ជាតិ
សង្គមជាតិ
កសិករ​នៅ​ស្រុក​ក្រឡាញ់​មាន​ជីវភាព​ល្អប្រសើរ​ក្រោយ​បង្កើន​ផ្ទៃដី​ធ្វើស្រែ​ប្រាំង​
07, Jan 2019 , 8:30 am        
រូបភាព
​សៀមរាប​៖ កម្រិតជីវភាព​របស់​ប្រជាកសិករ​នៅ​ភូមិ​ដំណាក់​ខ្ចាស់ ឃុំ​សំបួរ ស្រុក​ក្រឡាញ់ មាន​ភាពល្អប្រសើរ បន្ទាប់ពី​សហគមន៍​នេះ បាន​បង្កើន​ផ្ទៃដី​ស្រែវស្សា​ទៅ​ស្រែប្រាំង មានន័យថា កសិករ​អាចធ្វើ​ស្រែ​បាន​មួយឆ្នាំ​ពីរដង​នៅលើ​ផ្ទៃដី​តែមួយ​។ ការពង្រីក​ផ្ទៃដី​ស្រែប្រាំង​របស់​អ្នកភូមិ​ដំណាក់​ខ្ចាស់ បាន​កាត់បន្ថយ​ភាពក្រីក្រ ពិសេស​កាត់បន្ថយ​ការ​ចំណាកស្រុក​របស់​អ្នកភូមិ​បាន​មួយកម្រិត​ធំ​។ ការពង្រីក​ផ្ទៃដី​ស្រែប្រាំង កើតឡើង​ដោយ​ក្រុម​កសិករ​ប្រើប្រាស់​ទឹក​ឃុំ​សំបួរ ដែល​បាន​ផ្តើម​ស្ដារ​អូរ និង​ទាញ​ទឹក​បង្ហូរ​ដល់​ផ្ទៃដី​ដែល​មិន​ធ្លាប់​មានទឹក​ស្រោចស្រព​ពីមុនមក​។​

 
​ស្រុក​ក្រឡាញ់​មាន​ចម្ងាយ​ប្រមាណ ៥០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តសៀមរាប​។ ចេញពី​រង្វង់​មូលនៃ​ទីរួមស្រុក​ក្រឡាញ់​ប្រមាណ ៧​គីឡូម៉ែត្រ នោះគេ​នឹង​ទៅដល់​ភូមិ​ដំណាក់​ខ្ចាស់​។ អ្នកភូមិ​នេះ​ភាគច្រើន​មាន​របរ​ធ្វើស្រែ​ចម្ការ និង​នេសាទ​ពេល​រដូវវស្សា​។ ក្នុង​ខែ​នេះ អ្នកភូមិ​កំពុង​មមាញឹក និង​ចាំ​ទទួល​ទិន្នផល​ស្រូវប្រាំង​របស់​ពួកគេ ដែល​អាច​នឹង​ប្រមូល​ផល​នៅ​ចន្លោះ​ពី​១០ ទៅ​២០​ថ្ងៃ​ខាងមុខ​។​
 
 
​មេភូមិ​ដំណាក់​ខ្ចាស់ លោក ស៊ិន សុខា បានឱ្យដឹងថា កម្រិតជីវភាព​របស់​កសិករ​នៅ​ភូមិ​របស់លោក​បាន​ប្រែប្រួល ក្រោយពី​មានការ​ពង្រីក​ផ្ទៃដី​ធ្វើស្រែ​បាន​មួយឆ្នាំ​២​ដង​។ លោក​បន្ថែមថា ក្រោយ​បង្កើត​ក្រុម​កសិករ​ប្រើប្រាស់​ទឹក​ឃុំ​សំបួរ​នេះ​មក ស្រែ​របស់​កសិករ​ដែល​ធ្លាប់តែ​គ្មាន​ទឹក​ប្រើប្រាស់ និង​គោក​ក្នុង​ខែប្រាំង មានទឹក​ហូរហៀរ និង​អាចធ្វើ​ស្រែប្រាំង​ដោយ​មិនមាន​ការបារម្ភ​។ 
 
