កីឡាអន្តរជាតិ
អន្តរជាតិ
Pogba, Lewandowski, Ballack ស្ថិតក្នុង​ចំណោម​កីឡាករ​ល្អ​បំផុត​ដែល​ធ្លាប់​ផ្ទេរ Free
05, Jan 2019 , 8:39 pm        
រូបភាព
​ការ​ទិញដូរ​កីឡាករ​ក្នុង​ក្លិប​កីឡាបាល់ទាត់​ល្បីៗ​នៅ​ជុំវិញ​ពិភពលោក​ជាពិសេស​នៅ​តំបន់​អឺរ៉ុប និង​អាមេរិក​ឡាទីន បានក្លាយ​ជា​រឿង​ទាក់ទាញ និង​ចាប់អារម្មណ៍​បំផុត​មួយ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​តាមដាន​ទស្សនា​វិស័យ​កីឡា​នេះ​។ ចាប់អារម្មណ៍​ត្រង់​ថា ការផ្ទេរ​កីឡាករ​ទាំងនោះ​គឺមាន​តម្លៃ​ខ្លួន​ថ្លៃៗ​រហូតដល់​រាប់រយ​លាន​ដុល្លារ​អាមេរិក​ឯណោះ​។​

 
​ទីផ្សារ​ដូរ​ដោះ​កីឡាករ បាន​បើកទ្វារ​ម្តង​ទៀតហើយ​សម្រាប់​លី​គ​នៅ​អឺរ៉ុប​រដូវ​កាល ២០១៨-២០១៩ នេះ ពោល​គឺមាន​រយៈពេល​១​ខែ គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា​តទៅ​។​
​ខណៈពេលដែល​មិនទាន់មាន​ព័ត៌មាន​ពី​ការផ្ទេរ​កីឡាករ​ណាមួយ​គួរ​ឲ្យ​កត់សម្គាល់​នៅឡើយ​គិត​ត្រឹម​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៩ ឆ្នាំ​២០១៩​នេះ សារព័ត៌មាន​ថ្មីៗ​នឹង​បង្ហាញ​លោកអ្នក​ដែល​ចូលចិត្ត​តាមដាន​វិស័យ​កីឡា​នេះ អំពី​កីឡាករ​ល្អ​បំផុត​លើ​លោក​ចំនួន​១០​រូប ដែល​បាន​ផ្ទេរ​ចេញពី​ក្លិប​មួយ​ទៅ​ក្លិប​មួយទៀត​ដោយ​គ្មាន​តម្លៃ​ខ្លួន​។​
 
​កីឡាករ​ទាំង​១០​រូបនោះ​រួមមាន​៖
១. Andrea Pirlo កីឡាករ​សញ្ជាតិ​អ៊ីតាលី វ័យ​៣៩​ឆ្នាំ​រូបនេះ បច្ចុប្បន្ន​បានបញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​របស់​ខ្លួន​ទៅហើយ ក្រោយ​ចំណាយពេល​២២​ឆ្នាំ​នៅលើ​ទីលាន​។ Pirlo បាន​ចំណាយពេល​១០​រដូវ​កាល​ជាមួយ AC Milan​។ រហូតដល់​ឆ្នាំ​២០១១ រូបគេ​បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ Juventus ដោយ​គ្មាន​តម្លៃ​ខ្លួន និង​ជួយ​ក្រុម​រហស្សនាម​សេះបង្កង់​ឈ្នះ​ពាន Serei A ៤​រដូវ​កាល​ជាប់​គ្នា​។​
  
