ជាតិ
សេដ្ឋកិច្ច
មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង បង្កើត​ក​សិ​-​ទេសចរណ៍ ដើម្បី​ទាក់ទាញ​ភ្ញៀវ​
05, Jan 2019 , 3:59 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងព័ត៌មាន
រូបពីហ្វេសប៊ុកក្រសួងព័ត៌មាន
​ភ្នំពេញ​៖ មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង បាន​បង្កើត​ក​សិ​-​ទេសចរណ៍​ថ្មី​មួយ នៅ​តំបន់​ខេ ដែល​ស្ថិតនៅ​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​។ ក​សិ​-​ទេសចរណ៍​ថ្មី​នេះ មាន​រៀបចំ​កម្មវិធី​(​ដុត​ពោត​)​ជូន​ភ្ញៀវ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​មកលេង​កាន់តែច្រើន​។ នេះ​បើតាម​គេហទំព័រ​ក្រសួង​ព័ត៌មាន​។​


​ក​សិ​-​ទេសចរណ៍ ជាការ​ផ្សារភ្ជាប់​កសិក​ម្ម​ទៅនឹង​ទេសចរណ៍ តាមរយៈ​ការដាំ​ដំណាំ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​ទៅលេង​កម្សាន្ត​។ មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង បាន​បង្កើត​ក​សិ​-​ទេសចរណ៍​ថ្មី ដែលមាន​រៀបចំ​កម្មវិធី​(​ដុត​ពោត​) ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​។​
 
​លោក អ៊​ន ប៉ោ សឿន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង បាន​បញ្ជាក់ថា​៖ «​ខ្សែសង្វាក់​នេះ ប្រជា​សហគមន៍​ត្រូវតែ​រួមគ្នា​ធ្វើ​ឲ្យ​បានជា​ប្រចាំ ដើម្បី​បង្ហាញ​ពី​ក​សិ​-​ទេសចរណ៍​ថ្មី​មួយទៀត ស្របទៅតាម​គោលនយោបាយ​របស់​ក្រសួងទេសចរណ៍​។ ហើយ​នេះ​ជា​ការល្អ​សម្រាប់​ការទាក់ទាញ និង​ទទួលបាន​ផល​ទាំងអស់គ្នា ដោយផ្ទាល់​និង​ប្រយោល តាមរយៈ​ការលក់​ផលិតផល​ភូមិ​មួយ​ផលិតផល​មួយ​»​។ នេះ​បើតាម​ការ​ស្រង់​សម្ដី​របស់​គេហទំព័រ​ក្រសួង​ព័ត៌មាន​។ 
 
​ចំណែកឯ​លោក ឈី​វ សុគន្ធ​ថា​ល កសិករ​ដាំពោត នៅ​ភូមិ​ខាំ​ផាន់​ចំណុច​ខេ បាន​ចាប់អារម្មណ៍​នឹង​ការផ្តួចផ្តើម​ឲ្យ​មា​នក​សិ​-​ទេសចរណ៍​នេះ​ឡើង ព្រោះ​ងាយស្រួល​រកប្រាក់​ចំណូល​។ បើតាម​លោក អន ជួន មេភូមិ​ខាំ​ផាន់ ចំណុច​ខេ ប្រជាកសិករ មានការ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ការដាំដុះ​ដំណាំ​កសិកម្ម​នេះ ដោយបាន​ចងក្រង​ជា​សហគមន៍ ដែលមាន​សមាជិក​ចំនួន​៣៥​គ្រួសារ​។ លោក​មេភូមិ អន ជួន បន្តថា ដំណាំ​ពោត​នេះ ត្រូវបាន​កសិករ​ដាំ​លើ​ផ្ទៃដី​ប្រមាណ​៣០​ហិកតា ដោយ​ទទួលបាន​ផល​ជាប្រចាំ​៕

Tag:
 កសិកម្ម​
  ទេសចរណ៍​
  ស្ទឹងត្រែង​
© រក្សាសិទ្ធិដោយ thmeythmey.com