ជាតិ
សង្គមជាតិ
សត្វ​ក្រៀល​១០២​ក្បាល ត្រូវបាន​រកឃើញ​នៅក្នុង​តំបន់​ការពារ​ខេត្តតាកែវ និង​កំពត
03, Jan 2019 , 8:19 pm        
រូបភាព
រូបពីអង្គការ BirdLife Cambodia
រូបពីអង្គការ BirdLife Cambodia
ដោយ:
​សត្វ​ក្រៀល​ចំនួន​១០២​ក្បាល ត្រូវបាន​គេ​ធ្វើ​ជំរឿន​ឃើញ​នៅ​តំបន់​ការពារ​បឹង​ព្រែក​ល្ពៅ ខេត្តតាកែវ និង​អន្លង់​ព្រីង ខេត្តកំពត​។ ដើម្បី​អភិរក្ស​សត្វ​ក្រៀល​ដែល​ជិត​ផុត​ពូជ​នៅ​កម្ពុជា អង្គការ BirdLife Cambodia នឹង​បន្ត​អនុវត្ត​កិច្ច​ការធ្វើជំរឿន​រកស​ត្វ​ក្រៀល​នេះ រហូតដល់​ខែឧសភា ឆ្នាំ​២០១៩​។ គេ​ប៉ាន់​ស្មានថា សត្វ​ក្រៀល​នេះ អាច​នឹងមាន​ចំនួន​កើនឡើង​ជាង​ឆ្នាំ​២០១៧​។


 
​លោក ប៊ូ វរ​សក្ស នាយក​កម្មវិធី​នៃ​អង្គការ​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជា​(BirdLife Cambodia) បាន​និយាយថា លទ្ធផល​ពី​ការធ្វើជំរឿន​ឃើញ​សត្វ​ក្រៀល​ចំនួន​១០២​ក្បាល គឺជា​ភាពជោគជ័យ​ដ៏​ធំ​មួយ​នៃ​ការពារ​សត្វ​ក្រៀល​។ លោក បាន​បន្ថែមថា ការអនុវត្ត​កិច្ចការងារ​ជំរឿន​នេះ ត្រូវបាន​ធ្វើជា​រៀងរាល់ឆ្នាំ ដើម្បី​ឲ្យ​ដឹង​ពី​ចំនួន​ការកើនឡើង និង​ការធ្លាក់ចុះ​នៃ​ចំនួន​សត្វ​ក្រៀល​។ 


រូបពីអង្គការ BirdLife Cambodia
 
«​ជារួម​យើង​បាន​រកឃើញ​សត្វ​ក្រៀល​ចំនួន​១០២​ក្បាល ដែល​វា​ហោះហើរ​ពី​ខេត្តព្រះវិហារ មក​ធ្វើ​ជម្រក​ដើម្បី​បន្ត​ពូជ នៅ​ខេត្តតាកែវ និង​កំពត​។ នេះ​យើង​គ្រាន់តែ​ធ្វើ​ជំរឿន​ឃើញតែ​នៅ​ខេត្ត​ពីរ​នេះ​ប៉ុណ្ណោះ យើង​សង្ឃឹមថា នឹងមាន​សត្វ​ក្រៀល​នៅ​តំបន់​ផ្សេងៗ​ទៀតផង​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ប៊ូ វរ​សក្ស ដែល​បាន​ប្រាប់​ដល់​អ្នកសារព័ត៌មាន​Thmey Thmey តាមរយៈ​ទូរ​សព្ទ ដែល​បាន​បន្ថែមថា ការកើនឡើង​ចំនួន​សត្វ​ក្រៀល វា​ជា​ក្តីសង្ឃឹម​នៃ​ការអភិរក្ស​ប្រភេទ​សត្វ​ដ៌​កម្រ​មួយ​នេះ​។​
 
