កីឡាអន្តរជាតិ
អន្តរជាតិ
Bocas តែងតាំង Alfaro ជាគ្រូថ្មី ជំនួស Schelotto ដែលទៅដឹកនាំ LA Galaxy
× ក្លិប Boca Juniors បានសម្រេចតែងតាំងលោក Gustavo Alfaro ជាគ្រូបង្វឹកថ្មីដើម្បីជំនួសលោក Guillermo Barros Schelotto ដែលបានទៅចូលរួមជាមួយក្រុម LA Galaxy នៃលីគបាទាត់អាមេរិក MLS។ នេះបើតាមការប្រកាសរបស់ក្លិបនៅអាហ្សង់ទីន Bocas នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩។
លោក Alfaro សញ្ជាតិអាហ្សង់ទីន វ័យ ៥៦ ឆ្នាំ បានចាកចេញពីក្លិប Atlético Huracán នៃលីគបាល់ទាត់កំពូលអាហ្សង់ទីន កាលពីខែធ្នូកន្លងទៅ។ បន្ទាប់មកលោកត្រូវបានណែនាំជាផ្លូវការដល់អ្នកគាំទ្រនៅក្នុងសន្និសីទសារព័ត៌មាននាទីក្រុង Buenos Aires ដើម្បីឡើងជាគ្រូថ្មីរបស់ Bocas នៅក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីលោក Barros Schelotto ប្រកាសទៅចូលរួមជាមួយក្លិបនៅអាមេរិក។
Barros Schelotto បានចាកចេញពី Bocas កាលពីខែធ្នូ ភ្លាមៗក្រោយពីពួកគេបរាជ័យក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមពាន Copa Libertadores ទល់នឹង River Plate។
ក្រោយការតែងតាំងនេះ លោក Alfaro លើកឡើងថាលោកដឹងពីអ្វីដែលជាអាទិភាពក្នុងការដឹកនាំក្លិបមួយស្ថិតក្នុងចំណោមក្លិបធំៗ នៅតំបន់អាមេរិកឡាទីន។
លោកបន្ថែមថា ពានរង្វាន់ Copa Libertadores គឺជាសេចក្តីប្រាថ្នាដ៏ធំសម្រាប់ក្លិបកីឡាបាល់ទាត់នៅតំបន់នេះ៕
Tag:
បាល់ទាត់
Boca Juniors
Gustavo Alfaro
© រក្សាសិទ្ធិដោយ thmeythmey.com