កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ ថៃបញ្ចប់លោក Milovan ជាគ្រូបង្វឹកភ្លាមៗ ក្រោយចាញ់ឥណ្ឌា ៤-១
×
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិថៃបានទទួលរងបរាជ័យក្រោមថ្វីជើងឥណ្ឌាដោយលទ្ធផល ៤-១ នាជំនួបដំបូងសម្រាប់ការប្រកួតវគ្គសន្សំពិន្ទុពូល A នៃពានរង្វាន់ AFC Asian Cup ឆ្នាំ២០១៩ នៅយប់ថ្ងៃទី៦ ខែមករា។ បរាជ័យបែបនេះសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) បានសម្រេចបញ្ចប់តំណែងលោក Milovan Rajevac ជាគ្រូបង្វឹកភ្លាមៗតែម្តង។
៤គ្រាប់របស់ឥណ្ឌាសម្រាប់ការប្រកួតបើកឆាកនេះធ្វើបានដោយ Sunil Chhetri ២គ្រាប់ម្នាក់ឯង រូមទាំង Anirudh Thapa និងJeje Lalpekhlua ស៊ុតម្នាក់មួយគ្រាប់ ខណៈមួយគ្រាប់របស់ថៃសម្រេចទីដោយប្រធានក្រុម Teerasil Dangda។
ក្រោមការដឹកនាំរបស់គ្រូវសញ្ជាតិស៊ែប៊ី Milovan ថៃទទួលបានលទ្ធផលមិនគាប់ប្រសើរនោះទេ ដោយធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាត់ព្រ័ត្រពាន AFF Suzuki Cup ដោយសារក្រុមម៉ាឡេស៊ីកន្លងមក។ តាំងពីពេលនោះមក Milovan ក៏ទទួលរងសម្ពាធពី FAT រហូតដល់ក្រុមបន្តចាញ់ឥណ្ឌាលើកនេះទៀតយ៉ាងចាស់ដៃទើបពួកគេសម្រេចបញ្ចប់តំណែងលោកតែម្តងបើទោះជាប្រកួតដំបូងនៃព្រឹត្តិការណ៍តំបន់អាស៊ីនេះក៏ដោយ។
ថៃនៅសល់ឱកាសប្រជែងទៅវគ្គបន្តនៅឡើយដោយត្រូវតទល់ជាមួយ បារ៉ែន នឹងអេមីរ៉ាតអារ៉ាប់រួម។ សម្រាប់ការប្រកួតដែលសេសសល់ លោក Choketawee Promrat ដឹកនាំជំនួស។
VIDEO
ដោយឡែកកាលពីថ្ងៃប្រកួតបើកឆាកកម្មវិធីនេះដែលធ្វើឡើងនៅយប់ថ្ងៃទី៥ ខែមករា នាទីក្រុងទីក្រុងអាប៊ុយដាប៊ី ម្ចាស់ផ្ទះអេមីរ៉ាតអារ៉ាប់រួមទទួលលទ្ធផលត្រឹមស្មើគ្នា ១-១ ជាមួយបារ៉ែនប៉ុណ្ណោះ។
ដូច្នេះក្នុងពូល A នេះ ឥណ្ឌាឈរនៅកំពូលតារាងបណ្តោះអាសន្នមាន៣ពិន្ទុ បារ៉ែននិង អារ៉ាប់រួមអាមេរ៉ាតមាន១ពិន្ទុដូចគ្នា ខណៈថៃសូន្យពិន្ទុក្រោយឆ្លងកាត់មួយប្រកួតដូចគ្នា។
ចំណែកពូល B ឯណោះវិញក៏បានឆ្លងកាត់ការប្រកួតលើកដំបូងទាំងពីរគូររួចរាល់ហើយដែរ។ ម្ចាស់ការពារតំណែងជើងឯកអូស្ត្រាលីទទួលបានត្រឹមលទ្ធផលខកចិត្តក្រោយចាញ់ហ្សកដានី ១-០ ហើយស៊ីរីសូន្យស្មើជាមួយប៉ាឡេស្ទីន៕
Tag:
បាល់ទាត់
Asian Cup
ថៃ
Milovan Rajevac
© រក្សាសិទ្ធិដោយ thmeythmey.com