ONE Championship
ជាតិ
អ្នក​ប្រយុទ្ធ​ក្នុង​ទ្រុង​នី​ហ្សេ​រី​យ៉ា Onyedikachi ចេញមុខ​ជួយ​ក្មេងៗ​ក្រីក្រ​កម្ពុជា​
06, Jan 2019 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
Emmanuel Onyedikachi អ្នក​ប្រយុទ្ធ​ក្នុង​ទ្រុង​ប្រចាំ​កម្មវិធី ONE Warrior Series នៅក្នុង​ឆ្នាំ ២០១៩ បានដាក់​គោលដៅ​របស់ខ្លួន​ក្នុង​ការជួយ​ក្មេងៗ​ក្រីក្រ​មួយចំនួន​ក្នុងប្រទេស​កម្ពុជា ជាមួយ​ស្នាមញញឹម​ដ៏​រីករាយ​។ 

 
​តារា​សាច់ដុំ​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា​ដែល​តំណាង​ឲ្យ​ក្លិប​«​សិល្បៈ​» ចាប់ផ្តើម​មានកេរ្តិ៍ឈ្មោះ​សុះសាយ ក្នុង​អាជីព​គុន​ចម្រុះ​របស់ខ្លួន​នៅពេល​បាន​ឱកាស​បញ្ចេញថ្វីដៃ ក្នុង​កម្មវិធី Rich Franklin’s ONE Warrior Series 1 (OWS) នៅ​ប្រទេស​សិង្ហ​បុរី កាលពី​ខែឧសភា ២០១៨​កន្លងទៅ​។ 
 
​ពេលនេះ Onyedikachi មាន​ជំហរ​រឹងមាំ​ណាស់ដែ​លអាច​បង្ហាញ​ពិភពលោក​ពី​ជំនាញ​ក្បាច់គុន​កំរិត​ខ្ពស់​នៅលើ​ឆាក​អន្តរជាតិ​។ 
 
​កីឡាករ​ជនជាតិ​នីហ្សេរីយ៉ា​រូបនេះ បាន​សាង​កំណត់ត្រា​ឈ្នះៗ​ក្នុង​កម្មវិធី OWS ចំនួន ៣​ដង​។ 
 
Onyedikachi ប្រាប់​ពី​អារម្មណ៍​ថា​៖ «​ខ្ញុំ​ពិតជា​ត្រេកអរ​ណាស់​សម្រាប់​ឱកាស​មួយ​នេះ​។ បាន​ចូលទៅ​ទីនោះ​ពិតជា​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ ខ្ញុំ​មិនដែល​គិតថា​បាន​ចូល (ONE Championship) ឆាប់​អីចឹង​ទេ​»​។​
 
 
​គួរ​រំលឹក​ដែរ​ថា ជោគជ័យ​ដ៏​ធំ​បំផុត​របស់គាត់​គឺ​នៅ​ការប្រកួត​កាលពី​ខែកក្កដា ដែល​បាន​យកឈ្នះ​ពី​ការប្រើ​ស្នៀត​កាប់​ជើង​ក្រោម​ភា​គឺ​ខាង​ឥណ្ឌា​កីឡាករ Sandeep Kumar Dahiya តែ​ក្នុង​ទឹក​ទី​១​ប៉ុណ្ណោះ​។ 
 
​ក្រៅពី​ជោគជ័យ​ក្នុង​អាជីព រូបគេ​ក៏បាន​ផ្លែផ្កា​ក្នុង​ជិ​វីត​ខាងក្រៅ​ដូចគ្នា​។ ថ្មីៗ​នេះ រូបគេ​ទើបបាន​រៀបការ​ប្រពន្ធ និង​ជិត​បានកូន​មួយ​ហើយ​។ 
 
