កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ទទួលបាន​ពាន Globe Soccer Awards នៅ​ឌូ​បៃ​
04, Jan 2019 , 8:19 pm        
រូបភាព
Cristiano Ronaldo បានទទួល​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ ២០១៨ (Globe Soccer Awards) ពី​កម្មវិធី​ដែល​រៀបចំឡើង​ក្នុង​ទីក្រុង​ឌូ​បៃ ប្រទេស​អេ​មេ​រ៉ា​ត​អារ៉ាប់​រួម នៅ​យប់​ថ្ងៃ​៣ ខែមករា ឆ្នាំ​២០១៩​។​


 
​ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Juventus រូបនេះ​បានធ្វើ​ដំណើរ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​នេះ​នៅឯ​សណ្ឋាគារ​លំដាប់​ផ្តា​យ​ប្រាំ Madinat Jumeirah ជាមួយ​មិត្តស្រី​នាង Georgina Rodriguez និង​កូនប្រុស Cristiano Junior​។​


 
Ronaldo បានចាត់ទុក​ពាន​នេះ​ជា​កាដូ​ឆ្នាំ​ថ្មី ឆ្នាំ​២០១៩​របស់ខ្លួន​តែម្តង​។ «​តើ​មាន​វិធី​ណា​ដែល​ល្អ​ជាង​នេះ​ដើម្បី​ចាប់ផ្តើម​ឆ្នាំ​ថ្មី​។ អរគុណ​ចំពោះ​ការដឹង​ពី​គុណ​តម្លៃ និង​ការយកចិត្តទុកដាក់​ដែល​ខ្ញុំ​បានទទួល​នៅថ្ងៃនេះ​»​។ 


 
​អ​តី​កីឡាករ Manchester United និង Real Madrid វ័យ​៣៣​ឆ្នាំ​រូបនេះ បាន​ប្រជែង​ឈ្នះ​សមាជិក​ក្រុម​ជម្រើសជាតិ​បារាំង​ពីររូប​គឺ Kylian Mbappe និង Antoine Griezmann ដើម្បី​ទទួល​ពានរង្វាន់ Globe Soccer Awards ជា​លើក​ទី ៥ របស់ខ្លួន​ផងដែរ​។​

 
 
​ដោយឡែក Didier Deschamps ជាប់​ជា​គ្រូបង្វឹក​ល្អ​បំផុត​ប្រចាំឆ្នាំ​២០១៨ (Best Coach of the Year) និង​វីរបុរស​ប្រេ​ស៊ី​ល Ronaldo ទទួល​ពានរង្វាន់ Player Career Award ហើយ Atletico Madrid ជាប់​ជា​ក្លិប​ល្អ​បំផុត​ប្រចាំឆ្នាំ Best club of the year​។​




 
Globe Soccer Awards បាន​បង្កើតឡើង​រយៈពេល​១០​ឆ្នាំ​មកហើយ​គិត​ទាំង​លើក​នេះ​។ ពាន​នេះ​ធ្វើឡើង​ដើម្បី​អបអរសាទរ​ដល់​សមិទ្ធ​ផល​របស់​កីឡាករ​បាល់ទាត់ គ្រូបង្វឹក អ្នកគ្រប់គ្រង​ក្លិប និង​ភ្នាក់ងារ​កីឡាករ​ក្នុង​រយៈពេល​១២​ខែ​៕


 

Tag:
 បាល់ទាត់​
  Globe Soccer Awards
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com