អន្តរជាតិ
ស្តេច​ម៉ាឡេស៊ី​ដាក់រាជ្យ​ជា​លើកដំបូង​ផ្អើល​អស់​រាស្ត្រ ក្រោយ​មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា​លួច​រៀបការ​ជាមួយ​រាជិនី​សម្រស់​រុស្ស៊ី
07, Jan 2019 , 1:23 pm        
រូបភាព
ព្រះចៅ មូហាម៉ាត់ទីប្រាំ និងសមាជិកគណៈរដ្ឋមន្ត្រីម៉ាឡេស៊ីរបស់លោក មហាធៀ មហាម៉ាត់ (AFP)
ព្រះចៅ មូហាម៉ាត់ទីប្រាំ និងសមាជិកគណៈរដ្ឋមន្ត្រីម៉ាឡេស៊ីរបស់លោក មហាធៀ មហាម៉ាត់ (AFP)
​មហាក្សត្រ​ម៉ាឡេស៊ី​ព្រះ​ចៅ មូ​ហា​ម៉ាត់​ទី​ប្រាំ (Yang di Pertuan Agong) បានសម្រេច​ព្រះទ័យ​ដាក់រាជ្យ​ជា​ផ្លូវការ​នៅ​ថ្ងៃអាទិត្យ​ទី ៦ ខែមករា ដោយ​មិនមាន​ការបកស្រាយ​ច្បាស់លាស់​ពី​បរមរាជវាំង​ម៉ាឡេស៊ី​ឡើយ​។ គ្រងរាជ្យ​បាន​ពីរ​ឆ្នាំ ទ្រង់​ក្លាយជា​មហាក្សត្រ​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ដាក់រាជ្យ​ទាំង​មិនទាន់​គ្រងរាជ្យ​គ្រប់​អាណត្តិ​ប្រាំ​ឆ្នាំ​តាម​កំណត់​ផង​។ បណ្តា​ស៊ុលតង់​ម៉ាឡេស៊ី​ទាំង​ប្រាំបួន​អង្គ​នឹង​ពិគ្រោះ​យោបល់​ដើម្បី​ជ្រើសរើស​ក្សត្រ​ថ្មី​សម្រាប់​ឡើង​គ្រងរាជ្យ​បន្ត​នៅពេលនេះ​។


 
​ការដាក់រាជ្យ​របស់​ព្រះមហាក្សត្រ​ម៉ាឡេស៊ី​ទី ១៥ ព្រះ​ចៅ មូ​ហា​ម៉ាត់​ទី​ប្រាំ កំពុង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ក្នុងចំណោម​ប្រជាជន​ម៉ាឡេស៊ី​ចុង​សប្តាហ៍​កន្លងទៅ​។ វា​ជាការ​ដាក់រាជ្យ​របស់​ប្រមុខរដ្ឋ​ជា​លើកដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ម៉ាឡេស៊ី​សម័យ​ទំនើប​ចាប់ពី​ទទួលបាន​ឯករាជ្យ​ពី​អង់គ្លេស​ឆ្នាំ ១៩៥៧ ប៉ុន្តែ​ជារួម​ការដាក់រាជ្យ​នេះ​មិនមាន​ប៉ះពាល់​ខ្លាំង​ដល់​ដំណើរការ​ជា​ប្រក្រតី​នៃ​រដ្ឋាភិបាល​បច្ចុប្បន្ន​ទេ​។​
 
