កីឡាអន្តរជាតិ
អន្តរជាតិ
Cazorla ស៊ុត​២​គ្រាប់​ជួយ Villarreal ទៅតំបន់សុវត្ថិភាព តែ​ធ្វើ​ឲ្យ Real ខកចិត្ត​
04, Jan 2019 , 1:28 pm        
រូបភាព
Santi Cazorla បានបង្ហាញ​សម្ថ​ភាព​ដ៏​អស្ចារ្យ​ដោយ​ស៊ុត​បាល់​បញ្ចូល​ទី​ពីរ​គ្រាប់​ម្នាក់ឯង​ដើម្បី​ជួយ Villarreal តាម​ស្មើ Real Madrid ក្នុង​លទ្ធផល ២-២ នា​ការប្រកួត​ក្របខណ្ឌ La Liga នៅ​រាត្រី​ថ្ងៃទី​៣ ខែមករា​។ លទ្ធផល​ស្មើ​នេះ​បានធ្វើ​ឲ្យ Real រិត​តែមាន​គម្លាត​ឆ្ងាយ​ពី​គូប្រជែង Barcelona រហូត​៧​ពិន្ទុ​។​


 
Cazorla បា​នរក​គ្រាប់​បាល់​ឲ្យ​ម្ចាស់ផ្ទះ Villarreal នាំមុខ​១​គ្រាប់​មុន នៅ​៤​នាទី​ដំបូង មុនពេល Karim Benzema និង Raphael Varane តែ​តម្នាក់​១​គ្រាប់​ដើម្បី​នាំ Real នាំមុខ ២-១ វិញ​ក្នុង​វគ្គ​ទី​១​។​

​ចូលដល់​វគ្គ​ទី​២​ក្រុម​ទាំងពីរ​បាន​បន្ត​វាយ​សម្រុក​គ្នា​ទៅវិញទៅមក​រហូតដល់​នាទី​៨២ ទើប​អតីត​សមាជិក​ក្រុម Arsenal ដដែល​បានតែ​ត​ក្បាល​បញ្ចូល​ទី​តាមរយៈ​ការបញ្ជូន​បាល់​យ៉ាង​ល្អ​ពី​ដៃគូ​តាម​ស្មើ​ក្រុម​ភ្ញៀវ​វិញ​។ ចប់​ការប្រកួត Villarreal ស្មើ Real Madrid ២-២​។​




២​គ្រាប់​របស់​ខ្សែបម្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ​៣៤​ឆ្នាំនេះ បាន​ជួយ Villarreal គេច​ផុតពី​តំបន់​ត្រូវ​កាត់ចោល​ផងដែរ ដោយ​ឡើងទៅ​ឈរ​ចំណាត់ថ្នាក់​ទី​១៧ ក្នុង​តារាង La Liga សប្តាហ៍​ទី​១៧​។ 
 
​ដោយឡែក Real Madrid នៅ​ឈរ​ចំណាត់ថ្នាក់​ទី​៤​ដដែល មាន​៣០​ពិន្ទុ ប៉ុន្តែ​មាន​គម្លាត​កាន់តែ​ឆ្ងាយ​ពី​ក្រុម​កំពូល​តារាង Barcelona រហូត​៧​ពិន្ទុ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ពិបាក​នឹង​ប្រជែង​ពាន La Liga រដូវ​កាល​នេះ​។ ក្រុម​លេខ​២ Atletico Madrid មាន​៣៤​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​លេខ​៣ Sevilla មាន​៣២​ពិន្ទុ​៕
 



Tag:
 បាល់ទាត់​
  Santi Cazorla
  Villarreal
© រក្សាសិទ្ធិដោយ thmeythmey.com