កីឡាជាតិ
ជាតិ
ព្រឹត្តិការណ៍​«​ថ្មើរជើង​ប្រវត្តិសាស្ត្រ​» ជា​ឱកាស​សិក្សា​ឲ្យ​ស៊ីជម្រៅ​ពី​របប​ខ្មែរក្រហម​
03, Jan 2019 , 10:39 pm        
រូបភាព
ដោយ:
​គិត​ត្រឹម​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩ មាន​មនុស្ស​ជាង​១​ពាន់​នាក់​ហើយ បាន​ចុះឈ្មោះ​ចូលរួម​រត់ និង​ដើរ​ក្នុង​ព្រឹត្តិការណ៍​«​ថ្មើរជើង​ប្រវត្តិសាស្ត្រ​»​ទៅកាន់​តំបន់​តស៊ូ​ចុងក្រោយ​នៃ​របប​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរក្រហម​នៅ​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ក្រៅពី​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​ទៅ​ទស្សនា​តំបន់​ទេសចរណ៍​ទីនោះ ការអប់រំ និង​បញ្ជ្រាប​ការយល់ដឹង​ពី​ប្រវត្តិសាស្ត្រ​នៃ​របប​នេះ​ដល់​ពលរដ្ឋ និង​យុវជន ក៏​ស្ថិតក្នុង​គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះដែរ​។

 
​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា មកទល់ពេលនេះ​មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ពិសេស​ថៃ ជាង​១​ពាន់​នាក់​ហើយ បាន​ចុះឈ្មោះ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​«​ថ្មើរ​ប្រវត្តិសាស្ត្រ​» ទៅកាន់​តំបន់​តស៊ូ​ចុងក្រោយ​នៃ​របប​ខ្មែរក្រហម​។ នេះ​ជា​ឱកាស​ដ៏​សំខាន់​សម្រាប់​សាធារណជន​ក្នុងការ​សិក្សា​ឲ្យ​បាន​ស៊ីជម្រៅ​ពី​អតីតកាល​នៃ​របប​នេះ ព្រោះ​អន្លង់វែង​ជា​តំបន់​ប្រវត្តិសាស្ត្រ​នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​។ 
 
«​យើង​សហការ​ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​ស្រាវជ្រាវ​ពី​ប្រវត្តិ​របប​ខ្មែរក្រហម គាត់​នឹង​នៅចាំ​ទីនោះ ហើយ​គាត់​នឹង​ផ្សព្វផ្សាយ អប់រំ​ដល់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ជាមួយ​មន្ទីរ​ទេសចរ​ណ៍​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​កាន់កាប់​នៅ​ទីនោះ​។ យើង​នឹង​ប្រាប់​ពី​ការបញ្ចប់​សង្គ្រាម​ចុងក្រោយ​របស់​ខ្មែរក្រហម ការបែកបាក់ និង​បញ្ចប់​អង្គ​ការចាត់​តាំងរបស់​ខ្មែរក្រហម និង​មូលហេតុ​នៃ​បញ្ហា​ជាដើម​»​។ នេះ​ជាការ​លើកឡើង​របស់លោក វ៉ា​ត់ ចំរើន​។ 
 
​ក្រៅពី​អបអរ​ខួប​២០​ឆ្នាំ​នៃ​សន្តិភាព​ក្រោយ​បញ្ចប់សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ឆ្នាំ​១៩៩៨ ព្រឹត្តិការណ៍​«​ថ្មើរជើង​ប្រវត្តិសាស្ត្រ​» ក៏​ដើម្បី​ទាក់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ឲ្យ​ទស្សនា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ អប់រំ និង​បញ្ជ្រាប​ការយល់ដឹង​ពី​អនុស្សាវរីយ៍​ដ៏​ជូរចត់​នៃ​របប​ខ្មែរក្រហម និង​បង្កើត​ភាព​អ៊ូអរ​ដល់​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ដ៏​ស្ងប់ស្ងាត់​នេះ​ផងដែរ​។   
  
​ម្យ៉ាងវិញទៀត គឺ​ដើម្បី​ផ្សព្វផ្សាយ​និង​បំផុស​ចលនា​កីឡា​ឲ្យ​មហាជន ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្ត​នោះ​ឲ្យ​ងាក​មកលេង​កីឡា ដើម្បី​បង្កើន​សុខភាព មិត្តភាព និង​សាមគ្គីភាព​។ អ្វី​កាន់តែ​ពិសេស​នោះ គឺ​ការផ្តល់​ទំនុកចិត្ត​ផ្នែក​សន្តិភាព និង​បន្សាប​ភាពភ័យខ្លាច​នៃ​របប​ខ្មែរ​ដល់​ប្រជាពលរដ្ឋ ដែលមាន​ចិត្ត​ដិ​ប​ដាម​ជាមួយ​របប​នេះ​។ បើតាម​លោក វ៉ា​ត់ ចំរើន បច្ចុប្បន្ន​មាន​អតីត​កម្មាភិបាល​នៃ​របប​ខ្មែរ​មួយចំនួន​កំពុង​រស់នៅ​តំបន់​អន្លង់វែង​។ 
 
​ព្រឹត្តិការណ៍​នេះ​រៀបចំ​នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៩ លើ​ជួរ​ភ្នំ​ដងរ៉ែក ក្នុង​ស្រុង​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ព្រឹត្តិការណ៍​ដែល​បង្កើតឡើង​ដោយ​ក្រសួងទេសចរណ៍ សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​នេះ ចែកចេញជា​ពីរ​ផ្នែក គឺ​រត់​ចម្ងាយ​៣​គីឡូម៉ែត្រ និង​ដើរ​៥​គីឡូម៉ែត្រ​លើ​ភ្នំ​ដងរ៉ែក​។ ការរត់​៣​គីឡូម៉ែត្រ គឺ​ចេញដំណើរ​ពី​រមណីយដ្ឋាន​ផ្ទះ​តា​ម៉ុក​ទៅកាន់​រង្វង់​មូល​អន្លង់វែង​រួច​ត្រឡប់មក​បញ្ចប់​នៅ​កន្លែង​ចេញដំណើរ​វិញ​។ ចំណែក​ដើរ​៥​គីឡូម៉ែត្រ​ចេញដំណើរ​ពី​ច្រក​អន្តរជាតិ​ជាំ​ឆ្ពោះទៅកាន់​តំបន់​ប៉ូ​យ​តា​ម៉ុក និង​បញ្ចប់​នៅ​តំបន់​ប្រវត្តិសាស្ត្រ​ចុងក្រោយ​នៃ​របប​ខ្មែរក្រហម​៕   
 

Tag:
 រត់ប្រណាំង​
  ថ្មើរជើង​ប្រវត្តិសាស្ត្រ​
  អន្លង់វែង​
  ឧ​ត្ត​រ​មានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com