​ការដាក់រាជ្យ​របស់​ព្រះ​ចៅ មូ​ហា​ម៉ាត់​ទី​ប្រាំ ដែលជា​ស៊ុ​ល​តង់​នៃ​រដ្ឋ​កេ​ឡាន់​តាន់ (Kelantan) នេះ​ត្រូវបាន​រាជវាំង​ម៉ាឡេស៊ី​ទទួលស្គាល់​។ ទីភ្នាក់ងារ​ព័ត៌មាន​ម៉ាឡេស៊ី Bernama ផ្សាយ​បែប​ដោយ​ស្រង់​សេចក្តីថ្លែងការណ៍​រាជ​រាំង​ម៉ាឡេស៊ី​ន ប៉ុន្តែ​គួរ​ឲ្យ​កត់សម្គាល់​មន្ត្រី​រាជវាំង​មិនបាន​ប្រកាស​ឲ្យ​ដឹង​ពី​មូលហេតុ​នៃ​ការដាក់រាជ្យ​របស់​មហា​ក្សត្រ​ឡើយ​។ 
 
​ថ្វីបើ​វា​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើ​ក​បន្តិច​មែន ការសម្រេច​ដាក់រាជ្យ​ធ្វើឡើង ក្រោយ​ពេលដែល​ព្រះមហាក្សត្រ មូ​ហា​ម៉ាត់​ទី​ប្រាំ មាន​ព្រះរាជ​អវត្តមាន​អស់​រយៈពេល​ប្រហែល​ពីរ​ខែ​មកហើយ ហើយក៏​មានការ​ចោទ ជា​សំណួរ​ញឹកញាប់​ដែរ​។ ព្រះរាជ​អវត្តមាន​ពី​រាជ្យ​បល្ល័ង្ក​កើតឡើង​ចាប់ពី​ខែវិច្ឆិកា​ក្រោម​ហេតុផល​ព្យាបាល​ព្រះរោគ ហើយ​ទ្រង់​ត្រូវ​យាង​ត្រឡប់​ចូល​បំពេញ​ព្រះរាជកិច្ច​វិញ​នៅ​ថ្ងៃ ១ ខែមករា ប៉ុន្តែ​ក្រោយមក​ក៏មាន​ការប្រកាស​ពី​ការដាក់រាជ្យ​នេះ​តែម្តង​។ 
 
​ក្នុង​សន្និសីទ​ព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន មានការ​សាកសួរ នាយករដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់​ដែរ​ជុំវិញ​ព្រះ​រាជ្យ​អវត្តមាន​របស់​ក្សត្រ មូ​ហា​ម៉ាត់​ទី​ប្រាំ​ដែរ ប៉ុន្តែ​លោក មហា​ធៀ ឆ្លើយថា លោក​ក៏​មិនបាន​ដឹង​ពី​បញ្ហា​ព្រះមហា​ក្ស​ស្ថិត​នៅទីណា​ទេ ប៉ុន្តែ​លោក​ក៏បាន​លឺ​ពី​ពាក្យ​ចរចា​ម​អា​រ៉ា​ម​ច្រើន​ដែរ​ទាក់ទិន​នឹង​ទ្រង់​។​.
 
 -​លាលែង​ព្រោះ​រៀបការ​ជាមួយ​អតីត​រាជិនី​សម្រស់​រុស្ស៊ី​?
 
​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​ដែល​លោក មហា​ធៀ ក៏ដូចជា​ប្រជាជន​ម៉ាឡេស៊ី​បានលឺ​នោះ​គឺ​ទាក់ទិន​នឹង​ការរៀប​អភិសេក​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ជាច្រើន​បាន​ផ្សាយ​ថា មហាក្សត្រ​ម៉ាឡេស៊ី​ព្រះ​ចៅ មូ​ហា​ម៉ាត់ បាន​រៀប​អភិសេក​ជាមួយ​អតីត​រាជិនី​សម្រស់​និង​ជាបរ​វ​កញ្ញា​រុស្ស៊ី​ឆ្នាំ ២០១៥ មាន​វ័យ ២៥​ឆ្នាំ កញ្ញា Oksana Voevodina​។ ទូរទស្សន៍​រដ្ឋ​រុស្ស៊ី RT ផ្សាយ​ថា ការរៀប​អភិសេក​នេះ​ត្រូវបាន​រៀបចំឡើង​យ៉ាង​អធិកអធម​នៅ​ក្រុង​ម៉ូស្គូ​ចុងខែ​កញ្ញា ហើយ Oksana បាន​ប្តូរ​មកកាន់​សាសនា​ឥស្លាម និង​ដាក់ឈ្មោះ Rihana​។ មានការ​វាយតម្លៃ​ថែម​ទៀតថា ការ​រៀបការ​ជាមួយ​ស្ត្រី​រុស្ស៊ី​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ឈានទៅ​ដាក់រាជ្យ​ដែរ​។ 
 
