ជាតិ
សេដ្ឋកិច្ច
មនុស្ស​ជាង​មួយ​ម៉ឺន​នាក់​គ្រោង​ចូលរួម​ក្នុង​ពិធី​ព្យុហយាត្រា​លើក​ទី​៤០ ថ្ងៃ​៧​មករា នៅ​ខេត្តសៀមរាប​
06, Jan 2019 , 7:19 am        
រូបភាព
​សៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប គ្រោង​នឹង​រៀបចំ​ពិធី​ព្យុហ​យា​ត្រ អបអរ​ខួប​៤០​ឆ្នាំ ថ្ងៃជ័យ​ជំនះ​៧​មករា ដ៏​ធំ​ដែលមាន​អ្នកចូលរួម​ជាង​ម៉ឺន​នាក់​។ នេះ​បើតាម​អ្នកនាំពាក្យ​សាលាខេត្ត​សៀមរាប​។​

 
​លោក លី សំរិទ្ធ អភិបាលរង និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​សៀមរាប បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មនុស្ស​ជាង​មួយ​ម៉ឺន​នាក់ គ្រោង​នឹងចូលរួម​ក្នុង​ពិធី​ព្យុហយាត្រា ដើម្បី​អបអរ​ថ្ងៃ​៧​មករា ដែល​ឆ្នាំនេះ​ជា​ខួប​ទី​៤០ ដែល​កម្ពុជា​ទទួលបាន​ជ័យជំនះ​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ លោក​បន្ថែមថា ពិធី​នេះ​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១០ មករា ហើយ​គោលដៅ​សម្រាប់​រៀបចំ​ពិធី​នេះ គឺធ្វើឡើង​នៅលើ​សួនច្បារ​មុខ​មហាសណ្ឋាគារ​អង្គរ ក្រោម​អធិបតីភាព សម្ដេច ទៀ បាញ់​។​
 
​តាម​ការពន្យល់​របស់​លោក លី សំរិទ្ធ ហេតុផល​ដែល​ពិធី​ឆ្នាំនេះ​រៀបចំ​ធំ ដោយសារ​ជាគោលការណ៍​របស់​រាជ​រដ្ឋាភិបាល រាល់​បុណ្យជាតិ រៀងរាល់​៥​ឆ្នាំ​ម្ដង​គឺ​តែង​ធ្វើ​អធិកអធម ដើម្បី​អបអរសាទរ​សម​នឹង​តម្លៃ​នៃ​ពិធី​នោះ ហើយ​នេះ​ជា​ជុំ​ទី​៨​ហើយ សម្រាប់​ថ្ងៃ​៧ មករា​។​
 
​សម្រាប់​កម្មវិធី​ព្យុហយាត្រា តាម​ការពន្យល់​របស់​លោក លី សំរិទ្ធ គឺ​គ្រោង​នឹង​ដង្ហែ​ពីមុខ​សារមន្ទីរ​ជាតិ​អង្គរ ឆ្ពោះទៅ​តំបន់​ផ្សារ​ចាស់ កាត់​តាមផ្លូវ​វត្ត​បូព៌ បន្ត​មក​ផ្លូវ​ស៊ី​វុត្ថា និង​ត្រឡប់មក​កន្លែង​កម្មវិធី​ធំ​នៅមុខ​មហាសណ្ឋាគារ អង្គរ​វិញ​។ អ្នកនាំពាក្យ​បន្ថែមថា ផ្លូវ​មួយចំនួន​នឹងត្រូវ​បិទ​បណ្ដោះអាសន្ន ដើម្បី​សម្រួល​ដល់​កម្មវិធី​ខាងលើ ហើយ​សន្ដិសុខ​ក៏ត្រូវ​បានរៀបចំ​នៅ​ទីតាំង និង​តំបន់​ជុំវិញ​ប្រារព្ធ​ពិធី​ផងដែរ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com