ជាតិ
សង្គមជាតិ
សំរាមលើភ្នំគូលែនបានកាត់បន្ថយច្រើនក្រោយមានឡដុតតាមបច្ចេកទេសត្រឹមត្រូវ
× សៀមរាប៖ ដោយសារមើលឃើញពីផលប៉ះពាល់នៃសំរាម ក៏ដូចជាមិនមានកន្លែងទុកដាក់ត្រឹមត្រូវ ក្រសួងបរិស្ថានតាមរយៈរដ្ឋមន្ត្រី លោក សាយ សំអាល់ បានផ្តល់ជូននូវឡដុតសំរាមដ៏ទំនើបមួយ ដែលអាចដុតសំរាមបានរហ័ស ពិសេសបំលែងផ្សែងមិនឱ្យមានជាតិពុលខ្ពស់។ ឡនេះមានសមត្ថភាពដុតសំរាមបានច្រើន អាស្រ័យលើលទ្ធភាពអ្នកគ្រប់គ្រងឡ។ អ្នកគ្រប់គ្រងនៅភ្នំគូលែនបានឱ្យដឹងថា ក្រោយមានឡដុតសំរាមនេះ បញ្ហាសំរាមកាត់បន្ថយបានច្រើន និងមិនមានសំរាមទុកពាសវាលពាសកាលទៀតទេ។
លោក ស៊ិន សួន ប្រធានសន្ដិសុខក្រុមហ៊ុន នគរគោកធ្លក នៅភ្នំគូលែន បានឱ្យដឹងថា ឡដុតសំរាមខាងលើជាការឧបត្ថម្ភរបស់រដ្ឋមន្ត្រីក្រសួង បរិស្ថាន ដែលសង់ឡើងកាលពីឆ្នាំ ២០១៨។ លោកថា កន្លងមកសំរាមនៅភ្នំគូលែនមិនមានកន្លែងទុកទេ គឺក្រុមហ៊ុនយកគរទុកមួយកន្លែង ដោយមានបំណងជីករណ្ដៅកប់។ តែដោយសារបារម្ភពីផលប៉ះពាល់ច្រើន ទើបក្រសួងបរិស្ថាន បានផ្តល់ឡដុតសំរាមនេះជំនួស។
តាមការលើកឡើងរបស់លោក ស៊ិន សួន កន្លងមកសំរាមបានក្លាយជាបញ្ហាធំសម្រាប់រមណីយដ្ឋានប្រវត្តិសាស្ដ្រភ្នំគូលែន ឬឧទ្យានជាតិព្រះជ័យវរ្ម័ន-សីហនុ ដ្បិតថាគ្មានកន្លែងទុកដាក់ត្រឹមត្រូវ ហើយពលរដ្ឋមិនបានចូលរួមផង។ យ៉ាងណា ក្រោយមានឡដុតសំរាម ប្រធានសន្ដិសុខក្រុមហ៊ុន នគរគោកធ្លក មើលឃើញថា ការទុកដាក់សំរាមមានភាពល្អប្រសើរ គឺមិនមានគំនរសំរាមច្រើនដូចមុនឡើយ។
បច្ចុប្បន្នជាដំណោះអាសន្ន ឡដុតសំរាមគឺស្ថិតក្រោយការគ្រប់គ្រងរបស់ក្រុមហ៊ុន នគរគោកធ្លក ដែលគ្រប់គ្រងលើការលក់សំបុត្រចូលឧទ្យានជាតិភ្នំគូលែន ដែលក្នុងនោះកម្មករ២រូបមើលខុសត្រូវកន្លែងឡ និង៤រូបទៀត ទទួលខុសត្រូវដឹកជញ្ជូនសំរាម។ ក្នុងមួយថ្ងៃ កម្មករអាចដុតសំរាមបានប្រមាណ ១០ឡ ដែលមានបរិមាណសំរាម ពី២ ទៅ៣ តោន ឬអាចច្រើនជាងនេះតាមលទ្ធភាពអ្នកគ្រប់គ្រងឡ៕
© រក្សាសិទ្ធិដោយ thmeythmey.com