​យ៉ាងណាក៏ដោយ រាជវាំង​ម៉ាឡេស៊ី​មិនបាន​ទទួលស្គាល់ ឬ​បកស្រាយ​ជា​ផ្លូវការ​ពី​ពាក្យ​ចរ​ចាម​អា​រ៉ា​ម​នេះឡើយ​មកដល់​បច្ចុប្បន្ន​។ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​ក៏​មិន​ហ៊ាន​បកស្រាយ​ដូចគ្នា​។​
 
​តាមពិតទៅ ក្សត្រ​ម៉ាឡេស៊ី​ព្រះ​ចៅ មូ​ហា​ម៉ាត់​ទី​ប្រាំ ដែល​ទទួលបាន​ការសិក្សា​នៅ​សាកលវិទ្យាល័យ Oxford និង​មាន​ព្រះជន្ម​ត្រឹម ៤៩ ព្រះវស្សា​នេះ មិនមាន​មហេសី​ទេ​។  ទ្រង់​បាន​លែងលះ​ជាមួយ​មហេសី​តាំងពី​ឆ្នាំ ២០០៨ ម្ល៉េះ​។ ករណី​គ្មាន​មហេសី​នេះ​ក៏បាន​ក្លាយជា​រឿងចម្រូងចម្រាស​ពេលដែល​ទ្រង់​ត្រូវបាន​ជ្រើសរើស​ឲ្យ​ឡើង​គ្រងរាជ្យ ដ្បិតថា​វាល​ក្ខ​ខ​ណ្ខ​មួយ​សម្រាប់​អង្គ​មហាក្សត្រ​ដែរ​។ ប៉ុន្តែ​ចុងក្រោយ ទ្រង់​ក្លាយជា​មហាក្សត្រ​ម៉ាឡេស៊ី​ដំបូង​គេ​ដែល​គ្មាន​មហេសី​។ 
 
​ត្រឡប់មកវិញ ព្រះ​ចៅ មូ​ហា​ម៉ាត់​ទី​ប្រាំ ទ្រង់​ត្រូវបាន​ជ្រើសរើស និង​ឡើង​គ្រងរាជ្យ​ជា​ផ្លូវការ​កាលពី​ខែធ្នូ​ឆ្នាំ ២០១៦​មក​។ ទ្រង់​ត្រូវ​គ្រងរាជ្យ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំមុន​នឹងមាន​ការបោះឆ្នោត​ក្នុង​សន្និសីទ​ស៊ុ​លត​ង់ ដើម្បី​ជ្រើសរើស​ប្រមុខរដ្ឋ​ថ្មី​។​
 
​ក្រោយ​ការប្រកាស​ដាក់រាជ្យ​នេះ ព្រះ​ចៅ​ស៊ុ​លត​ង់​នៃ​រដ្ឋ​ប៉េ​រាក់ (Perak) Nazrin Muizzuddin Shah ដែលជា​ប្រមុខរដ្ឋ​រង​នោះ ត្រូវ​កាន់កាប់​តំណែង​ជា​ប្រមុខរដ្ឋស្តីទី​សិន ទម្រាំ​ស៊ុ​ល​តង់​ប្រចាំ​រដ្ឋ​ទាំង​ប្រាំបួន​ទូទាំង​សហព័ន្ធ​ម៉ាឡេស៊ី​បើ​កស​ន្និ​សីទ​បោះឆ្នោត​ជ្រើសរើស​ប្រមុខរដ្ឋ​ថ្មី​ទៀត​។ ទោះជា​តាម​នីតិវិធី ព្រះ​ចៅ​ស៊ុ​លត​ង់​ប្រចាំ​រដ្ឋ​ប៉ាហាំង ត្រូវ​ឡើង​គ្រងរាជ្យ​បន្ត​ពី​ព្រះ​ចៅ មូ​ហា​ម៉ាត់​ទី​ប្រាំ​ក៏ដោយ ក្រុមប្រឹក្សា​ស៊ុ​ល​តង់​ខាងលើនេះ​មាន​សិទ្ធិ​ប្តូរ​ការសម្រេចចិត្តបាន​។  
 
