ជាតិ
សង្គមជាតិ
កញ្ញា សេង រាសី​៖ ខ្ញុំ​ចង់​បំបែក​ភាព​ស្ងៀមស្ងាត់​របស់​ស្ត្រី​ដែល​រងគ្រោះ
06, Jan 2019 , 10:19 pm        
រូបភាព
ភ្នំពេញ​៖  កញ្ញា សេង រាសី បាន​ដើរ​តាម​គន្លង​នៃ​ក្តី​សុបិន​ខ្លួន រហូតដល់​ក្លាយទៅជា​នាយិកា​ប្រតិបត្តិ​អង្គការ​សីល​ការ (SILAKA Cambodia) ដែលមាន​បេសកកម្ម​លើកកម្ពស់​ការចូលរួម​ដោយ​ស្មើភាព​ក្នុង​អភិបាលកិច្ច​សាធារណៈ ជាពិសេស​ការលើកកម្ពស់​សិទ្ធិ​ស្ត្រី​ក្នុងសង្គម​។ អាយុ​ត្រឹម​៣០​ឆ្នាំ​ប៉ុណ្ណោះ កញ្ញា រា​ស៊ី ទទួល​ភារកិច្ច​ដ៏​ធំ​នេះ បន្ត​ពី​អ្នកស្រី ធីតា ឃឹះ ដែលជា​ស្ថាបនិក ហើយ​ដឹកនាំ​សីល​ការ​អស់​ជាង​២០​ឆ្នាំ​។​

 
«​ខ្ញុំ និង​ក្រុមការងារ​បន្ត​បេសកកម្ម និង​ចក្ខុវិស័យ​ដែលមាន​ស្រាប់​របស់​អង្គការ​ជាពិសេស​លើ​ការពង្រឹង​សមភាព​យេនឌ័រ និង​អភិបាលកិច្ច​ល្អ​។ ខ្លួន​ខ្ញុំ​ផ្ទាល់​ពិតជា​ចង់ឃើញ​អ្នកទទួលផល​របស់​សី​ល​ការ ជាពិសេស​ស្ត្រី​ក្លាយជា​អ្នកដឹកនាំ​ក្នុង​សហគមន៍​របស់​ពួកគាត់ តាមរយៈ​វគ្គ​បណ្តុះបណ្តាល និង​ការពង្រឹង​ភាពក្លាហាន​...»​។ នេះ​ជាការ​អះអាង​របស់​កញ្ញា សេង រាសី ដែល​កាន់តំណែង​ជា​នាយិកា​ប្រតិបត្តិ​របស់​អង្គការ​សីល​ការចាប់​តាំងពីដើម​ខែធ្នូ ឆ្នាំ​២០១៨​មក​។​
 
 
​ពិតជា​មិន​ងាយស្រួល​នោះឡើយ​សម្រាប់ កញ្ញា រាសី ដែល​ត្រូវ​រ៉ាប់រង​ការងារ​បន្ត​ពី​អ្នកស្រី ធីតា ឃឹះ ស្ថាបនិក​ដែល​បាន​ដឹកនាំ​អង្គការ​អស់​រយៈពេល​ជាង​២០​ឆ្នាំ​។ ប៉ុន្តែ​កូន​ទី​បី​ក្នុងចំណោម​បងប្អូន​ស្រី​ទាំង​៤​នាក់​នៃ​គ្រួសារ​អាជីវករ​ក្នុង​រាជធានី​រូបនេះ បង្ហាញ​ពី​ឆ​ន្ទះ​ខ្ពស់​របស់ខ្លួន​ក្នុងការ​ដឹកនាំ​ស្ថាប័ន ដោយ​អនុវត្តតាម​គោលការណ៍​កន្លងមក​។​
 
