ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
អាជ្ញាធរ​ខត្ត​ព្រះសីហនុ សាងសង់​ស្ថានីយ៍​បូមទឹក​កខ្វក់​៤​ទីតាំង ដើម្បី​ចម្រោះ​ឲ្យ​ស្អាត មុន​បង្ហូរ​ចូល​សមុទ្រ​
05, Jan 2019 , 5:30 pm        
រូបភាព
រូបពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
រូបពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អាជ្ញាធរ​ខត្ត​ព្រះសីហនុ កំពុង​សាងសង់​ស្ថានីយ៍​បូមទឹក​កខ្វក់​ចំនួន​៤​ទីតាំង ដើម្បី​បូមទឹក​សំណល់​រាវ​បញ្ចូល​ទៅ​អាង​ចម្រោះ មុននឹង​បង្ហូរ​ចូលទៅ​សមុទ្រ​។ បើតាម​អភិបាលខេត្ត​ព្រះសីហនុ បញ្ហា​ទឹកស្អុយ​ជា​ក្តីបារម្ភ​ធំ​មួយ ដែល​ត្រូវ​ដោះស្រាយ​។​



​លោក យន្ត មីន បាន​និយាយថា រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ជំរុញ​ម្ចាស់​ទីតាំង​ឧស្សាហកម្ម​ទេសចរណ៍ អាគា​ពាណិជ្ជកម្ម​ធំៗ ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន​ទាំងឡាយ ធ្វើ​អាង​ប្រព្រឹត្តិកម្ម ដើម្បី​ចម្រោះ​ជាតិពុល​សិន មុននឹង​បង្ហូរ​ចូលទៅ​លូ និង​បង្ហូរ​ទៅ​សមុទ្រ ។ តែ​បញ្ហា​នេះ​ម្ចាស់​ទីតាំង​អាជីវកម្ម​ភាគច្រើន នៅ​មិនទាន់បាន​សហការ​នៅឡើយ​។ ប៉ុន្តែ​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់​នេះ អាជ្ញាធរខេត្ត កំពុង​សាងសង​ស្ថានីយ៍​បូមទឹក​កខ្វក់​៤​កន្លែង ដើម្បី​បូមទឹក​សំណល់​រាវ​បញ្ចូល​ទៅ​អាង​ចម្រោះ មុននឹង​បង្ហូរ​ចូលទៅ​សមុទ្រ​។​
 
​ស្ថានីយ៍​បូម​ទាំង​៤​នេះ រួមមាន​ទី​១ នៅក្បែរ​អគារ​សណ្ឋាគារ​អេ​ម៉ា​រី​យ៉ូ ស្ថិតក្នុង​សង្កាត់​លេខ​៣ ។ ទី​២ ស្ថិត​នៅជាប់​បរិវេណ​ស​ណ្ឋា​គារ​សុខា​។ ទី​៣ ស្ថិតនៅ​ក្បែរ​អូរ នៃ​អគា ឌី ស៊ី​ហ៊ូ និង​ទី​៤ ស្ថិតនៅ​ម្តុំ​ទីតាំង​ផ្លូ​ចុះទៅ​ផែ​អូប័រ​ទៅ​កោះរ៉ុង ដើម​ឆ្នេរ​អូរ​ឈើទាល ។​
 
​ស្ថានីយ៍​ទាំងនេះ គឺជា​ជួយ​ជ្រោ​ម​ជ្រែ​ម​ពី​ក្រសួង​ពាក់ព័ន្ធ​មួយចំនួន ដូចជា​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង​, ក្រសួងបរិស្ថាន និង​ក្រសួងទេសចរណ៍​ជាដើម​។ រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​បាន​ស្រង់​សម្តី​លោក យន្ត មីន បាន​សរសេរ​ដូច្នេះ​ថា​៖«​ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​រដ្ឋមន្ត្រី​ពាក់​ព​ន្ធ័ រួមមាន ឯកឧត្តម ជា សុផារ៉ា ឯកឧត្តម សាយ សំ​អាល់ ឯកឧត្តម ថោង ខុន ជាពិសេស​សម្តេច ហ៊ុន សែន បានសម្រេច​ផ្តល់​កាដូ​ពិសេស​សម្រាប់​ខេត្ត​ព្រះសីហនុ ក្នុង​ការស្តារ​ទប់ស្កាត់​បញ្ហា​ទឹក​សំណល់​រាវ​ហូរ​ចូល​សមុទ្រ​នៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​នេះ​»​។​
 
​បើតាម​លោក យន្ត មីន បញ្ហា​ទឹកស្អុយ​ហូរ​ចូល​សមុទ្រ ជា​ក្តីបារម្ភ​ធំ​មួយ​តាំងពី​លោក​ចូលកាន់​តំណែង​ជា​អភិបាលខេត្ត​ព្រះសីហនុ មក​ម្លេះ​។​
 
​បញ្ហា​បរិស្ថាន​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​រង​ការរិះគន់​កន្លងមក គឺជា​គំរូ​អវិជ្ជមាន​មួយ សម្រាប់​ជា​មេរៀន​ដល់​ការអភិវឌ្ឍន៍​នៅ​ខេត្ត​ផ្សេងៗ​ទៀត​។ តំបន់ឆ្នេរ​ដ៏​ល្បី​របស់​កម្ពុ​ជាមួយនេះ បាន​រង​ការបំផ្លាញ​បរិស្ថាន​ពី​ការ​ទុកដាក់​សំរាម​មិនបាន​ល្អ ការរំខាន​ដល់​សមុទ្រ​ដោយ​ការ​បង្ហូរទឹក​សម្អុយ កម្ទេច​ដី​ពី​ការ​រដ្ឋា​ន​សំណង់ ការ​លុប​ឆ្នេរ ជាដើម​។ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន អះអាងថា បញ្ហា​នេះ​កើតឡើង​ក៏​ព្រោះតែ​គំហុក​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​តំបន់​នោះ ខណៈដែល​រដ្ឋាភិបាល​មិនទាន់​រៀបចំ​បាន​រួចរាល់​។​
 
​បើតាម​លោក នេត្រ ភក្ត្រា បញ្ហា​បរិស្ថាន​នៅ​ខេត្ត​ព្រះសីហនុ ពិសេស​ការបង្ហូរ​សំណល់​ចូល​សមុទ្រ នឹង​ត្រូវបាន​ដោះស្រាយ​នាពេលខាងមុខ ព្រោះ​រដ្ឋាភិបាល​កំពុង​រៀ​ប​ចំ​ហេដ្ឋារចនាសម្ព័ន្ធ អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង​គ្រប់គ្រង​អាជីវកម្ម សំណង់ យ៉ាង​យកចិត្តទុកដាក់​៕

Tag:
 យន្ត មីន​
 ​ព្រះសីហនុ​
  ទឹក​កខ្វក់​
© រក្សាសិទ្ធិដោយ thmeythmey.com