-​ការជ្រើសរើស​មហាក្សត្រ​ម៉ាឡេស៊ី​ធ្វើឡើង​ដោយ​របៀប​ណា​? 
 
​ថ្វី​បើជា​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ក៏ដោយ ម៉ាឡេស៊ី​មាន​លក្ខណៈ​ខុសពី​របប​រាជានិយម​នៃ​ប្រទេស​ដទៃទៀត​។ ខុស​ត្រង់​ថា ប្រមុខរដ្ឋ​សហព័ន្ធ​ម៉ាឡេស៊ី ត្រូវ​ផ្លាស់ប្ដូរ​គ្នា​រៀងរាល់​ប្រាំ​ឆ្នាំ​ម្តង​ក្នុងចំណោម​ស៊ុ​លត​ង់​នៃ​រដ្ឋ​ទាំង​ប្រាំបួន របស់​ម៉ាឡេស៊ី​។   
 
​ការជ្រើសរើស​ព្រះមហាក្សត្រ គឺជា​បុព្វសិទ្ធិ​របស់​ស៊ុ​លត​ង់​ទាំង​ប្រាំបួន​នៃ​រដ្ឋ​ទាំង ១៣​របស់​ម៉ាឡេស៊ី​។ ស៊ុ​លត​ង់​ទាំងអស់​សម្រេច​ព្រះទ័យ​ដោយផ្ទាល់​ដើម្បី​បែងចែក​អាណត្តិ​នៃ​ការគ្រងរាជ្យសម្បត្តិ ដែលមាន​រយៈពេល​ប្រាំ​ឆ្នាំ ដើម្បី​ធានាថា ស៊ុ​លត​ង់​ទាំងអស់​សុទ្ធតែ​អង្គុយ​លើ​ប​ល្ល័​ង្គ​បាន​ម្ដង​ដូចៗ​គ្នា​។ មកដល់​បច្ចុប្បន្ន មានតែ​ស៊ុ​លត​ង់ Abdul Halim នៃ​រដ្ឋ​កេ​ដា មួយអង្គ​ប៉ុណ្ណោះ​ដែល​បាន​ឡើង​គ្រងរាជ្យ​ពីរដង​រាប់​ចាប់ពី​ក្រោយ​សម័យ​អាណានិគម​អង់គ្លេស​។ លើកទីមួយ​ទ្រង់​គ្រងរាជ្យ​ជា​មហាក្សត្រ​ទី​ប្រាំ ចាប់ពី​ឆ្នាំ ១៩៧០ ដល់​ឆ្នាំ ១៩៧៥ ហើយ​លើក​ទី​ពីរ​ជា​មហាក្សត្រ​ទី ១៤ ចាប់ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៦ ។  
 