 
២. Paul Pogba ខ្សែបម្រើ​សញ្ជាតិ​បារាំង វ័យ​២៥​ឆ្នាំ ជា​កីឡាករ​យុវជន Manchester United ចន្លោះ​ពី​ឆ្នាំ ២០០៩ ដល់ ២០១១​។ ក្នុង​ឆ្នាំ​២០១២ រូបគេ​បាន​ផ្លាស់​ទៅ Juventus ដោយ​គ្មាន​តម្លៃ​ខ្លួន​។ រយៈពេល​៤​រដូវ​កាល​នៅ​ទឹកដី​អ៊ីតាលី Pogba បានបង្ហាញ​ទម្រង់​លេង​យ៉ាង​អស្ចារ្យ​រហូត​ធ្វើ​ឲ្យ​បិសាច​ក្រហម​ដែល​ដឹកនាំ​ដោយ Jose Mourinho ទិញ​រូបគេ​មក​ទឹកដី Old Trafford វិញ​ក្នុងតម្លៃ​កំណត់ត្រា​ក្លិប ១១៣​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ​២០១៦​។​
  
 
៣. Raul Gonzalez កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ វ័យ​៤១​ឆ្នាំ បច្ចុប្បន្ន​បានបញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​របស់​ខ្លួន​ទៅហើយ ក្រោយ​ចំណាយពេល​២៨​ឆ្នាំ​នៅលើ​ទីលាន​។ វីរបុរស​របស់ Real Madrid រូបនេះ បាន​ចាក​ចេញពី​ទឹកដី Santiago Bernabéu ទៅកាន់​ក្លិប​នៅ​អាល្លឺម៉ង​នៅ​ឆ្នាំ​២០១០​ដោយ​គ្មាន​តម្លៃ​ខ្លួន ពោលគឺ​ក្រោយ​វត្តមាន​របស់ Cristiano Ronaldo ១​ឆ្នាំ​ប៉ុណ្ណោះ​។ រដូវ​កាល​ដំបូង Raul បាន​នាំ Schalke 04 ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League និង​បាន​លេខ​៣ នៅ​ក្របខណ្ឌ Bundesliga ទៀតផង​។​
  
 
៤. Esteban Cambiasso ខ្សែបម្រើ​សញ្ញា​តិ​អា​ហ្ស​ង់​ទីន វ័យ​៣៨​ឆ្នាំ​រូបនេះ បាន​ចាក​ចេញពី Real Madrid ទៅ​ចូលរួម​ជាមួយ Inter Milan ដោយ​គ្មាន​តម្លៃ​ខ្លួន​ក្នុង​ឆ្នាំ​២០០៤​។ ១០​រដូវ​កាល​នៅ​អ៊ីតាលី​រូបគេ​បាន​លេង​បាន​យ៉ាង​ល្អ​ដោយ​ជួយ Inter ឈ្នះ​ពាន Champions League នៅ​រដូវ​កាល​២០០៩-២០១០ មុន​ផ្ទេរ​ទៅ Leicester City​ ​ក្នុង​ឆ្នាំ​២០១៤​។​
  
 
៥. Sol Campbell បាន​ផ្ទេរ​ពី Tottenham Hotspur ទៅ Arsenal ក្នុង​ឆ្នាំ​២០០១ ដោយ​គ្មាន​តម្លៃ​ខ្លួន​។ អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​អង់គ្លេស​វ័យ ៤៤​ឆ្នាំ​រូបនេះ​បាន​ក្លាយជា​ខ្សែការពារ​ដ៏​រឹងមាំ​របស់​កាំភ្លើង​ធំ​រយៈពេល​៥​រដូវ​កាល​ពេល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់ Arsen Wenger​។ រហូតដល់​ឆ្នាំ ២០០៦ Campbell បាន​ទៅ​ចូលរួម​ជាមួយ Portsmouth និង​វិល​ទៅ Arsenal វិញ​ក្នុង​ឆ្នាំ​២០១០​រយៈពេល​១​រដូវ​កាល​។​
  
 
៦. Steve McManaman ធ្លាប់​ផ្ទេរ​ពី Liverpool ទៅ Real Madrid កាលពី​ឆ្នាំ​១៩៩៩ ដោយ​គ្មាន​តម្លៃ​ខ្លួន​។ រយៈពេល​៤​រដូវ​កាល អតីត​ស​មាក​ជិ​ក​ជម្រើសជាតិ​អង់គ្លេស​វ័យ​៤៦​ឆ្នាំ​រូបនេះ បាន​ក្លាយជា​កីឡាករ​ដ៏​សំខាន់ ដោយ​ជួយ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​ឈ្នះ​ពាន La Liga ២​ដង និង Champions League ២​សម័យ​ផងដែរ​។​
  
