សៀមរាប៖ មន្ទីរពេទ្យកុមារអង្គរ បានសហការជាមួយក្លឹបប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប រៀបចំរាត្រីសប្បុរសធម៌រៃអង្គាសថវិកាគាំទ្រការព្យាបាលកុមារកាលពីថ្ងៃទី២៨ ធ្នូ ដោយមានអ្នកចូលរួមប្រមាណ ៣០០នាក់។ ទាំងថវិកាពីសប្បុរសជន និងការដេញថ្លៃវត្ថុមួយចំនួន ធ្វើឱ្យកម្មវិធីនេះអាចរៃអង្គាសថវិកាជាង ៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ អ្នកចូលរួមបាននិយាយថា ការបរិច្ចាគថវិកាជួយទ្រទ្រង់ការព្យាបាលកុមារដោយឥតគិតថ្លៃរបស់មន្ទីរពេទ្យកុមារអង្គរ គឺជាភារកិច្ចរបស់ពលរដ្ឋគ្រប់រូបក្នុងការជួយសង្គមជាតិ។
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកស្រី អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ
ហួសពីការរំពឹងទុក រាត្រីសប្បុរសធម៌រៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ គឺមានអ្នកចូលរួមច្រើន និងអាចរកថវិកាជាងអ្វីដែលរំពឹង។ សប្បុរសជនដែលចូលរួមក្នុងពិធីនេះមានប្រមាណ ៣០០នាក់ ហើយថវិកាដែលបានពីការចូលរួម ក៏ដូចជាដេញថ្លៃរបស់ប្រើប្រាស់មួយចំនួន ធ្វើឱ្យពិធីសប្បុរសធម៌ចុងឆ្នាំ ២០១៨ អាចរកថវិកាបានជាង ៣ម៉ឺនដុល្លារ ដែលអ្នករៀបចំរំពឹងត្រឹមតែ ២ម៉ឺនដុល្លារតែប៉ុណ្ណោះ។
លោក កៅ ហ្វីលីព ប្រធានក្លឹបប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាបបានលើកឡើងក្នុងពិធីដែលធ្វើនៅសណ្ឋាគារ ម៉េម័រ ផាឡេស រីសតនៅពេលនោះថា ក្លឹបនេះបង្កើតឡើងដើម្បីរួមគ្នាធ្វើឱ្យវិស័យទេសចរណ៍ខេត្តសៀមរាបមាននិរន្តរភាព ក្នុងនោះក្លឹបនេះក៏មានបំណងចូលរួមគាំទ្រសេវាសុខាភិបាលរបស់កុមារផងដែរ។
ជាក្លឹបប្រតិបត្តិករទេសចរណ៍ដ៏មានសក្កានុពលមួយនៅខេត្តសៀមរាប ដូច្នេះលោក កៅ ហ្វីលីព បង្ហាញពីក្ដីរីករាយ នៅពេលបានគៀងគរសប្បុរសជនទាំងសមាជិក និងសប្បុរសជននានាចូលរួមក្នុងពិធីដែលលោកយល់ថាមានសារសំខាន់មួយនេះ។
អនុប្រធានមន្ទីរពេទ្យកុមារអង្គរ លោក ទេព ណាវី បានឱ្យដឹងដែរថា ថវិកាដែលបាននិងកំពុងទ្រទ្រង់ចំណាយក្នុងមន្ទីរពេទ្យកុមារនាពេលបច្ចុប្បន្ន គឺមានប្រភពមកពីមូលនិធិរដ្ឋាភិបាល និងពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស។ លោកបន្ថែមថា មន្ទីរពេទ្យតែងស្វះស្វែងរកថវិកាដើម្បីទ្រទ្រង់ការចំណាយដែលចំណាយជាប្រចាំឆ្នាំប្រមាណ ៦,៥លានដុល្លារ។
ជាមួយនឹងការចូលរួមពីសប្បុរសជននេះដែរ លោក ទេព ណាវី កត់សម្គាល់ឃើញថា នារយៈពេល៣ឆ្នាំចុងក្រោយនេះ ការចូលរួមពីសប្បុរសជននៅក្នុងស្រុកមានសកម្មភាពផុសផុលគួរឱ្យកត់សម្គាល់ ដែលនេះសបញ្ជាក់ពីការឈឺឆ្គាលរបស់ពលរដ្ឋខ្មែរក្នុងការទ្រទ្រង់សកម្មភាពព្យាបាលកុមាររបស់មន្ទីរពេទ្យកុមារអង្គរ។
ប្រធានគ្រប់គ្រងទូទៅនៃសណ្ឋាគារ ១៩២០ កញ្ញា លីហ្សា ដែលបានចូលរួមក្នុងរាត្រីសប្បុរសធម៌នោះដែរ បានឱ្យដឹងថា ការចូលរួមបរិច្ចាគថវិកាជួយមន្ទីរពេទ្យនេះគឺជាក្ដីសុខមួយរបស់កញ្ញា ពិសេសបានជួយកុមារដែលជាទំពាំងស្នងឬស្សីរបស់សង្គមជាតិ។ កញ្ញាក៏សុំឱ្យអ្នកដែលមិនទាន់បានចូលរួមនៅលើកនេះ គួរចូលរួមនៅពេលក្រោយទៀត ដើម្បីរួមចំណែកជួយសង្គមជាតិ។
ឯលោក សុវណ្ណ ម្ចាស់ផ្សារផលិតផលកម្ពុជា ដែលតែងបង្ហាញវត្តមានជាហូរហែជាមួយជំនួបប្រតិបត្តិករទេសចរណ៍រៀងរាល់ខែនោះ ក៏យល់ថា ការចូលរួមរបស់លោកមានសារសំខាន់ដែរ។ លោកថា ពលរដ្ឋម្នាក់ៗមិនគួរគិតតែប្រយោជន៍ផ្ទាល់ខ្លួនតែមួយមុខនោះទេ ក្នុងនោះក៏ត្រូវមានចំណែកណាមួយសម្រាប់ជួយសង្គមផងដែរ។
អភិបាលរងខេត្តសៀមរាប លោក ពិន ប្រាកដ ដែលបានចូលរួមជាអធិបតីភាពក្នុងរាត្រីសប្បុរសធម៌នៅពេលនោះ បានកោតសរសើរចំពោះការរៀបចំពិធីនេះ ដោយវាបង្ហាញពីការចូលរួមរបស់ពលរដ្ឋគ្រប់រូបក្នុងសកម្មភាពជួយកុមារក្រីក្រកម្ពុជា។ លោកអំពាវនាវដល់សាធារណជនគ្រប់រូបចូលរួមបន្ថែមដើម្បីដំណើរការតទៅមុខទៀតរបស់មន្ទីរពេទ្យកុមារអង្គរ៕