វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
សង្គមអន្តរជាតិ​
អន្តរជាតិ
ចិន​ចាប់ផ្តើម​រឹតត្បិត​ការទទួល​សំរាម​កែច្នៃ​ពី​បរទេស
06, Jan 2019 , 11:19 pm        
រូបភាព
​អង់គ្លេស​កំពុង​ព្រួយបារម្ភ​បន្ទាប់ពី​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ​ចិន​បាន​ដាក់ចេញ​វិធានការ​ថ្មី​ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​សំណល់​កែច្នៃ​ពី​បរទេស​។ អង់គ្លេស​ត្រូវ​ស្វែងរក​ប្រទេស​ផ្សេងទៀត​ដែល​ចង់​ទទួល​សំណល់​កែច្នៃ​នេះ ហើយ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ក្លាយជា​គោលដៅ​ចម្បង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត BBC នៅ​ដើមខែ​មករា​ឆ្នាំ ២០១៩​។

 
​តាំងពី​យូរ​មកហើយ ចក្រភព​អង់គ្លេស​តែង​ពឹង​ផ្អែកលើ​ការនាំចេញ​សំណល់​ទៅកាន់​ប្រទេស​ចិន ប៉ុន្តែ​បច្ចុប្បន្ន ចិន​ដែលជា​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ​នោះ​ក៏​កំពុងមាន​បញ្ហា​ក្នុងការ​គ្រប់គ្រង​កាកសំណល់​ក្នុងស្រុក​ដែរ​។ 
 
​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ចិន​សម្រេច​ជំរុញ​ការកម្រិត​បរិមាណ​សំណល់​នាំចូល​។ ចំណាត់ការ​ថ្មី​នេះ គឺជា​គោលការណ៍​ក្នុងការ​កាត់បន្ថយ​ការ​នាំចូល​កាកសំណល់​កែ​ច្នែ​ស្ថិតក្រោម​ក្រោម​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ចិន​។ 
 
​កាលពី​បី​ឆ្នាំមុន អង់គ្លេស​បាន​នាំចេញ​កាកសំណល់​ប្លា​ស្ទិ​ក​ក្នុង​ចំនួន​ប្រមាណ​កន្លះ​លាន​តោន​ទៅកាន់​ចិន និង​ទីក្រុង​ហុងកុង​។ បរិមាណ​ខាងលើនេះ​មាន​ចំនួន​ស្មើនឹង​ពី​ភាគបី​នៃ​សំណល់​នាំចេញ​ខាងក្រៅ​ប្រទេស​សរុប​រប​ស់​អង់គ្លេស​។​
 
​ប៉ុន្តែ ការកាត់បន្ថយ​ទទួល​សំណល់​កែច្នៃ មិនបាន​បង្ក​ភាពលំបាក​ដល់​ប្រទេស​អង់គ្លេស​ភ្លាមៗ​ទេ ដោយហេតុ​ផល​ពីរ​យ៉ាង​។ ទីមួយ អង់គ្លេស​ក៏​កំពុងតែ​ចាត់វិធានការ​ដោយ​ខ្លួនឯង​ក្នុងការ​គ្រប់គ្រង​សំណល់​ទាំងនោះ​ដោយ​ការដុត​បំផ្លាញចោល​។ ហេតុផល​ទី​ពីរ ប្រទេស​ជាច្រើន​នៅតែ​ស្វាគមន៍​ការ​នាំចូល​សំណល់​កែច្នៃ​ទាំងនេះ​ដដែល ក្រោម​ហេតុផល​ថា បើ​មាន​វិធីសាស្ត្រ​កែច្នៃ​ត្រឹមត្រូវ កាកសំណល់​នាំ​នោះ​ក៏​អាច​នាំមក​នូវ​ផលចំណេញ​ជាច្រើន​ផងដែរ​។ 
 
​ចំណែក​ក្រុមហ៊ុន​ចិន​មួយចំនួន​បាន​ផ្លាស់ប្តូរ​ទីតាំង​រោងចក្រ​កែច្នៃ​របស់ខ្លួន​ទៅកាន់​ប្រទេស​ផ្សេងៗ​ដែលមាន​ការ​ចំណា​យតិ​ច​។ ប្រទេស​ទាំងនោះ​មានដូចជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី វៀតណាម ថៃ តួ​ក​គី និង ប៉ូឡូញ​ជាដើម ហើយ​ប្រទេស​ទាំងនេះ​ក៏​បន្ត​នាំចូល​កាកសំណល់​កែច្នៃ​ពី​បរទេស​ជាពិសេស​អង់គ្លេស​តែម្តង​។ 
 
​យ៉ាងណាក៏ដោយ ពេលដែល​ចិន​បិទ​មិន​ឲ្យ​មានការ​នាំចូល​កាកសំណល់​ទាំងអស់នេះ​ចូល​ស្រុក សំណល់​កែច្នៃ​កាន់តែច្រើន​ចាប់ផ្តើម​ហៀរហូរ​មក​ប្រទេស​ផ្សេងទៀត​ជាពិសេស​នៅ​អាស៊ីអាគ្នេយ៍​ដូចជា​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​ជាដើម​។ ម៉ាឡេស៊ី​បន្ត​នាំចូល​បរិមាណ​កាកសំណល់​ទាំងនោះ ហើយ​វា​ក៏​ច្រើន​ហួស​សមត្ថភាព​ដែល​ខ្លួន​អាច​កែច្នៃ​បាន​ទៀត​។ 
 
​ជុំវិញ​បញ្ហា​នេះ​លោកស្រី Mageswari Sangaralingam ដែល​មកពី​សហគមន៍​បរិស្ថាន​ប្រចាំ​រដ្ឋ​ប៉េ​ណាំង បាន​និយាយ​ដោយ​ក្តីបារម្ភ​ថា​៖«​ម៉ា​ឡើ​ស៊ី​បាន​ទទួលយក​កាកសំណល់​ប្លា​ស្ទិ​ក​ច្រើនជាង​សមត្ថភាព​ដែល​ខ្លួន​អាច​គ្រប់​គ្រង់​បាន​។ ពេលខ្លះ​ដោយសារតែ​ប្លា​ស្ទិ​ក​មួយចំនួន​មានគុណ​ភាព​អន់​ពេក ការកែច្នៃ​មិនអាច​ប្រព្រឹត្តទៅ​បានទេ ជាហេតុ​នាំ​ឲ្យ​ប្លា​ស្ទិ​ច​ទាំងនេះ​ត្រូវបាន​គេ​ទុកចោល​ដោយ​មិនមាន​ការយកចិត្តទុកដាក់​ច្បាស់លាស់​»៕

Tag:
 សំណល់​
  ប្លា​ស្ទិ​ក​
 ​ចិន​
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com