ជាតិ
សង្គមជាតិ
សង្ឃ​ក្លែងក្លាយ​២​អង្គ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ​តុលាការ​ខេត្តសៀមរាប​
05, Jan 2019 , 3:25 pm        
រូបភាព
ដោយ:
​អាជ្ញាធរ បាន​ឃាត់ខ្លួន​សង្ឃ​ក្លែងក្លាយ ២​អង្គ កំពុង​ដើរ​បិណ្ឌ​បាត្រ​នៅក្នុង​ផ្សារ​ក្រឡាញ់ សង្កាត់​គោកចក តាម​ការស្នើ​របស់​ព្រះ​អនុគុណ​ក្រុង​សៀមរាប កាលពី​ថ្ងៃទី​៤ ខែមករា នេះ​។ សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ព្រះសង្ឃ​ក្លែងក្លាយ​ទាំងពីរ​នេះ​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។ នេះ​បើតាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ថ្ងៃទី​៥ មករា ឆ្នាំ​២០១៩​។​

​នគរបាលជាតិ​ដែល​បាន​ស្រង់​សម្ដី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត ស្នងការរង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងពីរ ម្នាក់​អាយុ​២៨ មកពី​ខេត្តកំពង់ចាម និង​ម្នាក់ទៀត​អាយុ ៣២​ឆ្នាំ មកពី​ខេត្តតាកែវ​។ បច្ចុប្បន្ន ជនសង្ស័យ​ទាំងពីរ រស់នៅ​ភូមិ​ខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​
  
 
​បើតាម​លោក ភឹង ចិន្តា​រ៉េត ជនសង្ស័យ​ខាងលើ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​កោ​សក់​ក្បាល​ខ្លួនឯង និង​ទិញ​ស្បង់​ចីវ​ពរ​ពណ៌​ក្រហម​របស់​ព្រះសង្ឃ​មក​គ្រង ដោយ​មិន​មានការ​បំបួស​ត្រឹមត្រូវ និង​ដើរ​បិណ្ឌបាត​ប្រាកដ​មែន​។​
 
​ក្រោយ​បាន​ចម្លើយសារភាព​ពីស​ង្ឃ​ក្លែងក្លាយ​ទាំងពីរ ព្រះ​អនុគុណ​ក្រុង​សៀមរាប បានធ្វើ​ពិធី​ផ្សឹក​និង​បញ្ជូន​មកឱ្យ​សមត្ថកិច្ច​ផ្តន្ទាទោស​ទៅតាម​ច្បាប់​។ បន្ទាប់មក​សមត្ថកិច្ច​បានធ្វើ​តេស្ត​រកសារ​ធាតុ​ញៀន​ខុសច្បាប់​លើ​ជនសង្ស័យ​ខាងលើ  អ​វិ​ជ្ជ មាន​ទាំងពីរ ។ នេះ​បើតាម​នគរបាលជាតិ ដែល​បាន​បន្ថែមថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្រុង​សៀមរាប​កំពុង​រៀបចំ​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ​ទាំងពីរ​ទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់​៕
 
 

 

Tag:
 សង្ឃ​
© រក្សាសិទ្ធិដោយ thmeythmey.com