វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ចិនបញ្ជូនយានអវកាស Chang’e-4 ដំបូងទៅចុះចតលើភពព្រះចន្ទ
× ប្រទេសធំៗមួយចំនួនមានដូចជា អាមេរិក រុស្សី ឥណ្ឌា និងជប៉ុន មានឈ្មោះបោះសំឡេងនិងសមត្ថភាពខ្លាំងគ្រប់គ្រាន់ក្នុងការបង្កើតបច្ចេកវិទ្យាទំនើបដើម្បីបង្ហោះផ្កាយរណប យានអវកាស និងឧបករណ៍ស្រាវជ្រាវនានាទៅដែនលំហ។ ចិនដែលជាមហាអំណាចជាន់ថ្មីនេះ ក៏កំពុងបង្កើនសមត្ថភាពនិងបច្ចេកវិទ្យាដើម្បីប្រជែងគ្នាគ្រប់គ្រងលំហដែរ។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនកំពុងតែបង្កើនសក្តានុពលរបស់ខ្លួនក្នុងការប្រកួតប្រជែងជាមួយមហាអំណាចអវកាសជើងចាស់។ ដើមឆ្នាំ ២០១៩នេះ ចិនចាប់ផ្តើមបង្ហោះផ្កាយរណបថ្មីមួយដែលមានឈ្មោះថា Chang’e-4 ទៅចុះចតនៅផ្នែកងងឹតនៃភពព្រះចន្ទ។
យោងតាមការចេញផ្សាយដោយសារព័ត៌មានអង់គ្លេស BBC ចុះផ្សាយកាលពីថ្ងៃទី៣ ខែ មករា Chang’e-4 ដែលជាផ្កាយរណបលើកដំបូងរបស់ចិន នឹងទៅស្រាវជ្រាវផ្នែកងងឹតនៃភពព្រះចន្ទ ហើយវាបានចុះចតដោយជោគជ័យហើយ។ រឿងមួយនេះត្រូវបានអ្នកជំនាញចាត់ទុកថា ជាជំហានមួយដ៏ធំក្នុងការប្រកួតប្រជែងផ្នែកអវកាសរបស់ចិន។
ចាប់តាំងពីឆ្នាំ ១៩៧២ មក យានអវកាសជាច្រើនត្រូវបានបង្ហោះដើម្បីទៅពិនិត្យ និងសិក្សាពីភពមួយនេះ។ ប៉ុន្តែយានទាំងនោះត្រូវបានគេបញ្ជូនទៅដើម្បីសិក្សាពីលើគន្លងប៉ុណ្ណោះ មិនមែនចុះចតផ្ទាល់នៅទីនោះទេ។ នេះបានន័យថា Chang’e-4 គឺជាយានដំបូងដែលបានចុះចតដោយផ្ទាល់លើភពព្រះចន្ទក្នុងរយៈពេល៤៧ឆ្នាំចុងក្រោយ។
ដោយសារតែទំនាញភពផែនដីមានឥទ្ធិពលខ្លាំងលើភពព្រះចន្ទ ទើបធ្វើឲ្យភពរណបមួយនេះបែរផ្ទៃតែម្ខាងមករកផែនដី ហើយបាតុភូតនេះត្រូវបានគេហៅជាភាសាអង់គ្លេស Tidal Locking ។ ចំណែកឯផ្នែកម្ខាងទៀត គឺជាផ្នែកងងឹត អ្នកសង្កេតមិនអាចពិនិត្យមើលពីភពផែនដីបានឡើយ។
ហេតុដូចនេះហើយទើប ចិនបានបង្ហោះផ្កាយរណបរបស់ខ្លួនមួយនេះទៅផ្នែកងងឹតរបស់ព្រះចន្ទក្នុងគោលបំណងទាញយកទិន្នន័យភូមិសាស្ត្រ និងវិភាគពីប្រភេទជីវគីមីរបស់ភពមួយនេះ។
តំបន់ដែលយាន Chang’e-4 ចុះចតត្រូវបានអ្នកជំនាញដាក់ឈ្មោះថា Von Kármán Crater មានទីតាំងនៅទិសខាងត្បូងនៃភព។ យានមួយត្រូវបានគេបំពាក់ជាមួយកាម៉េរាទំនើប មាននាទីក្នុងការថតនិងពិនិត្យមើលរូបធាតុគីមីនានា រួមទាំងម៉ាស៊ីនវិទ្យុដោយប្រើប្រាស់ហ្វ្រេកង់ទាបសម្រាប់ទំនាក់ទំនង៕
Tag:
ភពព្រះចន្ទ
ចិន
Chang’e-4
© រក្សាសិទ្ធិដោយ thmeythmey.com