ជាតិ
សង្គមជាតិ
ចង់​បង្ការ​ជំងឺ​បាក់​ទឹកចិត្ត​ត្រូវ​ដឹង​ពី​ប្រភពដើម​នៃ​ជំងឺ​
07, Jan 2019 , 7:59 am        
រូបភាព
ថ្មីៗធ្លាប់ប្រើ. វេជ្ជបណ្ឌិត យឹម សុបុត្រា
ថ្មីៗធ្លាប់ប្រើ. វេជ្ជបណ្ឌិត យឹម សុបុត្រា
 ​ភ្នំពេញ​៖ ជំងឺ​បាក់​ទឹកចិត្ត​ងាយ​នឹង​កើតមាន​លើ​មនុស្ស​ស្ទើរ​គ្រប់​វ័យ​រាប់​តាំងពី​កុមារ​។ ជំងឺ​នេះ​កើតឡើង​ទៅលើ​មនុស្ស ដែលមាន​បញ្ហា​ផ្នែក​សង្គមសាស្ត្រ ចិត្តសាស្ត្រ និង​ជីវសាស្ត្រ​។ ជំងឺ​បាក់​ទឹកចិត្ត​អាច​សម្លាប់​មនុស្ស​ដោយ​មិនដឹង​ខ្លួន ប្រសិនបើ​គេ​មិនបាន​ដឹង​ពី​ដើមហេតុ​នៃ​ជំងឺ និង​ព្យាបាល​បាន​ទាន់ពេល​។ វិធី​បង្ការ​ជំងឺ​បាក់​ទឹកចិត្ត​ដែលមាន​ប្រសិទ្ធ​ភាពល្អ​បំផុត​នោះ​គឺ ម្ដាយ​ឪពុក​ត្រូវតែ​អប់រំ​កូន​ឱ្យ​បានល្អ​តាំងតែ​ពី​តូច ពង្រឹង​ចិត្តសាស្ត្រ​ពួកគេ​ឱ្យបាន​រឹងប៉ឹង និង​ចេះ​ដោះស្រាយ​បញ្ហា​ពី​ក្មេង​។​



​លោក​វេជ្ជបណ្ឌិត យឹម សុ​បុត្រា នាយក​ផ្នែក​ជំងឺផ្លូវចិត្ត និង​ការបំពាន​គ្រឿងញៀន​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ឯកទេស​វិកល​វិទ្យា បាន​បញ្ជាក់ថា បច្ចុប្បន្ន​មនុស្ស​កាន់តែច្រើន​មាន​ជំងឺ​បាក់​ទឹកចិត្ត​ដោយ​មិនដឹង​ខ្លួន​។ លោ​កថា​មនុស្ស​ដែលមាន​ជំងឺ​ផ្លូវកាយ​មួយចំនួន បណ្ដាលមកពី​ជំងឺ​បាក់​ទឹកចិត្ត​។ ទោះជា​យ៉ាងណា ពេលខ្លះ​ជំងឺ​ផ្លូវកាយ​បណ្ដាលឱ្យមាន​ជំងឺ​បាក់​ទឹកចិត្ត ហើយ​ជួនកាល​ជំងឺ​បាក់​ទឹកចិត្ត ក៏​បណ្ដាលឱ្យ​កើត​ជំងឺ​ផ្លូវកាយ​ដែរ​។ អ្នកជំងឺ​ទាំងនោះ​ពេល​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចេះតែ​មិនជា ក៏​ព្រោះតែ​មិនដឹង​ពី​ប្រភពដើម​របស់​ជំងឺ​។​
 
​លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ ៖« ដើមចម​ដែល​បណ្ដាលឱ្យមាន​ជំងឺ​បាក់​ទឹកចិត្ត បង្ហាញ​ដំបូង​លើ​រាងកាយ ដូចជា​ការចុះ​ទម្ងន់ ទទួលទាន​មិនបាន នាំឱ្យ​ប្រដាប់​រំលាយ​អាហារ​រលាក ប្រព័ន្ធ​ការពារ​ចុះខ្សោយ ឬ​ដំបៅ​ក្រពះ​ជាដើម​។ អ្នក​ដែលមាន​អាការ​បែបនេះ ពេល​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចេះតែ​មិនជា ក៏​ព្រោះតែ​បញ្ហា​ដើម​របស់​វា គឺ​មកពី​ជំងឺ​បាក់​ទឹកចិត្ត​»​។​
 
