ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញ​អក្សរសាស្ត្រ​ខ្មែរ​៖«​ការមិន​ចេះ និង​មិន​យល់​ពី​ភាសា​ខ្លួនឯង នាំ​ឲ្យ​បរទេស​វាយតម្លៃ​ទាប​ចំពោះ​សង្គម​យើង​»
05, Jan 2019 , 11:19 pm        
រូបភាព
លោក ទូច គីមស្រ៊ាង ប្រធានសមាគមទ្រទ្រង់អក្សរសាស្រ្ត និងវប្បធម៌ខ្មែរ
លោក ទូច គីមស្រ៊ាង ប្រធានសមាគមទ្រទ្រង់អក្សរសាស្រ្ត និងវប្បធម៌ខ្មែរ
ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួនធំ មិនទាន់​ចេះ​ប្រើប្រាស់​អក្សរសាស្ត្រ​ជាតិ​ត្រឹមត្រូវ តាម​ក្បួនខ្នាត​នោះទេ​។ ការប្រើប្រាស់​ភាសា​ខ្មែរ​ខុស មាន​តាំងពី​ការសរសេរ​ខុស ,​ការអាន​ពាក្យ​ខុស​, ការប្រើប្រាស់​ពាក្យ​ខុស​, ការបង្កើត​ពាក្យ និង​ការនិយម​ប្រើប្រាស់​ពាក្យ​កម្ចី​បរទេស​ផងដែរ​។ នេះ​ជាការ​សង្កេតឃើញ​របស់​លោក ទូច គីម​ស្រ៊ាង ប្រធាន​សមាគម​ទ្រទ្រង់​អក្សរសាស្ត្រ និង​វប្បធម៌​ខ្មែរ ដែល​បន្តថា​កំហុសឆ្គង​ទាំងនោះ បានរួម​ចំណែក​ឲ្យ​គុណ​តម្លៃ​នៃ​ភាសាជាតិ​ធា្ល​ក់​ចុះ​។ សម្រាប់​លោក ទូច គីម​ស្រ៊ាង ភាសាជាតិ មានតម្លៃ​ស្មើនឹង​អត្តសញ្ញាណ​ជាតិ ហើយ​នៅពេលដែល​ជនជាតិខ្មែរ​មិនចេះ និង​យល់​សឹង​ភាសា​ខ្លួ​ង​ឯង នោះ​បរទេស​នឹង​វាយតម្លៃ​ទាប ចំពោះ​សង្គម​ជាតិខ្មែរ​តែម្តង​។​

 
​សូម​អញ្ជើញ​អាន​កិច្ច​សម្ភាស​រវាង កញ្ញា អ៊ូ សុខ​មាន អ្នកកាសែត នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ទូច គីម​ស្រ៊ាង ប្រធាន​សមាគម​ទ្រទ្រង់​អក្សរសាស្ត្រ និង​វប្បធម៌​ខ្មែរ ដូចតទៅ​៖
​កញ្ញា អ៊ូ សុខ​មាន​៖ តើ​ការ​ធា្ល​ក់​ចុះ​នៃ​ភាសាជាតិ​នេះ អាច​ប៉ះពាល់​ជា​អវិជ្ជមាន​អ្វីខ្លះ​ដល់​សង្គម​ខ្មែរ​?
​លោក ទូច គីម​ស្រ៊ាង​៖ ផល​អវិជ្ជមាន​ធំ​បំផុត​នៃ​ការធ្លាក់ចុះ​ភាសាជាតិ​ក្នុងសង្គម គឺ​ការបាត់​គុណ​តម្លៃ​ភាសាជាតិ​ខ្លួនឯង ដែល​យើង​មិន​ព្យាយាម​រៀនសូត្រ និង​យល់​ឲ្យ​ច្បាស់ ពីអ្វី​ដែលជា​អត្តសញ្ញាណ​ជាតិ​។ ការមិន​ចេះ និង​មិន​យល់​ពី​ភាសា​ខ្លួនឯង ជាហេតុ​នាំ​ឲ្យ​បរទេស​វាយតម្លៃ​ទាប ចំពោះ​សង្គម​យើង​តែម្តង​។ 
 
