វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ភ្នំភ្លើង​ឥណ្ឌូណេស៊ី Ana Krakatoa បាត់​កម្ពស់​ពីរភាគបី​ក្រោយ​បង្កើត​រលក​យក្ស​ស៊ូណាមិ​
06, Jan 2019 , 9:39 am        
រូបភាព
​ភ្នំភ្លើង​ដែល​បាន​បង្ក​ឲ្យ​មាន​គ្រោះមហន្តរាយធម្មជាតិ​ស៊ូណាមិ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​មាន​កម្ពស​ទាប​ជាង​មុន​ពីរភាគបី​ដោយសារ​ការ​ជះ​ធូលី កំ​អែ​ភ្នំភ្លើង និង​ដី​មក​ខាងក្រៅ​វិញ​។ ហេតុការណ៍​មួយ​នេះ​បានធ្វើ​ឲ្យ​ប្រជាជន​ដែល​រស់នៅក្នុង​តំបន់​បាត់បង់​ជីវិត​ជាង​៤០០​នាក់ និង​ខាតបង់​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​។ 

​ភ្នំភ្លើង Anak Krakatoa ដែលជា​ភ្នំភ្លើង​សកម្ម​មួយ​ក្នុងចំណោម​ភ្នំភ្លើង​សកម្ម​ផ្សេងៗ​ទៀត​ក្នុងប្រទេស​ឥណ្ឌូណេស៊ី​បាន បាត់បង់​កម្ពស់​របស់​ខ្លួន​ពី ៣៣៨​ម៉ែត្រ​មក​ត្រឹមតែ​១១០​ម៉ែត្រ​ប៉ុណ្ណោះ​ក្រោយពេល​ផ្ទុះ​នៅ​ខែ​មុន​។ នេះ​បើតាម​អ្នក​ក្រុម​អ្នកស្រាវជ្រាវ​ខាង​ភ្នំភ្លើង​វិទ្យា​ឥណ្ឌូណេស៊ី​ដកស្រង់​ដោយ​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia ។ 
 
​តាម​យោបល់​របស់​អ្នកជំនាញ ធូលី​ដី និង​ឧស្ម័ន​ប្រមាណ​ជាង ១៥០ លាន​ម៉ែត្រគូប​បាន​ហូរ​ចូលទៅក្នុង​សមុទ្រ ឬ​ភាយ​ទៅក្នុង​បរិយាកាស​តាម​ចរន្ត​ខ្យល់​។ លោក Wawan Irawan ដែលជា​អ្នកស្រាវជ្រាវ​ភ្នំភ្លើង​បាន​ថ្លែងថា​៖«​កាលពីមុន កំពូលភ្នំ​ភ្លើង​នេះ​ត្រូវបាន​មនុស្ស​មើលឃើញ​ពី​ចម្ងាយ​យ៉ាង​ងាយស្រួល ប៉ុន្តែ​ឥឡូវនេះ​យើង​មិនអាច​មើលឃើញ​កំពូល​វាពី​កន្លែង​ដដែល​នោះទេ​»​។​
 
​តាម​ទិន្នន័យ​ពី​ផ្កាយរណប​របស់​ទីភ្នាក់ងារ​អវកាស​ជប៉ុន​បាន​ឲ្យ​ដឹងថា បរិមាណ​សារធាតុ​ដែល​បំ​ភាយ​ពី​ភ្នំភ្លើង​នោះបាន​ចាក់​ចូលទៅក្នុង​សមុទ្រ​ក្នុង​ចំងាយ​ជាង​ពីរ​គីឡូម៉ែត្រ​។ «Anak Krakatoa» មានន័យ​ជា​ភាសា​ខ្មែរ​ថា «​កូន​របស់ Krakatoa»​។ ភ្នំ​នេះ​ត្រូវបាន​គេ​ដាក់ឈ្មោះ​ដូច​ច្នេះ គឺ​ដោយសារ​វា​បានកើត​ពី​ភ្នំភ្លើង​ធំ​មួយទៀត​មាន​ឈ្នោះ​ថា «Krakatoa»​។ Krakatoa ជា​ភ្នំភ្លើង​ដែល​បាន​ផ្ទុះ​នៅក្នុង​ឆ្នាំ​១៨៨៣​និង​បាន​ឆក់យក​ជីវិត​ប្រជាជន​ប្រមាណ​ជា​៣៦០០០​នាក់​៕

Tag:
 Anak Krakatoa
  ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com