កីឡាអន្តរជាតិ
អន្តរជាតិ
កូរ៉េខាងត្បូង អ៊ីរ៉ង់ អូស្ត្រាលី និង​ជប៉ុន ជា​ក្រុម​លេចធ្លោ​ជាងគេ​នៅ Asian Cup
05, Jan 2019 , 8:39 am        
រូបភាព
​ការប្រកួត​បើកឆាក​ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០១៩ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​សៅរ៍​ទី ៥ ខែមករា​នេះ ក្នុង​ទីក្រុង​អា​ប៊ុ​យ​ដា​ប៊ី ដោយ​ម្ចាស់ផ្ទះ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ត្រូវ​ស្វាគមន៍​បា​រ៉ែ​ន​នៅវេលា​ម៉ោង​១១​យប់ [​ម៉ោង​នៅ​កម្ពុជា​]​។ នេះ​មានន័យថា យើង​បានដឹង​ពី​ក្រុម​ណា​ត្រូវ​ជួបគ្នា​នៅ​ប្រកួត​បើកឆាក ប៉ុន្តែ​សម្រាប់​ការប្រកួត​ផ្តាច់ព្រ័ត្រ​ដែល​ត្រូវធ្វើឡើង​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​មិនទាន់មាន​នរណា​អាច​ទាយ​ដឹងថា​ជា​ក្រុម​ណា​នោះទេ​។​



​បើទោះបី​នៅ​មិនទាន់​អាច​ដឹង​ពី​ក្រុម​ដែល​ត្រូវ​ជួ​ម​គ្នា​ក្នុង​វគ្គ​ផ្តាច់​នៃ​ព្រ័ត្រ​ព្រឹត្តិការណ៍​នេះ​ក្តី ប៉ុន្តែ​យើង​ក៏​អាច​ប៉ាន់ស្មាន​ក្រុម​ចំនួន​៤​ដែលមាន​ភាពលេច​ធ្លោ​ជាងគេ​ក្នុងចំណោម​ក្រុម​ទាំង​២៤ ដែលមាន​ភាគរយ​ខ្ពស់​ដើម្បី​ប្រជែង​ពាន​នៅ​តំបន់​អាស៊ី លើក​ទី​១៧​នេះ​។​
 
៤​ក្រុម​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ជាងគេ​រួមមាន ម្ចាស់​ការពារ​តំណែង​ជើងឯក​អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង និង​អ៊ីរ៉ង់ ហើយ​ពួកគេ​សុទ្ធ​តែមាន​វត្តមាន​ក្នុងការ​ប្រ​កូត World Cup នៅ​រុស្ស៊ី​ដូចគ្នា​។ ទាំង​៤​ក្រុម​នេះ​ទៀត ក៏ត្រូវ​បាន​គេ​ជឿជាក់ថា ស្ទើរតែ​១០០​ភាគរយ​ទៅហើយ ដែល​អាច​ឆ្លង​ផុត​ទៅកាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​
 
​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី​ដែលមាន​គ្រូបង្វឹក​លោក Graham Arnold មាន​ចំណាត់ថ្នាក់ FIFA World Ranking ទី​៤១​ពិភពលោក និង​ចំណាត់ថ្នាក់​ទី​២​នៅ​តំបន់​អាស៊ី Ranking in Asia ហើយក៏​ជា​ម្ចាស់​ពាន Asian Cup ៣​សម័យ​ផងដែរ​។​ ​ក្រុម​រហស្សនាម Socceroos មាន​កីឡាករ​ឆ្នើម​របស់គេ​គឺ Martin Boyle ដែលជា​ខ្សែបម្រើ​ដ៏​ល្អ​របស់​ក្លិប Hibernian នៃ​លី​គ​កំពូល​ស្កុ​តឡែ​ន​។​
 
​ក្រុម​ជម្រើសជាតិ​ជប៉ុន​ឯណោះ​វិញ ពួកគេ​ជា​ក្រុម​ដ៏​រឹងមាំ​មួយ​នៅ​តំបន់​អាស៊ី​ដែល​អាច​ឆ្លង​ផុត​ទៅកាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ World Cup នៅ​រុស្ស៊ី​ទៀតផង​។ 
 