​កញ្ញា អ៊ូ សុខ​មាន​៖ តើ​មូល​ហេតុអ្វី បណ្តាល​ឲ្យ​មានការ​ធ្លាក់ចុះ​នូវ​តម្លៃ​ភាសាជាតិ​យើង​?
​លោក ទូច គីម​ស្រ៊ាង​៖ ហេតុផល​មួយ ក្នុងចំណោម​ហេតុផល​ជាច្រើន​ក្នុងនោះ គឺ​តម្រូវ​ទីផ្សារការងារ​។ មានន័យថា នៅពេលដែល​ពលរដ្ឋ​ខ្មែរ មិនបាន​យល់​ឲ្យ​ស៊ីជម្រៅ នៅក្នុង​តម្លៃ​ភាសាជាតិ​របស់​យើង  ប៉ុន្តែ​គាត់​ឈានទៅ​រៀន និង​ឲ្យ​តម្លៃ​ភាសាបរទេស​ខ្លាំង ដូចជា​ភាសា​បារាំង អង់គ្លេស ចិន​ជាដើម ដោយសារ​ភាសា​ទាំងអស់នេះ​ងាយស្រួល​រក​ការងារ​ធ្វើ និង​ទទួលបាន​ប្រាក់ខែ​ខ្ពស់ ដែល​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ មាន​ភាពល្អប្រសើរ ជាង​ការរៀន​ភាសាជាតិ​យើង​។ 
​មែនទែនទៅ យើង​ក៏​មិនអាច​ដាក់បន្ទុក​ទាំងស្រុង ទៅលើ​អ្នករៀន​ភាសាបរទេស​បាន​ទេ  ព្រោះ​វា​ស្រប​ទៅ​ចរន្ត​សេដ្ឋកិច្ច​ទំនើប ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​។ ប៉ុន្តែ​យើង​ជា​ខ្មែរ ត្រូវតែ​រៀន និង​ចេះ​ប្រើប្រាស់​ភាសាជាតិ​បាន​ត្រឹមត្រូវ ដែលជា​ភាសា​កំណើត និង​ជា​ភាសា​អាទិភាព​ក្នុង​សិក្សា​រៀនសូត្រ​។ 
 
​កញ្ញា អ៊ូ សុខ​មាន​៖ តើ​ការប្រើប្រាស់​ជាតិ​របស់​ប្រជា​ពល​ខ្មែរ​នេះ  មិនមែនជា​ការរៀន​ចេះអក្សរ​សាស្ត្រ​ខ្មែរ​ទេ ឬ​យ៉ាងណា​ទៅវិញ​?
​លោក ទូច គីម​ស្រ៊ាង​៖ ជាការ​ពិត​យើង​ជា​ខ្មែរ ច្បាស់​ណាស់​នឹង​ចេះ​អាន​,​សរសេរ និង​និយាយ​ភាសាជាតិ​ខ្លួនឯង​។ ប៉ុន្តែ​ពាក្យ​ថា​«​ចេះ​»​នេះ ត្រូវ​ចេះ​យ៉ាងហោចណាស់​៣​កម្រិត ដោយ​មិន​ចាប់​គិត​ទៅដល់​ភាសាបាលី និង​ភាសាសំស្ក្រឹត​ឡើយ​។ ចេះ​៣​នោះ គឺ​សរសេរ​ឲ្យ​ត្រូវ អាន​ពាក្យ​ឲ្យ​ត្រូវ និង​ប្រើពាក្យ ឬ​យកពាក្យ​មក​ប្រើ​ឲ្យ​ត្រូវ​។ ជាក់ស្តែង​៣​ចំណុច​នេះ គឺ​បាន​ប្រើប្រាស់​មិន​ត្រឹមត្រូវ​តាម​ក្បូន​វចនានុក្រម​ខ្មែរ  និង​វេយ្យាករណ៍​ខ្មែរ​ឡើយ​។​
 
