ធ្លាប់​គំរាម​ប្រើប្រាស់​អន្តរាគមន៍​យោធា​ថែមទៀត​បើ​ចាំបាច់​។​
 
​លោក ម៉ា​ឌុយ​រ៉ូ ដែល​ដឹកនាំ​វេ​ណេ​ស៊ុយ​អេ​ឡា​បន្ត​ពី​លោក ហ៊ូ​ហ្គោ ឆា​វេស​ឆ្នាំ ២០១៣ នឹង​បន្ត​អាណត្តិ​ទី​ពីរ​ជា​ប្រធានាធិបតី​ចាប់ពី​ថ្ងៃ ១០​ខែមករា ថ្វីបើ​លទ្ធផល​បោះឆ្នោត​កាលពី​ឆ្នាំមុន​មិន​ត្រូវបាន​អាមេរិក សហភាព​អឺរ៉ុប រួមជាមួយ​អង្គការ​រ​ដ្ឋ​អាមេរិក (OAS) ទទួលស្គាល់​ឡើយ​។​
 
​បុរស​ខ្លាំង​វេ​ណេ​ស៊ុយ​អេ​ឡា​ខាងលើ កន្លងមក​ក៏បាន​ទិតៀន​កូ​ឡុំ​ប៊ី និង​ប្រេ​ស៊ី​ចំៗ​ថា ចូល​ដៃ​ចូល​ជើង​ជាមួយ​អាមេរិក​ដើម្បី​ត្រៀម​ផ្តួលរំលំ​របប​ដឹកនាំ​ខ្លួន​ដែរ ប៉ុន្តែ​ប្រទេសជិតខាង​ទាំងពីរ​នេះ​បាន​ទាត់ចោល​ការចោទប្រកាន់​ជារឿយ​។​
 
​ដោយឡែក លោក ប៉ុ​ម​ប៉េ​អូ ក៏បាន​អរគុណ និង​កោត​សរសេរ​ដល់​កូ​ឡុំ​ប៊ី​ដែល​បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុងការ​ដោះស្រាយ​បញ្ហា​ជនភៀសខ្លួន​ពី​វេ​ណេ​ស៊ុយ​អេ​ឡា​ដែល​ឆ្លងដែន​ចូលមក​រស់នៅក្នុង​ទឹកដី​កូ​ឡុំ​ប៊ី​មួយ​លាន​នាក់​រួច​ទៅហើយនោះ​។ ទន្ទឹមនឹងនោះ លោក​បាន​រៀបរាប់​ពី​ការប្រឹងប្រែង​របស់​អាមេរិក​ក្នុង​ការជួយ​គាំទ្រ​ជា​ហិរញ្ញវត្ថុ​ចំពោះ​ចំណាត់ការ​ដោះស្រាយ​វិបត្តិ​មនុស្សធម៌​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​តាមរយៈ​កូ​ឡុំ​ប៊ី​ដែរ​។ តាម​សម្តី​លោក ប៉ុ​ម​ប៉េ​អូ អាមេរិក​ជួយ​លុយ​ជិត ៩២ លាន​ដល់​កូ​ឡុំ​ប៊ី​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ 
 
​មកដល់​បច្ចុប្បន្ន ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា​យ៉ាងហោចណាស់ ២,៣​លាន​នាក់​បាន​រត់​ចាកចោល​ស្រុក និង​ទៅ​ជ្រកកោន​នៅ​ប្រទេសជិតខាង ដោយសារ​ភាពក្រីក្រ វិបត្តិ​សេដ្ឋកិច្ច និង​សង្គម​ដែល​បាន​ផ្ទុះឡើង​ចាប់ពី​ឆ្នាំ ២០១៤​មក​នោះ​។ ប្រជាជន​ខ្វះខាត​សព្វគ្រប់​ទាំង​ស្បៀងអាហារ ថ្នាំសង្កូវ រួមទាំង​សេវាសាធារណៈ​ដូចជា​ទឹក ភ្លើង និង​ការដឹកជញ្ជូន​ផង​។​
 
 

Tag:
 កូ​ឡុំ​ប៊ី​
 ​អាមេរិក​
  វេ​ណេ​ស៊ុយ​អេ​ឡា​
© រក្សាសិទ្ធិដោយ thmeythmey.com