​កសិករ អ្នកស្រី ឡេ​ន ឡុ​ន ដែល​និយាយ​បណ្ដើរ ចង្អុល​ទៅ​វាលស្រែ​ដ៏​ល្វឹងល្វើយ​របស់​អ្នកស្រី​បណ្ដើរ​នោះ បានបង្ហាញ​ស្នាមញញឹម​ជាប់​បបូរមាត់ ដ្បិត​ទិន្នផល​ស្រូវ​ឆ្នាំនេះ​ល្អប្រសើរ​។ អ្នកស្រី​បាន​ចូលរួម​ជាមួយ​ក្រុម​កសិក​រ​ប្រើប្រាស់​ទឹក​នេះ​រយៈពេល​៣​ឆ្នាំ​មកហើយ ហើយ​អ្នកស្រី​អាច​ដាំ​ដុះ​ស្រូវ​បាន​២​ដង​ក្នុង​មួយឆ្នាំ លើ​ផ្ទៃ​ដីស្រែ​ចំនួន ៨​ហិកតា​។ «​មុនៗ (​មិនទាន់​ចូលរួម​ជាមួយ​ក្រុម​ប្រើប្រាស់​ទឹក​) គឺ​ធ្វើស្រែ​បានតែ​ខែវស្សា ឆ្នាំ​ខ្លះ​បាន​៧​តោន ឆ្នាំ​ខ្លះ​ល្អ​បាន ១២​តោន តែ​ក្រោយ​បន្ថែម​ធ្វើ​ខែប្រាំង​ម្ដងទៀត គឺ​ទិន្នផល​កើន​ទ្វេរ ធ្វើឱ្យ​កម្រិតជីវភាព​របស់​យើង​ក៏​ប្រសើរ​តាម​នោះដែរ​»​។ នេះ​បើតាម​សំដី​អ្នកស្រី ឡេ​ន ឡុ​ន ដែល​បញ្ជាក់ថា ស្រែ​អ្នកស្រី​អាច​ប្រមូល​ផល​នៅ​ប្រមាណ ១០​ថ្ងៃ​ទៀត​នេះហើយ​។​
 
 
​ឯ​លោក ម៉ី តុង នោះ​វិញ ក៏​រំពឹងថា ទិន្នផល​ស្រូវ​ឆ្នាំនេះ​របស់លោក​ក៏​ល្អប្រសើរ​ដូច​ឆ្នាំទៅ​ដែរ​។ លោក​មាន​ផ្ទៃដី​ធ្វើស្រែ​ខ្លួនឯង​ចំនួន ៣​ហិកតា ហើយ​ឆ្នាំនេះ​លោក​បាន​ជួល​ដី​ពី​គេ ៤​ហិកតា​បន្ថែមទៀត ដោយសារ​មានទឹក​ស្រោចស្រព​ហូរហៀរ​មិន​បារម្ភ​។ សម្រាប់​លោក ម៉ី តុង ស្រែប្រាំង​ពិតជា​បង្កើន​ចំណូល​ដល់​គ្រួសារ​លោក​មួយផ្នែកធំ ព្រោះថា ស្រែវស្សា​ទទួលផល​មិន​ទៀងទាត់ ដោយសារ​ឆ្នាំ​ខ្លះ​ទឹកធំ ឬ​តូច ពិបាក​គ្រប់គ្រង​ផ្ទៃដី និង​ពេលវេលា​។ 
 
 
​ប្រធាន​ក្រុម​កសិករ​ប្រើប្រាស់​ទឹកសំបួរ លោក យ៉ិ​ន យឺន បានឱ្យដឹងថា ក្រុមការងារ​នេះ​បង្កើតឡើង​នៅ​ចុងឆ្នាំ ២០១៥ ហើយ​បច្ចុប្បន្ន​មាន​សមាជិក​ចំនួន ១៥០​គ្រួសារ ដែលមាន​ផ្ទៃដី​សរុប​ជាង ៣០០​ហិកតា​។ លោក​បន្ថែមថា ក្រោយ​ពង្រីក​ផ្ទៃដី​ស្រែប្រាំង​មក កម្រិតជីវភាព​របស់​កសិករ​មាន​ភាពប្រសើ​រ​ច្រើន ដែល​ខុសពី​ពេលមុន ដែល​កសិករ​ទុក​ដីស្រែ​ចោល​បន្ទាប់ពី​ធ្វើស្រែ​វស្សា​រួច​។ លោក​ថា ក្រុម​កសិករ​របស់លោក​បានចាប់ផ្តើម​ស្ដារ​អូរ​ដែលមាន​ស្រាប់ ដោយ​ទាញ​ទឹក​ពី​ប្រភពទឹក​សំខាន់ៗ​ដូចជា ស្ទឹង​ក្រឡាញ់​ជាដើម ដើម្បី​ផ្គត់ផ្គង់​ទឹក​ដល់​ផ្ទៃដី​ធ្វើស្រែ​របស់​កសិករ​។ លោក​បន្ថែមថា កសិករ​ដែលជា​សមាជិក​ទាំងអស់ ត្រូវ​បង់​ថវិកា​ដើម្បី​ទ្រទ្រង់​សកម្មភាព​នានា ដូចជា​បូមទឹក ប្រេង ការស្ដារ​អូរ និង​ធ្វើ​ផ្លូវ​ជាដើម ដោយ​ក្នុង​មួយ​ហិកតា​មាន​ចំនួន ៣០​ម៉ឺន​រៀល​រៀងរាល់ឆ្នាំ​៕
 






© រក្សាសិទ្ធិដោយ thmeythmey.com