​តាមពិតទៅ ការជ្រើសរើស​ធ្វើឡើង​តាមរយៈ​ជំនុំ​ពិសេស​ឬ អាច​ហៅថា សន្និសីទ​នៃ​ស៊ុ​លត​ង់ (Majlis Raja-Raja) ដែល​ត្រូវបាន​គេ​ចាត់ទុកជា​ក្រុមប្រឹក្សា​ពិសេស​ផុត​លេខ​មួយ ឬ​អាច​និយាយបានថា មានតែ​មួយ​លើ​លោក​ផង​។ តាម​មាត្រា ៣៨ នៃ​សហព័ន្ធ​ម៉ាឡេស៊ី​ឆ្នាំ ១៩៥៧ សមាជិក​ក្រុមប្រឹក្សា​នេះ​មាន​ស៊ុ​លត​ង់​ទាំង​ប្រាំបួន និង​អភិបាលរដ្ឋ​ទាំង​បួន​មាន ប៉េ​ណាំង (Penang), ម៉ា​ឡា​កា (Malacca), សា​បា (Sabah) និង​សា​រ៉ា​វ៉ា​ក់ (Sarawak)​ផង​។​
 
​អង្គ​ជំនុំ​នេះ​ជ្រើសរើស​មហាក្សត្រ​ថ្មី ដោយ​ពឹង​ផ្អែកលើ​ភាពចំណាស់​របស់​ស៊ុ​ល​តង់​នីមួយៗ​។ ក្រៅពី​ជ្រើសរើស​ក្សត្រ ស​និ្ន​សីទ​នេះ​ក៏មាន​អំណាច​ដកហូត​រា​ជ្យ​របស់​មហាក្សត្រ​ដែរ ក្នុង​កាលៈទេសៈ​ចាំបាច់​នោះ​។​
 
​ខាងក្រោម​ជា​រដ្ឋ​ទាំង​ប្រាំបួន​ដែលមាន​ស៊ុ​ល​តង់​គ្រប់គ្រង​នៅ​ម៉ាឡេស៊ី ហើយ​លេខ​រៀង​នេះ​ធ្វើឡើង​តាម​ព្រះជន្ម​ព្រះ​ចៅ​ស៊ុ​ល​តង់​នៃ​រដ្ឋ​នីមួយៗ​ដូចខាងក្រោម​៖ 
 
១.​ណឺ​គឺ​រី សឹម​ប៊ី​ឡាន់ (Negeri Sembilan) គ្រប់គ្រង​ដោយ​ស៊ុ​លត​ង់ Tunku Muhriz
២. សេ​ឡាំង​ង័​រ (Selangor) គ្រប់គ្រង​ដោយ​ស៊ុ​លត​ង់  Sharafuddin Idris Shah 
៣.​ពឺ​លី​ស (Perlis) គ្រប់គ្រង​ដោយ​ស៊ុ​លត​ង់  Syed Sirajuddin
៤. ទឺ​រេ​ង​ហ្កា​នូ (Terengganu) គ្រប់គ្រង​ដោយ​ស៊ុ​លត​ង់   Mizan Zainal Abidin
៥. កេ​ដា (Keda)​គ្រប់គ្រង​ដោយ​ស៊ុ​លត​ង់  Sallehuddin
៦. កេ​ឡាន់​តាន់ (Kelantan)  គ្រប់គ្រង​ដោយ​ស៊ុ​លត​ង់  មូ​ហា​ម៉ាត់​ទី​ប្រាំ  (Muhamad V) ដែល​ទើប​ដាក់រាជ្យ​
៧. ប៉ាហាំង (Pahang)​គ្រប់គ្រង​ដោយ​ស៊ុ​លត​ង់  Ahmad Shah
៨. ចូ​ហ័​រ (Johor)​គ្រប់គ្រង​ដោយ​ស៊ុ​លត​ង់  Ibrahim Ismail
៩. ប៉េ​រ៉ា​ក់ (Perak) គ្រប់គ្រង​ដោយ​ស៊ុ​លត​ង់  Nazrin Shah 
 