​បើតាម​នាយក​អង្គការ BirdLife Cambodia សត្វ​ក្រៀល​គឺជា​សត្វ​ដែល​ងាយ​នឹង​ផុត​ពូជ​បំផុត ដោយសារតែ​បាត់បង់​ទីជម្រក និង​ការ​បរបាញ់​សត្វ​ក្រៀល​ខុសច្បាប់​។ លោក ប៊ូ វរ​សក្ស បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​មាន​គម្រោង​វែងឆ្ងាយ ដើម្បី​បន្ត​ការអភិរក្ស​សត្វ​ក្រៀល រាល់​ទីតាំង​ដែលមាន​វត្តមាន​សត្វ​ក្រៀល​រស់នៅ​ទាំងអស់ យើង​បានធ្វើការ​សហការគ្នាជាមួយ​ក្រសួងបរិស្ថាន ដើម្បី​ដាក់​តំបន់​ទាំងនោះ​ជា​តំបន់​ការពារ ដោយ​ដាក់​អ្នក​ល្បាត​ជាប្រចាំ ក្នុងការ​ទប់ស្កាត់​សកម្មភាព​បរបាញ់​ប្រភេទ​សត្វ​ស្លាប​នេះ​។ ជាមួយគ្នា​ផងដែរ យើង​ក៏បាន​បង្កើតជា​សេវាកម្ម​អេកូ​ទេសចរណ៍​នៅ​តំបន់​អន្លង់​ព្រីង ខេត្តកំពត សម្រាប់​ឲ្យ​ភ្ញៀវទេសចរ​មក​ទស្សនា​សត្វ​ក្រៀល​ផងដែរ​»​។ 


រូបពីអង្គការ BirdLife Cambodia
 
​នាយក​អង្គការ  BirdLife Cambodia រូបនេះ​បន្តថា ការធ្វើជំរឿន​រយៈពេល​៥​ឆ្នាំ​កន្លងទៅ បាន​បង្ហាញថា ចំនួន​សត្វ​ក្រៀល​នៅ​កម្ពុជា​កំពុងតែ​មានការ​កើនឡើង ចំណែក​សត្វ​ក្រៀល​នៅ​ប្រទេស​ថៃ​បាន​បាត់​ផុត​ពូជ​អស់​ទៅហើយ​។  ចំនួន​សត្វ​ក្រៀល​ដែល​រស់នៅ​ច្រើនជាងគេ គឺ​មានតែ​នៅក្នុង ប្រទេស​អូ​ស្រា្ត​លី ឥណ្ឌា ភូមា វៀតណាម និង​កម្ពុជា តែប៉ុណ្ណោះ​។ ដោយឡែក​កម្ពុ​ជាមាន​ចំនួន​សត្វ​ក្រៀល​ប្រមាណ​៩០០​ក្បាល ដែល​គេ​ចាត់ទុកថា​កម្ពុជា មានការ​កើនឡើង​ចំនួន​សត្វ​ស្លាប​ប្រភេទ​នេះ​។ 
 
​ក្រៀល គឺជា​សត្វ​ស្លាប​ដែលមាន​កម្ពស់​ខ្ពស់​ជាងគេ​បង្អស់ រហូតដល់​១,៦៥​ម៉ែត្រ ហើយ​អាច​ហោះហើរ​បាន​ខ្ពស់​ជាងគេ​ផងដែរ​។ វា​ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ ICUN ជា​ប្រភេទ​សត្វ​ដែល​ងាយ​នឹងរង​គ្រោះ ដោយសារ​សកម្មភាព​បរបាញ់  និង​ការបាត់បង់​ជម្រក​ដី​សើម​។ តំបន់​ការពារ​បឹង​ព្រែក​ល្ពៅ និង​អន្លង់​ព្រីង គឺជា​ជម្រក​ដ៏​សំខាន់​សម្រាប់​ហ្វូង​សត្វ​ក្រៀល​ធ្វើ​សំបុក និង​ពង​កូន​៕ 

Tag:
 សត្វ​ក្រៀល​
 ​ជំរឿន​
© រក្សាសិទ្ធិដោយ thmeythmey.com