 
៧. Robert Lewandowski ត្រូវបាន​គេ​ជឿ​ង​ជាក់​ថា បាន​ចាក​ចេញពី Borussia Dortmund ទៅ​ចូលរួម​ជាមួយ Bayern Munich ដោយ​គ្មាន​តម្លៃ​ខ្លួន​ក្នុង​ឆ្នាំ​២០១៤​។ សមាជិក​ក្រុម​ជម្រើសជាតិ​ប៉ូឡូញ​វ័យ​៣០​ឆ្នាំ​រូបនេះ បាន​ក្លាយជា​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​របស់​ក្រុម​ម្ចាស់​ជើងឯក​អាល្លឺម៉ង់ និង​តែងតែ​ជាប់​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ក្នុង​លី​គ​ផងដែរ​។ ៥​រដូវ​កាល​មកនេះ Lewandowski បានបង្ហាញ​ខ្លួន​ឲ្យ Bayern Munich ១៧៩​ប្រកួត និង​រក​គ្រាប់​បាល់ ១៣៧​គ្រាប់​ហើយ​។​
  
 
៨. Miroslav Klose បាន​ចាក​ចេញពី Bayern Munich ទៅ Lazio ក្នុង​ឆ្នាំ​២០១១ ដោយ​គ្មាន​តម្លៃ​ខ្លួន​។ នៅលើ​ទឹកដី​អ៊ីតាលី​៥​រដូវ​កាល Klose អាច​ស៊ុត​បញ្ចូល​ទី​៥៤ ក្នុង​១៣៩​ប្រកួត​។ Klose វ័យ​៤០​ឆ្នាំ បានបញ្ចប់​អាជីព​នៅ Lazio នេះ​តែម្តង​ក្នុង​ឆ្នាំ​២០១៦​។​
  
 
៩. Michael Ballack ជា​កីឡាករ​ឆ្នើម​របស់ Bayern Munich ប៉ុន្តែ​រូបគេ​បាន​ផ្ទេរ​ទៅ Chelsea ដោយ​គ្មាន​តម្លៃ​ខ្លួន​ក្នុង​ឆ្នាំ​២០០៦​។ ៤​រដូវ​កាល​នៅ​ទឹកដី​អង់គ្លេស បុរស​វ័យ​៤២​ឆ្នាំ​រូបនេះ​នៅតែ​ជា​ខ្សែបម្រើ​លេចធ្លោ​ដដែល​ដោយ​ជួយ​ក្រុម​តោ​ខៀវ​ឈ្នះ​ជើងឯក Premier League នៅ​រដូវ​កាល​២០០៩-២០១០ និង​នាំ​ក្រុម​នេះ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ផងដែរ​នៅ​ឆ្នាំ​២០០៨​។​
  
 
១០. Zlatan Ibrahimovic បាន​ផ្ទេរ​ពី Paris Saint Germain ទៅ Manchester United ដោយ​គ្មាន​តម្លៃ​ខ្លួន​ក្នុង​ឆ្នាំ​២០១៦​។ ២​រដូវ​កាល​នៅ Man Utd ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់ Jose Mourinho ខ្សែប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត​រូបនេះ​បានរួម​ចំណែក​ជួយ​ក្រុម​ឈ្នះ​ពាន Europa League មួយ​លើក​ផងដែរ​នៅ​រដូវ​កាល ២០១៦-២០១៧​។ Ibrahimovic វ័យ​៣៨​ឆ្នាំ បច្ចុប្បន្ន​ជា​សមាជិក​ក្រុម LA Galaxy នៃ​លី​គ​កំពូល​អាមេរិក (Major League Soccer)៕
 
 
  

Tag:
 បាល់ទាត់​
  Best Free Player Transfers
© រក្សាសិទ្ធិដោយ thmeythmey.com