​កញ្ញា អ៊ូ សុខ​មាន​៖ មុននឹង​ប្រើប្រាស់​ភាសាជាតិ​ឲ្យ​បាន​ត្រឹមត្រូវ ទាំង​ឃ្លា និង​ពាក្យពេចន៍​យកមកប្រើ តើ​យើង​ត្រូវ​យល់ដឹង​អ្វីខ្លះ​ពី​អក្សរសាស្ត្រ​ខ្មែរ​?
​លោក ទូច គីម​ស្រ៊ាង​៖ ពាក់ព័ន្ធ​ទៅ​បញ្ហា​ហ្នឹង យើង​ជា​ខ្មែរ​ត្រូវ​យល់​ពី​កម្រិត និង​របៀប នៃ​ការប្រើ​ភាសាជាតិ​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​ត្រូវ​យល់​ពី​ពាក្យ​ឬ​ស ពាក្យ​ក្លាយ​ពី​ផ្នត់ដើម​/​ផ្នត់ជែក និង​ទម្រង់​នីមួយៗ​ឲ្យ​បានច្បាស់លាស់​។ ត្រូវ​យល់​ឲ្យ​កាន់តែ​ទូលាយ​បន្ថែមទៀត ពាក់ព័ន្ធ​ទៅនឹង​ថ្នាក់​ពាក្យ​,​អត្ថន័យ​ពាក្យ បំណកស្រាយ​ពាក្យ​ជាដើម​។ ដូច្នេះ​យើង​គួរ​ណាស់​តែ​រៀន​ភាសាជាតិ​ឲ្យ​បាន​ច្រើន​ទៅ ដើម្បី​ជា​លើកតម្កើង​ខ្លួនឯង​ផង និង​ជាតិ​យើង​ផង​។ ក្នុងន័យនេះ មិនមែន​ឲ្យ​យើង​រឹងកំព្រឹស រៀន​តែ​ភាសាជាតិ​ទេ ប៉ុន្តែ​យើង​ចេះ និង​ប្រើប្រាស់​ភាសាបរទេស​បាន​ល្អ ដើម្បី​ឆ្លើយតប​ទៅនឹង​ទីផ្សារ​អន្តរជាតិ​ទៅ ហើយ​គួរណា​ស់យ​ល់ពី​ភាសាជាតិ​ខ្លួនឯង​ដែរ  ព្រោះ​ភាសាជាតិ​នៃ​ប្រទេស​នីមួយៗ គឺជា​ភាសា​អាទិភាព នៃ​ការរៀន​ភាសា​ដទៃ​។​
 
​កញ្ញា អ៊ូ សុខ​មាន​៖ នៅពេលដែល​យើង​ជា​ខ្មែរ នៅតែ​បន្ត​មើលឃើញ​ភាសាបរទេស​ល្អ​ជាង​ភាសាជាតិ​ខ្លួន  តើ​វា​ជះឥទ្ធិពល​អ្វី​ធ្ងន់​ទៅលើ​សង្គម​ខ្មែរ​?
​លោក ទូច គីម​ស្រ៊ាង​៖ មែនទែនទៅ ប្រទេស​យើង​មិនជា​អ្នក​ភាសាជាតិ​និយម​អ្វី​ទេ ប៉ុន្តែ​យើង​ក៏​មិន​ចង់ឃើញ មានការ​ប្រើប្រាស់​ភាសាជាតិ​ខ្លួនឯង មិនត្រូវ​ច្រើន​ដែរ​។ នៅពេល​យើង នៅតែ​បន្តធ្វើ​បែប​ហ្នឹង មិន​ព្រម​កែតម្រូវ​ឡើងវិញ អ្វីដែល​ជះឥទ្ធិពល​នោះ គឺ​យើង​ជា​ខ្មែរ មិនចេះ​ភាសា​ខ្មែរ​ខ្លួនឯង​។ នេះ​ដែលជា​គំរូ​អាក្រក់​សម្រាប់​អ្នកជំនាន់ក្រោយៗ​។ លើសពីនេះ ធ្វើ​ឲ្យ​បាត់​ខ្លឹមសារ និង​ទម្រង់​ភាសាជាតិ​ទៅទៀត ដែល​បរទេស​មើលឃើញ និង​វាយតម្លៃ​មិនល្អ មកលើ​កម្ពុជា​។  ដូច្នេះ ពាក្យ​នីមួយៗ​របស់​អក្សរសាស្ត្រ​ខ្មែរ គឺ​វា​មាន​ភាពច្បាស់លាស់​ណាស់ ដែល​យើង​មិនអាច​ប្រើ​ខុស ទៅលើ​ការអាន ការសរសេរ ការប្រើប្រាស់​ពាក្យ ជាដាច់ខាត​៕
 
 
 
 

Tag:
 ភាសា​
 ​អក្សរ​ខ្មែរ​
 ​ ភាសា​ខ្មែរ​
 ​ ទូច គីម​ស្រ៊ាង​
© រក្សាសិទ្ធិដោយ thmeythmey.com