​សេង រាសី បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​ផ្នែក​ជំនួញ និង​គ្រប់គ្រង​រដ្ឋបាល និង​បន្ត​សិក្សា​អនុបណ្ឌិត​លើ​ជំនាញ​ហិរញ្ញវត្ថុ​អន្តរជាតិ​នៅ​សាកល​វិទ្យា​បញ្ញា​សាស្ត្រ​កម្ពុជា​។ នារី​វ័យក្មេង​រូបនេះ​ចាប់ផ្តើម​ធ្វើការ​នៅ​អង្គការ​សីល​ការ​ក្នុង​ឆ្នាំ​២០១២ ដោយ​ទទួលបន្ទុក​ជា​ជំនួយការ​នាយិកា​ប្រតិបត្តិ ជាពិសេស​ជួយ​ការងារ​ផ្នែក​កិច្ចការ​អាស៊ាន​។​
​មុននឹង​ក្លាយជា​នាយិកា​នៃ​អង្គការ​សីល​ការ រាសី បាន​ប្រឈម​បញ្ហា​ជាច្រើន ចាប់តាំងពី​ពេលដែល​បាន​ឈាន​ជើង​ប្រឡូក​រឿង​កិច្ចការ​សង្គម ក្នុងនាម​ជា​សកម្មជន​សិទ្ធិមនុស្ស​មួយរូប​។ កើត​ក្នុង​គ្រួសារ​ដែល​ប្រកប​របរ​អាជីវកម្ម ការងារ​បច្ចុប្បន្ន​រប​ស់ រាសី ហាក់ដូចជា​ឆ្ងាយ​ពេក​ហើយពី​សកម្មភាព​ប្រចាំថ្ងៃ​របស់​ឪពុកម្តាយ​។ នៅក្នុង​សង្គម សកម្មជន​ការពារ​សិទ្ធិមនុស្ស​រូបនេះ ក៏​ទទួលបាន​នូវ​ការ​ថ្នាំងថ្នាក់​ពី​មនុស្ស​មួយចំនួន​ផងដែរ ជាពិសេស​អ្នក​ដែលមាន​និន្នាកា​នយោបាយ​។​
 
 
​ថ្វី​ដ្បិត​មានការ​ប្រឈម​ច្រើន​ក៏ពិតមែន ប៉ុន្តែ​រាសី មិនដែល​ធ្លាប់​មានគំនិត បោះបង់​ការងារ​នេះ​ចោល ឡើយ​។ «​គ្រប់​ពេលដែល​ខ្ញុំ​បាក់​ទឹកចិត្ត ខ្ញុំ​តែងតែ​មើលឃើញ​ក្រុម​គោលដៅ​ដែល​បានធ្វើការ​ជាមួយ​កន្លងមក ពួកគាត់​ក្លាហាន ហ៊ាន​ងើបឈរ​ឡើងវិញ និង​អាចធ្វើ​ឲ្យ​ខ្លួន​មាន​សម្លេង​នៅក្នុង​សង្គម​។ ទាំងនេះហើយ​ជា​កម្លាំង​យ៉ាង​ធំ​សម្រាប់​ខ្ញុំ ក្នុង​ការធ្វើ​កិច្ចការ​ទាំងនេះ ក្នុង​ជា​សកម្មជន​សិទ្ធិមនុស្ស ពិសេស​សិទ្ធិ​ស្រី្ត​នេះ​។ ខ្ញុំ​ចង់​បំបែក​ភាព​ស្ងៀមស្ងាត់​របស់​ស្ត្រី​ដែល​រងគ្រោះ​ដោយ​អំពើហិង្សា ដើម្បី​ឲ្យ​ពួកគាត់​ហ៊ាន​ងើបឡើង​តស៊ូ និង​ឈានដល់​ថ្នាក់​សម្រេចចិត្ត​»​។ នេះ​ជាការ​អះអាង​របស់​កញ្ញា រាសី​។​
 
​រាសី បាន​បន្តថា ការធ្វើការងារ​ក្នុងសង្គម​ស៊ីវិល​នេះ គឺ​ត្រូវការ​បេះដូង​ខ្លាំង ក្នុង​ស្រលាញ់​សង្គម និង​គិតថា​ខ្លួនឯង​ជា​ផ្នែក​មួយ​នៃ​ការផ្លាស់ប្តូរ​ភាព​វិជ្ជា​មាននៃ​សង្គម ការអភិវឌ្ឍ​សង្គម​ឈានទៅ​ចីរភាព ទើប​កញ្ញា រាសី​អាច​ឈរ​ក្នុង​ដំ​ណែ​ក​នេះ​បានទេ​។ 
 
 
​ឆ្លងកាត់​រឿងរ៉ាវ​ជាច្រើន​ជាមួយ​អង្ក​ការ​សីល​ការ និង​ការស្វែងយល់​ពី​ស្ថានភាព​ស្ត្រី​នៅក្នុង​តំបន់​គោលដៅ​អស់​រយៈពេល​ជិត​៦​ឆ្នាំ កន្លងមក កញ្ញា រាសី បាន​ក្លាយជា​នាយិកា​ថ្មី​ទាំង​វ័យក្មេង​។ លើសពីនេះ​ការទទួលស្គាល់ និង​គាំទ្រ​ពី​គ្រួសារ​របស់ខ្លួន និង​សង្គម បាន​ជំរុញ​ឲ្យ​កញ្ញា រាសី កាន់តែ​ខិតខំ​ធ្វើការ​ងារ​នេះ ពិសេស​ពាក់ព័ន្ធ​ទៅនឹង​សិទ្ធិ​ស្ត្រី បន្ថែមទៀត​៕
 
 
 
​ 

Tag:
 សិទ្ធមនុស្ស​
  អង្គការ​
  រើសអើង
© រក្សាសិទ្ធិដោយ thmeythmey.com