​ថ្វីបើ​យើង​ឃើញ​ពី​សមិទ្ធផល​ច្រើន​ដែល បុរស​វ័យ​៣១​ឆ្នាំ​ទទួលបាន​នៅពេលនេះ​មែន ប៉ុន្តែ​ជីវិត​គាត់​ពីមុន​គឺ​ផ្ទុយ​ស្រលះ​តែម្តង ពេល​គាត់​មក​កម្ពុជា​ប្រហែល ១០​ឆ្នាំមុន​។ 
 
Onyedikachi ចែករំលែក​ពី​ដំណើរ​ជីវិត​ថា​៖ «​ខ្ញុំ​យល់​អារម្មណ៍​ដែល​រស់នៅ​តាមផ្លូវ​វា​យ៉ាងម៉េច​! ខ្ញុំ​ក៏មាន​បទពិសោធន៍​នោះដែរ​។ មុននឹង​ខ្ញុំ​មាន​ដូច​សព្វថ្ងៃ កំឡុងពេល​នៅ​កម្ពុជា​ដំបូងៗ ខ្ញុំ​ក៏​ធ្លាប់​អត់​មានផ្ទះ​នៅ​ហើយ​ដើរ​ដេក​តាមផ្លូវ​អស់ ៨​ខែ​ដែរ​»​។ 
 
​មិនមាន​ទាំង​ផ្ទះសម្បែង មិនមាន​ទាំង​គោលដៅ​ច្បាស់លាស់ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយមក Onyedikachi បានធ្វើការ​ផ្លាស់ប្តូរ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។ 
 
​ដូច្នេះហើយ សព្វថ្ងៃ​គាត់​បក​មកជួយ​ដល់​កុមារ​កម្ពុជា​ដែលមាន​ភាពក្រីក្រ​ខ្វះ​លទ្ធភាព​វិញ​។​
 
Onyedikachi សហការ​ជាមួយ​អង្គ​ការមិន​ស្វែងរក​ប្រាក់ចំណេញ​មួយ​ឈ្មោះថា Awareness Cambodia ដែល​គាត់​មាន​តួនាទី​ដើរតួ​ជា​ឯកអគ្គរដ្ឋទូត​ម្នាក់ និង​ផ្តល់​ជា​មូលនិធិ​ផ្ទាល់ខ្លួន​ខ្លះៗ​ដើម្បី​ជួយ​ផ្គត់ផ្គង់​ដល់​ក្មេងៗ​ទាំងនោះ​។ 
 
​គេ​ហៅ​គាត់​ថា « Kids Champion» នៅ​អង្គការ​នោះ ដោយសារ​គាត់​បាន​ជួយ​បង្រៀន​ឥតគិតថ្លៃ​ទាក់​ទង់​នឹង ការហាត់​ប្រាណ ក៏ដូចជា​ក្បាច់​ការពារ​ខ្លួន​ផងដែរ​។ 
 
​គាត់​និយាយថា​៖ «​ខ្ញុំ​កោតសរសើរ ដែល​អង្គការ Awareness Cambodia ខិតខំ​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ជួយ​ដល់​ក្មេងៗ​ទាំងនោះ​។ ពេលខ្លះ​ខ្ញុំ​ទៅលេង​ពួកគាត់ ខ្ញុំ​យក​ម្ហូបអាហារ ទិញ​សម្ភារ​ខ្លះៗ ហើយ​ខ្ញុំ​ឲ្យ​ប្រាក់​ខ្លះ​ដែល​ខ្ញុំ​បាន​ពី​ការ​ឈ្នះ​ការប្រកួត​ខ្ញុំ​ទៅ​ជួយ​ដែរ​»​។ 
 
Onyedikachi មិន​ត្រឹមតែ​តំណាង​ឲ្យ​កម្ពុជា និង​ប្រទេស​កំណើត​នេ​ហ្សេ​រី​យ៉ា​របស់ខ្លួន​នោះទេ រូបគេ​ក៏​ជា​វីរបុរស​ក្នុង​ចិត្ត​ក្មេងៗ​ជាច្រើន​ផងដែរ​។ 
 
​តាមរយៈ​អង្គការ​នេះ គាត់​មានឱកាស​ចែករំលែក​បទពិសោធន៍​ទៅលើ​ការថែទាំ​សុខភាព ការអប់រំ និង​កម្មវិធី​ការវិវឌ្ឍ​ន៍​របស់​កុមារ​តាម​បណ្តា​ខេត្ត​ក្រីក្រ​នានា​។ 
 
​អ្នក​ប្រដាល់​កម្លាំង​ខ្លាំង​រូបនេះ មាន​ភាព​ជិតស្និត​ខ្លាំង​ជាមួយ​បុគ្គលិក​អង្គការ ព្រមទាំង​ក្មេងៗ​ដែល​ពួកគេ​បាន​ជួយ​ផងដែរ​។ 
 
«​ពួកគាត់​ស្រលាញ់​ខ្ញុំ​ណាស់​! គាត់​សប្បាយ​ថតរូប​ជាមួយ​ខ្ញុំ ហើយ​ខ្ញុំ​គិតថា​ការ​អធិដ្ឋាន​របស់​ពួកគាត់​ជួយ​ខ្ញុំ​បាន​ច្រើន​។ គ្រប់ពេល​ខ្ញុំ​ត្រូវ​ឡើង​ប្រកួត ពួកគាត់​ហៅ​ខ្ញុំ​មក យើង​អធិដ្ឋាន​ជាមួយគ្នា ហើយ​ពួកគាត់​ក៏​ជួយ​អធិដ្ឋាន​ឲ្យ​ខ្ញុំ​រហូត​ដែរ​»​។ 
 
«​វា​ជំរុញ​ទឹកចិត្ត​ខ្ញុំ​ជាង​មុន​។ មិនមែនជា​ការដាក់​ស​ម្ពា​ធ​អ្វី​ទេ ប៉ុន្តែ​វា​ជួយ​ស្មារតី​ខ្ញុំ​ទៅវិញ​។ ពេល​ខ្ញុំ​ឈាន​ជើង​ចូល​សង្វៀន ខ្ញុំ​ដឹង​ខ្លួនឯង​ថា​ធ្វើ​នេះ​ដើម្បី​អ្វី​។ ដឹងថា​មិនមែន​ធ្វើ​សម្រាប់តែ​ខ្លួនឯង​នោះទេ តែ​ក៏​សម្រាប់​មនុស្ស​ជាច្រើន​ទៀត​ដែល​មើល​គន្លង​ខ្ញុំ​»​។ 
 
Onyedikachi មិនទាន់មាន​ដំណឹង​ថា​ត្រូវ​ចូល​ទ្រុង​ម្តងទៀត​ពេលណា​ឡើយ ប៉ុន្តែ​សង្ឃឹមថា​បាន​ប្រកួត​នៅ​ខែ​ពីរ​ឬ​ខែ​បី​ដើមឆ្នាំ ២០១៩​នេះ​។ 
 
​ពេល​បាន​ដំណឹង​ហើយ គាត់​ដឹងខ្លួន​ថា​គាត់​នឹង​ទទួលបាន​ការគាំទ្រ​ពេញទំហឹង​ពី​ក្មេងៗ​ដែល​គាត់​ព្យាយាម​ជួយ​ផងដែរ​។ 
 
«​ខ្ញុំ​នឹងធ្វើ​ឲ្យ​គាត់​មាន​មោទនភាព​ដោយសារ​ខ្ញុំ​! ខ្ញុំ​ចង់​ឲ្យ​ពួកគាត់​ជឿ​លើ​ខ្លួនឯង​ថា បើ​គ្រូ​គាត់​អាច​ធ្វើបាន គាត់​ក៏​អាចធ្វើ​វ​អ្វី​ខ្លួន​ចង់បាន​ក្នុង​ជីវិត​ដូចគ្នា​ដែរ​»៕ 
 
​អត្ថបទ​៖ Matias Andres
 

 

© រក្សាសិទ្ធិដោយ thmeythmey.com