​បច្ចុប្បន្ន​ក្រុម​រហស្សនាម​សា​ម៉ូ​រ៉ៃ​មាន​ចំណាត់ថ្នាក់​ទី​៥០​ពិភពលោក FIFA World Ranking, ចំណាត់ថ្នាក់​ទី​៣​នៅ​តំបន់​អាស៊ី Ranking in Asia និង​ជា​ក្រុម​ដែល​គ្រង​ជើងឯក Asian Cup លើសគេ​រហូត​៤​ដង​។ ពួកគេ​មាន​កីឡាករ​ជាច្រើន​ដែល​កំពុង​ប្រកប​អាជីព​នៅ​លី​គ​កំពូលៗ​នៅ​អឺរ៉ុប​។​
 
​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង ដែល​បង្ហាញ​ភាពខ្លាំង​ដោយ​យកឈ្នះ​ក្រុម​យក្ស​អាល្លឺម៉ង​ដល់​ទៅ ២-០ នៅ World Cup កន្លងទៅ ឥឡូវនេះ​ពួកគេ​មាន​កីឡាករ​ដ៏​គ្រោះថ្នាក់​បំផុត​ដែល​អាច​បង្ក​ព្យុះភ្លៀង​នៅ Asian Cup នេះ​។ Son Heung-min ជា​ខ្សែបម្រើ​លេចធ្លោ​ខ្លាំង​នៅ​លី​គ​កំពូល​អង់គ្លេស នាពេល​បច្ចុប្បន្ននេះ តាមរយៈ​ការ​ស៊ុត​បញ្ចូល​ជាច្រើន​គ្រាប់​ដើម្បី​ជួយ Tottenham Hotspur បន្ត​ឱកាស​ដណ្តើមពាន Premier League រដូវ​កាល​នេះ​។​
 
​កូរ៉េខាងត្បូង មាន​ចំណាត់ថ្នាក់​ទី​៥៣​ពិភពលោក FIFA World Ranking, ចំណាត់ថ្នាក់​ទី​៣​នៅ​តំបន់​អាស៊ី Ranking in Asia និង​ឈ្នះ​ជើងឯក Asian Cup ២​លើក​។ អ្វីដែល​ជាការ​កត់សម្គាល់​នោះ ពួកគេ​ជា​ក្រុម​រងជើង​ឯក​ពាន​តំបន់​អាស៊ី​នេះ​ច្រើនជាងគេ​រហូតដល់​៤​លើក​។​
 
​ដោយឡែក​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់​ដែលមាន​ចំណាត់ថ្នាក់​ល្អ​ជាងគេ​នៅ​តំបន់​អាស៊ី (​លំដាប់ថ្នាក់​ទី​១ Ranking in Asia) ក៏​ជា​ក្រុម​រឹងមាំ​ផងដែរ​ក្នុងចំណោម​ក្រុម​ខ្លាំងៗ​នៅ​អាស៊ី​បច្ចុប្បន្ន​។ ពួកគេ​ក៏មាន​កីឡាករ​មុត​ស្រួច​ផងដែរ​គឺ​ខ្សែប្រយុទ្ធ Sardar Azmoun ដែល​កំពុង​ប្រកប​អាជីព​ក្នុង​ក្លិប​ក្នុង​លី​គ​កំពូល​រុស្ស៊ី Rubin Kazan​។​
 
​អ៊ីរ៉ង់​ជា​ម្ចាស់​ពាន Asian Cup ៣​លើក និង​បាន​ចំណាត់ថ្នាក់​ទី​៣​ដល់​ទៅ​៤​ដង​។ បច្ចុប្បន្ន​ពួកគេ​មាន​ចំណាត់ថ្នាក់​ទី​២៩​ពិភពលោក​ក្នុង​តារាង FIFA World Ranking៕
អត្ថបទទាក់ទង

 
 
 

Tag:
 បាល់ទាត់​
  Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com