​លោក យឹម សុ​បុត្រា ថា​មនុស្ស​ជួប​បញ្ហា​សង្គមសាស្ត្រ ចិត្តសាស្ត្រ និង​ជីវសាស្ត្រ ដូចជា​វិបត្តិ​តិចតូច​ជាមួយ​គ្រួសារ ការ​បាក់បែក​ស្នេហា ខាត​មុខ​ជំនួញ ការងារ​បរាជ័យ សង្គ្រាម ការបាត់បង់​សមា​ជិត​គ្រួសារ ឬ​មនុស្ស​ជាទី​ស្រឡាញ់ ការ​មាន​ជំងឺ​ប្រចាំកាយ ដំណង​ពូជ​ពី​ម្ដាយ​ឪពុក​ដែល​បាក់​ទឹកចិត្ត​តដល់​កូន ជាដើម ជា​កត្តា​នាំឱ្យមាន​ជំងឺ​បាក់​ទឹកចិត្ត​។​
 
​ក្រោយពី​មាន​ជំងឺ​បាក់​ទឹកចិត្ត មនុស្ស​នោះ​គេង​តិចជាង​៦​ម៉ោង ឬ​ច្រើនជាង​៨​ម៉ោង ដែល​ឧស្សា​ភ្ញាក់ ស្ត្រី​រដូវ​មិន​ទៀង បុរស​ទាក់ទង​និង​តម្រងនោម ការមិន​មាន​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ ចូលចិត្ត​នៅតែ​ម្នាក់ឯង ការប្រើប្រាស់​គ្រឿងញៀន និង​គ្រឿង​ស្រវឹង អ្នកខ្លះ​ចង់​សម្លាប់ខ្លួន​ផង​។ 
 
​លោ​កថា​ដើម្បី​ព្យាបាល​ជំងឺ​បាក់​ទឹកចិត្ត អ្នក​ដែលមាន​បញ្ហា​ត្រូវតែ​ចេះ​ដោះស្រាយ​មុន​បញ្ហា​កាន់តែ​ធ្ងន់ ឬ​រក​ជំនួយ​ពី​បុគ្គល​ផ្សេង​ឱ្យជួយ​ដោះស្រាយ​។  ពេល​ដែលមាន​បញ្ហា​មិនត្រូវ​ប្រើប្រាស់​គ្រឿងញៀន ឬ​គ្រឿង​ស្រវឹង​ឡើយ​។ ពួកគេ​ត្រូវតែ​សម្រាកកាយ​ចិត្ត​ឱ្យបាន​ល្អ ដោយមាន​ពេលធ្វើការ​និង​កម្សាន្ត​ឱ្យបាន​ត្រឹមត្រូវ​។ ត្រូវធ្វើ​សមាធិ និង​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់​។ ត្រូវ​ចេះ​គ្រប់គ្រង​បញ្ហា​សង្គម​ឱ្យបាន​ល្អ​។ ត្រូវ​ចេះ​ផ្លាស់ប្ដូរ​ស្ថានភាព​រស់នៅ​ឱ្យបាន​សមស្រប រួមទាំង​របប​អាហារ​ឱ្យបាន​ត្រឹមត្រូវ មាន​ត្រី សាច់ បន្លែ និង​ផ្លែឈើ​។ បើ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ខ្លាំង ត្រូវតែ​រក​អ្នកជំនាញ​ផ្នែក​ផ្លូវចិត្ត​ព្យាបាល ឬ​ពិគ្រោះ​។​
 
​លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ ៖«​ជំងឺ​បាក់​ទឹកចិត្ត​យើង​អាច​បង្ការ​និង​ព្យាបាល​ខ្លួនឯង នៅពេលដែល​អាការ​នៅ​ស្រាល តែបើ​ឈឺ​ធ្ងន់​ហើយ ត្រូវតែទៅ​ព្យាបាល ឬ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ផ្លូវចិត្ត​»​។​
 
​លោក យឹម សុ​បុត្រា ថា​វិធី​បង្ការ​ជំងឺ​បាក់​ទឹកចិត្ត​ដែលមាន​ប្រសិទ្ធ​ភាពល្អ​បំផុត​នោះ​គឺ ម្ដាយ​ឪពុក​ត្រូវតែ​អប់រំ​កូន​ឱ្យ​បានល្អ​តាំងតែ​ពី​តូច ពង្រឹង​ចិត្តសាស្ត្រ​ពួកគេ​ឱ្យបាន​រឹងប៉ឹង និង​ចេះ​ដោះស្រាយ​បញ្ហា​ពី​ក្មេង នោះ​ទោះ​មានរឿង​ហេតុ​កើតឡើង​យ៉ាងណា ក៏​ពួកគេ​មិន​ងាយ ឬ​មិន​បាក់​ទឹកចិត្ត​តែម្ដង​៕
 

Tag:
 ជំងឺ​បាក់​ទឹកចិត្ត​
  យឹម សុ​បុត្រា​
© រក្សាសិទ្ធិដោយ thmeythmey.com