​ក្រោយ​ប្រកាស​ឯករាជ្យ​ពី​អង់គ្លេស មហាក្សត្រ​ម៉ាឡេស៊ី​មានអំណាច​លើសលុប ថ្វីបើ​ម៉ាឡេស៊ី​ដឹកនាំ​តាម​ប្រព័ន្ធ​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ក៏ដោយ​។ ប៉ុន្តែ​ក្រោយ​លោក មហា​ធៀ ឡើងកាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ឆ្នាំ ១៩៨១ អំណាច​របស់​ព្រះ​ចៅ​ស៊ុ​ល​តង់​តាម​រដ្ឋ និង​ព្រះមហាក្សត្រ​ផង​នោះ​ថមថយ​ស្ទើរតែ​ស្រុង​។ លោក មហា​ធៀ បង្កើន​អំណាចនីតិប្រតិបត្តិ ដោយ​ចាប់ផ្តើម​កែ​រដ្ឋធម្មនុញ្ញ​ដើម្បី​បន្ថយអំណាច​របស់​ព្រះមហាក្សត្រ​។ ជាក់ស្តែង វា​មាន​ការដក​អំណាច​ជំទាស់​លើ​ច្បាប់​ទាំងឡាយណា​ដែល​អនុម័ត​ដោយ​សភា​ឆ្នាំ ១៩៨៣ ហើយ​និង​ដកហូត​អភ័យឯកសិទ្ធិ​ពិសេស​របស់​ស៊ុ​ល​តង់​ទាំង​ប្រាំបួន​ផង​។ វា​មានន័យថា ស៊ុ​លត​ង់​ទាំងអស់​ត្រូវ​ប្រឈម​នឹង​ការកាត់ទោស​តាមច្បាប់ បើសិនជា​ប្រព្រឹត្ត​ខុស​។​
 
​តាមពិតទៅ ទំនាក់ទំនង​រវាង​លោក មហា​ធៀ នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន និង​មហាក្សត្រ​ដែល​ទើប​ដាក់រាជ្យ​នេះ​មិនសូវ​ល្អប្រសើរ​ឡើយ​។ ការប្រទាំងប្រទើស​គ្នា​ទើប​កើតឡើង​កាលពី​ខែមិថុនា​អស់​ពេល​ពីរ​សប្តាហ៍ ក្រោយ​រដ្ឋាភិបាល​ស្នើ​តែងតាំង​អគ្គរាជអាជ្ញា​ដែល​មិនមែនជា​ជនជាតិ​ម៉ា​ឡេ​។ ប៉ុន្តែ​ចុងក្រោយ មហាក្សត្រ មូ​ហា​ម៉ាត់​ទី​ប្រាំ​សម្រេច​ព្រះទ័យ​ទទួល​សំណើរ​តែងតាំង​នេះ​វិញ​។ 
 
​មុន​មានការ​ប្រកាស​ដាក់រាជ្យ​នេះ លោក មហា​ធៀ ទំនងជា​ផ្ញើ​សារ​ព្រមាន​ដល់​ក្រុមគ្រួសារ​រាជវង្សានុវង្ស​ដែរ​ជុំវិញ​ការប្រព្រឹត្ត​អំពើ​ណាមួយ​ដែល​ខុសច្បាប់​ពី​សំណាក់​អ្នកមានអំណាច​ដែល​គិតថា​ខ្លួន​នៅលើ​ច្បាប់​ឬ​មាន​អភ័យឯកសិទ្ធិ​ពិសេស​នោះ​។ នាយករដ្ឋមន្ត្រី​ចាស់​ជាងគេ​លើ​លោក​នេះ​បាន​សរសេរ​ក្នុង​គេហទំព័រ​ផ្ទាល់ខ្លួន​ថា តាម​គោលការណ៍ នីតិរដ្ឋ​គ្មាន​ការលើកលែង​ណាមួយ​ចំពោះ​បុគ្គល​ទាំង​អស់ទាំង​ក្សត្រ ទាំង​មន្ត្រី និង​ទាំង​រាស្ត្រ​។ ប៉ុន្តែ​លោក មិនបាន​បកស្រាយ​ឲ្យ​បានច្បាស់លាស់​ឡើយ​៕ 
 

Tag:
 ​ម៉ាឡេស៊ី​
  រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​
© រក្សាសិទ្ធិដោយ thmeythmey.com