កីឡាអន្តរជាតិ
អន្តរជាតិ
Bocas តែងតាំង Alfaro ជា​គ្រូ​ថ្មី ជំនួស Schelotto ដែល​ទៅ​ដឹកនាំ LA Galaxy
03, Jan 2019 , 9:19 pm        
រូបភាព
​ក្លិប Boca Juniors បានសម្រេច​តែងតាំង​លោក Gustavo Alfaro ជា​គ្រូបង្វឹក​ថ្មី​ដើម្បី​ជំនួស​លោក Guillermo Barros Schelotto ដែល​បាន​ទៅ​ចូលរួម​ជាមួយ​ក្រុម LA Galaxy នៃ​លី​គ​បា​ទាត់​អាមេរិក MLS​។ នេះ​បើតាម​ការប្រកាស​របស់​ក្លិប​នៅ​អា​ហ្ស​ង់​ទីន Bocas នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៩​។​


 
​លោក Alfaro សញ្ជាតិ​អា​ហ្ស​ង់​ទីន វ័យ ៥៦ ឆ្នាំ បាន​ចាក​ចេញពី​ក្លិប Atlético Huracán នៃ​លី​គ​បាល់ទាត់​កំពូល​អា​ហ្ស​ង់​ទីន កាលពី​ខែធ្នូ​កន្លងទៅ​។ បន្ទាប់មក​លោក​ត្រូវបាន​ណែនាំ​ជា​ផ្លូវការ​ដល់​អ្នកគាំទ្រ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នាទី​ក្រុង Buenos Aires ដើម្បី​ឡើងជា​គ្រូ​ថ្មី​របស់ Bocas នៅក្រោយ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​លោក Barros Schelotto ប្រកាស​ទៅ​ចូលរួម​ជាមួយ​ក្លិប​នៅ​អាមេរិក​។​


 
Barros Schelotto បាន​ចាក​ចេញពី Bocas កាលពី​ខែធ្នូ ភ្លាមៗ​ក្រោយពី​ពួកគេ​បរាជ័យ​ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ដណ្តើមពាន Copa Libertadores ទល់នឹង River Plate​។ 
 
​ក្រោយ​ការតែងតាំង​នេះ លោក Alfaro លើកឡើងថា​លោក​ដឹង​ពីអ្វី​ដែលជា​អាទិភាព​ក្នុងការ​ដឹកនាំ​ក្លិប​មួយ​ស្ថិត​ក្នុងចំណោម​ក្លិប​ធំៗ នៅ​តំបន់​អាមេរិក​ឡាទីន​។​
 
​លោក​បន្ថែមថា ពានរង្វាន់ Copa Libertadores គឺជា​សេចក្តីប្រាថ្នា​ដ៏​ធំ​សម្រាប់​ក្លិប​កីឡាបាល់ទាត់​នៅ​តំបន់​នេះ​៕
 

Tag:
 បាល់ទាត់​
  Boca Juniors
  Gustavo Alfaro
© រក្សាសិទ្ធិដោយ thmeythmey.com