កីឡាអន្តរជាតិ
អន្តរជាតិ
Son ស្ថិតក្នុង​ចំណោម​កីឡាករ​៥​រូប​ដែល​នឹងធ្វើ​ព្យុះភ្លៀង​នៅ Asian Cup 2019
03, Jan 2019 , 6:19 pm        
រូបភាព
​ព្រឹត្តិការណ៍​ការប្រកួត​ដណ្តើមពាន​រង្វាន់ AFC Asian Cup ឆ្នាំ​២០១៩ នឹង​ចាប់ផ្តើម​នៅ​ចុង​សប្តាហ៍​នេះ​។ ក្រៅពី​ម្ចាស់ផ្ទះ​អេ​មេ​រ៉ា​ត​អារ៉ាប់​រួម មាន​ក្រុម​មកពី​តំបន់​អាស៊ី ២៣ ប្រទេស​ផ្សេងទៀត​ចូលរួម​ប្រកួតប្រជែង​ចាប់ពី​ថ្ងៃទី​៥ ខែមករា រហូតដល់​ថ្ងៃទី​១ ខែកុម្ភៈ ពោល​គឺមាន​រយៈពេល​២៨​ថ្ងៃ​។​


 
Asain Cup 2019 លើក​ទី​១៧​នេះ ចែកចេញជា​៦​ពូ​ល ពី A ដល់ F ដោយ​ក្នុង​មួយ​ពូ​ល​មាន​៤​ក្រុម ដែលមាន​ការប្រកួត​សរុប​៦២​លើក​។​
​ខណៈពេលដែល​ការប្រកួត​នៅ​មិនទាន់​ចូលមក​ដល់ សារព័ត៌មាន​ថ្មីៗ​នឹង​បង្ហាញ​លោកអ្នក​អំពី​កីឡាករ​សំខាន់ៗ​ចំនួន​៥​រូប​ដែល​នឹង​ទទួល​ការចាប់អារម្មណ៍​ខ្លាំង​បំផុត​នា​ព្រឹត្តិការណ៍​នេះ​។​
 
១. Son Heung-min (​កូរ៉េខាងត្បូង​) ជា​កីឡាករ​កំពុង​លេចធ្លោ​ខ្លាំង​នៅក្នុង​ក្របខណ្ឌ Premier League តាមរយៈ​ការ​ស៊ុត​បញ្ចូល​ជាច្រើន​គ្រាប់​ដើម្បី​ជួយ Tottenham Hotspur ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​បណ្តោះអាសន្ន​រដូវ​កាល​នេះ​។ សម្រាប់​ក្រុម​ជម្រើសជាតិ Son ក៏​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ផងដែរ​នា​ការប្រកួត World Cup នៅ​រុស្ស៊ី ដែល​ជួយ​ក្រុម​យកឈ្នះ​អាល្លឺម៉ង់​ដល់​ទៅ ២-០​។ 


 
​កូរ៉េខាងត្បូង​ស្ថិតនៅ​ពូ​ល C ជាមួយ​ចិន កៀ​ហ្ស៊ី​ស៊ី​ស្ថាន និង​ហ្វីលីពីន​។ ជំនួប​ដំបូង កូរ៉េខាងត្បូង​ត្រូវ​តទល់​ជាមួយ​ហ្វីលីពីន នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៩​។​
 
២. Wu Lei (​ចិន​) ជា​ខ្សែបម្រើ​ឆ្នើម​របស់​ក្លិប Shanghai SIPG F.C នៃ​លី​គ​បាល់ទាត់​កំពូល​ចិន (Chinese Super League) រដូវ​កាល​នេះ ដោយ​កំពុង​ឈរ​ជា​អ្នក​ស៊ុត​ចូល​ទី​ច្រើនជាងគេ​ចំនួន​២៧​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​២៩​ប្រកួត​ក្នុង​លី​គ​។ Lei ជាប់​ជម្រើស​ជាតិចិន​៥៩​លើក និង​សម្រេច​ទី​បាន​១៣​គ្រាប់​ផងដែរ​។​


 Wu Lei (ខាងស្តាំ)
 
៣. Ali Mabkhout (​អេ​មេ​រ៉ា​ត​អារ៉ាប់​រួម​) ជា​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម Al Jazira​។ Mabkhout ជា​អ្នក​ស៊ុត​ច្រើនជាងគេ​នៅ Asian Cup ឆ្នាំ​២០១៥ និង​ជា​អ្នក​ស៊ុត​គ្រាប់​ជ័យជម្នះ​ដើម្បី​ជួយ​ជម្រើសជាតិ​អេ​មេ​រ៉ា​ត​អារ៉ាប់​រួម​យកឈ្នះ​អ៊ីរ៉ាក់​យក​ចំណាត់ថ្នាក់​លេខ​៣ នា​ព្រឹត្តិការណ៍​នោះ​ទៀត​ផងដែរ​។ ខ្សែប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​រូបនេះ​រក​គ្រាប់​បាល់​បញ្ចូល​ទី​ឲ្យ​ជម្រើសជាតិ​៤៤​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​៦៥​ប្រកួត​។ 


 
​ម្ចាស់ផ្ទះ​អេ​មេ​រ៉ា​ត​អារ៉ាប់​រួម ស្ថិតនៅ​ពូ​ល A ត្រូវ​តទល់​ជាមួយ បា​រ៉ែ​ន ឥណ្ឌា និង ថៃ​។ 
 
៤. Maya Yoshida (​ជប៉ុន​) ជា​ខ្សែការពារ​ដ៏​រឹងមាំ​មួយរូប​របស់​ក្លិប Southampton នៅ Premier League​។ ប្រធាន​ក្រុម​ជម្រើសជាតិ​ជប៉ុន វ័យ​៣០​រូបនេះ ដើរ​តូ​យ៉ាងសំខាន់​ក្នុង​ការនាំ​ក្រុម​រហស្សនាម​សា​ម៉ូ​រ៉ៃ​លើក​ពាន Asian Cup នេះ​ក្នុង​ឆ្នាំ​២០១១​។​
​ជប៉ុន​ស្ថិតនៅ​ពូ​ល F ត្រូវ​ប៉ះ អូ​ម៉​ង់ តួ​ក​ម៉េ​នី​ស្ថាន និង អ៊ូ​ស​បេ​គី​ស្ថាន​។​


 
៥. Mat Ryan (​អូស្ត្រាលី​) ជា​អ្នកចាំទី​ដៃ​ទីមួយ​របស់​ក្លិប Brighton & Hove Albion នៅ Premier League​។ Ryan វ័យ​២៦​ឆ្នាំ ធ្លាប់​បង្ហាញខ្លួន​ឲ្យ​អូស្ត្រាលី​នៅ World Cup ពីរលើក​ចុងក្រោយ និង​ជា​បេក្ខភាព​ម្នាក់​ក្នុង​ការជួយ​ក្រុម​រហស្សនាម Socceroos លើក​ពាន Asian Cup ឆ្នាំ​២០១៥​ផងដែរ​។​


 
​ក្រុម​ការពារ​តំណែង​ជើងឯក​អូស្ត្រាលី នឹងត្រូវ​តទល់​ជាមួយ ហ្សកដានី ប៉ា​ឡេ​ស្ទី​ន និង ស៊ី​រី ក្នុងការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល B៕
 
 
 

Tag:
 បាល់ទាត់​
  Asian Cup
  Son Heung-min
© រក្សាសិទ្ធិដោយ thmeythmey.com