កសិករ​ជាង​១០០​គ្រួសារ​នៅ​ខេត្តសៀមរាប ដាំ​បន្លែ​សុវត្ថិភាព​បាន​ជិត​១៥០០​តោន​ក្នុង​មួយឆ្នាំៗ
ជាតិ
សេដ្ឋកិច្ច
កសិករ​ជាង​១០០​គ្រួសារ​នៅ​ខេត្តសៀមរាប ដាំ​បន្លែ​សុវត្ថិភាព​បាន​ជិត​១៥០០​តោន​ក្នុង​មួយឆ្នាំៗ
06, Jan 2019 , 11:39 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ (Front)
រូបភាពពីហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ (Front)
​ភ្នំពេញ​៖ ប្រជាកសិករ​១៦២​គ្រួសារ ក្នុងស្រុក​អង្គរធំ  ស្រុក​ប្រាសាទបាគង និង​ស្រុក​សូទ្រនិគម ខេត្តសៀមរាប អាច​ដាំ​ដុះ​បន្លែ​សុវត្ថិភាព​បាន​ចំនួន ១,៤៣២​តោន ក្នុង​មួយឆ្នាំៗ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។ ការ​ដាំំ​ដុះ​បន្លែ​សុវត្ថិភាព​របស់​កសិក​រទាំង​នោះ គឺមាន​ទាំង​ខ្នាតតូច និង​ខ្នាត​ធំ ដោយ​អនុវត្តន៍​តាម​បច្ចេកទេស​កសិកម្ម​ល្អ​។   

 
​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥​រាជធានី​ខេត្ត​តាម​ទូរ​សព្ទ​ថា ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងទៅ ប្រជាកសិករ​ក្នុងស្រុក​ទាំងបី​ខាងលើ​ដែល​ស្ថិតក្នុង​គម្រោង​របស់​ម​ន្ទីរ​ខេត្ត បាន​ដាំ​ដុះ​បន្លែ​សុវត្ថិភាព​ចំនួន​៣៦​មុខ នៅលើ​ផ្ទៃដី​ប្រមាណ​២២០​ហិកតា​។ បរិមាណ​បន្លែ​សុវត្ថិភាព​ក្នុង​គម្រោង​នេះ បាន​ចូលរួមចំណែក​១៥​ភាគរយ នៃ​កសិករ​ដាំ​បន្លែ​សុវត្ថិភាព​ទូទាំង​ខេត្ត ហើយ​ផលដំណាំ​ដែល​កសិករ​ប្រមូលបាន​អាជីវករ​លក់ដុំ លក់រាយ ទាក់ទង​ទិញ​ផ្ទាល់​ពី​ម្ចាស់​ចម្ការ និង​យកទៅលក់​នៅតាម​បណ្តា​នានា រួមមាន​ផ្សារ​សាមគ្គី​,​ផ្សារ​ដំ​ដែក​,​ផ្សារ​រលួស​,​ផ្សារ​អង្គ្រង​,​ផ្សារ​ដើម​ក្រឡាញ់​,​ផ្សារ​ចាស់​,​ផ្សារ​ស្រះស្រង់​,​ផ្សារ​ព្រះ​ដាក់​ខេត្តសៀមរាប និង​ផ្សារ​ស្រុក​ស្ទោង ខេត្តកំពង់ធំ ជាដើម​។ លោក ទា គឹម​សុទ្ធ អះអាង​បន្ថែម​ដូច្នេះ​៖«​បន្លែ​សុវត្ថិភាព​ដែល​ដាំ​ដុះ​ទូទាំង​ខេត្ត អាច​ផ្គត់ផ្គង់​តម្រូវការ​នៅ​ទូទាំង​ខេត្ត ពិសេស​នៅតាម​សណ្ឋាគារ​ធំៗ និង​ផ្សារ​ទំនើប​បាន​៦០​ទៅ​៧០​ភាគរយ ជាមួយ​តម្លៃ​ល្អប្រសើរ​»​។​
 
 
​តាមរយៈ​ការដាំ​បន្លែ​សុវត្ថិភាព ខេត្តសៀមរាប​បាន​កាត់​បន្ថយ​ការនាំ​ចូល​បន្លែ​ច្រើន​ពី​ប្រទេសជិតខាង ដែល​ភាគច្រើន​ជា​បន្លែ​មើម ដូចជា​ការ៉ុត ដំ​ឡូ​វ​បារាំង​ជាដើម​។ លើសពីនេះ វា​បាន​បង្កើន​ប្រាក់ចំណូល​បន្ថែម​ទៅដល់​ប្រជាកសិករ​ក្នុង​ខេត្ត​,​បង្កើន​សុខុមាលភាព​សា​ធារ​ជន​ទូទៅ និង​កាត់បន្ថយ​អ្នក​ចំណាកស្រុក​ផងដែរ​។ នេះ​បើតាម​លោក ទា គឹម​សុទ្ធ​៕ 
 




Tag:
 ជាតិ​
 ​ កសិកម្ម​
 ​ បន្លែ​សុវត្ថិភាព​
  ​សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម