ជាតិ
សេដ្ឋកិច្ច
កាស៊ីណូ ត្រឹមដាច់ឆ្នាំ២០១៨ រដ្ឋាភិបាលបានផ្ដល់អាជ្ញាបណ្ណ ១៥០ ភាគច្រើននៅព្រះសីហនុ
× ភ្នំពេញ៖ ការផ្ដល់អាជ្ញាបណ្ណឲ្យបង្កើតកាស៊ីណូ មានសន្ទុះកើនឡើង។ សរុបមកដល់បំណាច់ឆ្នាំ២០១៨ រដ្ឋាភិបាលបានផ្ដល់អាជ្ញាបណ្ណចំនួន ១៥០ ដល់វិនិយោគិន ដែលកើនឡើង ៥៣ភាគរយ ធៀបនឹងបំណាច់ឆ្នាំ២០១៧ ។
ក្នុងចំនួនកាស៊ីណូ ១៥០ អាជ្ញាបណ្ណនេះ ខេត្តព្រះសីហនុមាន ៨៨ទីតាំងទៅហើយ។ នេះបើតាមការដកស្រង់តួលេខពីអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយកាសែតភ្នំពេញប៉ុស្ដិ៍ ចុះថ្ងៃទី២ខែមករា។
លោក រស់ ភីរុណ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ មិនបានបង្ហាញតួលេខថវិកាចូលរដ្ឋពីអាជីវកម្មកាស៊ីណូនេះទេ ដោយលោកអះអាងថាក្រសួងកំពុងរៀបចំរបាយការណ៍។ តែលោកប្រាប់ថា រដ្ឋាភិបាលមានទិសដៅប្រមូលប្រាក់ចំណូលពីវិស័យនេះចំនួន ៥៦ លានដុល្លារនៅឆ្នាំ២០១៨។
បើតាមលោក ភីរុណ ច្បាប់គ្រប់គ្រងកាស៊ីណូ និងអាជីវកម្មភ្នាល់ល្បែង កំពុងស្ថិតក្នុងនីតិវិធីពង្រាង ដែលសង្ឃឹមថារដ្ឋកាន់តែប្រមូលចំណូលបានច្រើន ពេលច្បាប់នេះដាក់អនុវត្ត។
ខេត្តព្រះសីហនុ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ កំពុងទទួលបានកំណើនដ៏គំហុកនៃភ្ញៀវទេសចរ និងវិនិយោគចិន។ ទោះជាការវិនិយោគទាំងនោះ បានទទួលការស្វាគមន៍ពីរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានក្ដី តែការវិនិយោគដែលដណ្ដើមផលប្រយោជន៍រាប់តាំងពីការងារ សេវាកម្ម-អាជីវកម្មតូចៗ និងវត្តមានកាស៊ីណូយ៉ាងច្រើន រងការិះគន់។ មានការបារម្ភថា វត្តមានកាស៊ីណូកំពុងប្រែក្លាយមុខមាត់តំបន់ឆ្នេរដ៏ស្រស់ស្អាតនេះ ទៅជាតំបន់បនល្បែងដ៏ពេញនិយមទៅវិញ និងបង្កអន្តិសុខសង្គម។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លើកឡើងថា កំណើនវត្តមានការស៊ីណូ គឺជានិន្នាការគួរឲ្យព្រួយបារម្ភអំពីហានិភ័យសង្គម។ លោកសង្កត់ធ្ងន់ថា បើគ្មានការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងនោះទេ សន្ទុះអាជីវកម្មល្បែងស៊ីសង នឹងក្លាយជាហេតុមួយនៃផលប៉ះពាល់សង្គម។
បើតាមលោក ឈាង វណ្ណារិទ្ធិ ដែលបានផ្ដល់កិច្ចសម្ភាសដល់សារព័ត៌មានថ្មីៗ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលគួរដកបទពិសោធន៍ពីបរទេស ដែលសើរើលើការវិនិយោគណាដែលមិនផ្ដល់ប្រយោជន៍សេដ្ឋកិច្ច ឬប៉ះពាល់សង្គម។ លោកបានសង្កត់ធ្ងន់លើការវិនិយោគកាស៊ីណូនៅកម្ពុជា ដែលគួរពិនិត្យឡើងវិញ។ លោកថ្លែងដូច្នេះថា៖«(ការវិនិយោគចិន) នៅមានកង្វះខាតច្រើន ដោយសារតែការនាំចូលកម្លាំងពលកម្ម ខ្វះតម្លាភាព ជាដើម ហើយការវិនិយោគលើវិស័យកាស៊ីណូ អត់ផ្ដល់ផលប្រយោជន៍ដល់ប្រជាជនរបស់យើងច្រើនទេ ដូចនេះយើងជាម្ចាស់ផ្ទះត្រូវទទួលខុសត្រូវលើផលប៉ះពាល់ទាំងឡាយដែលកើតចេញពីការវិនិយោគបរទេស»៕
© រក្សាសិទ្ធិដោយ thmeythmey.com