កីឡាជាតិ
ជាតិ
អន្លង់វែង នឹង​ក្លាយជា​ទីតាំង​រៀបចំ​កីឡា​រត់ប្រណាំង និង​ដើរ​ថ្មើរជើង​ប្រវត្តិសាស្ត្រ​អន្តរជាតិ​
07, Jan 2019 , 2:11 pm        
រូបភាព
ដោយ:
​ស្រុក​អន្លង់វែង​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ នឹង​ក្លាយជា​ទីតាំង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​រត់ប្រណាំង និង​ថ្មើរជើង​អន្តរជាតិ​ប្រវត្តិសាស្ត្រ​នាពេល​អនាគត​។ វា​ជា​ផលិត​កីឡា​ទេសចរណ៍​មួយ​ដ៏​សំខាន់ ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​តំបន់​ទេសចរណ៍​ក្នុង​ខេត្ត​នេះ​។ គម្រោង​នេះ បន្ទាប់ពី​ទទួលបាន​ជោគជ័យ​សម្រាប់​ព្រឹត្តិការណ៍​ថ្មើរជើង​ប្រវត្តិសាស្ត្រ​ទៅកាន់​តំបន់​ចុងក្រោយ​នៃ​របប​ខ្មែរក្រហម​កាលពី​សៅរ៍​ទី​៥ ខែមករា ឆ្នាំ​២០១៩​។​

 
​ក្រោយ​ទទួលបាន​ជោគជ័យ​លើស​ការរំពឹងទុក​ពី​ចំនួន​អ្នកចូលរួម​ព្រឹត្តិការណ៍​«​ថ្មើរជើង​ប្រវត្តិសាស្ត្រ​»​ទៅកាន់​តំបន់​ចុងក្រោយ​នៃ​របប​ខ្មែរក្រហម​កាលពីពេល​ថ្មីៗ អន្លង់វែង ដែលជា​ទីតាំង​បង្កប់​ដោយ​ប្រវត្តិសាស្ត្រ​ពី​ឆ្នាំ​១៩៧០-១៩៨៩ នឹង​ក្លាយជា​ទីតាំង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​រត់ប្រណាំង និង​ថ្មើរជើង​ប្រវត្តិសាស្ត្រ​លក្ខណៈ​អន្តរជាតិ​នា​អនាគត​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។ 


 
​ព្រឹត្តិការណ៍​នេះ នឹង​ក្លាយជា​ផលិតផល​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយ​ក្នុងការ​រួមចំណែក​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​តំបន់​ទេសចរណ៍​នានា​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ លើសពីនេះ វា​នឹង​ជួយ​បង្កើន​សេដ្ឋកិច្ច​ខេត្ត​នេះ តាមរយៈ​ការជួយ​រក​ចំណូល​បន្ថែម​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​កាន់តែ​ប្រសើរឡើង និង​ជួយ​ផ្នែក​សុខភាព​ជាដើម​។ 


 
​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ក្រោយ​ព្រឹត្តិការណ៍​«​ថ្មើរជើង​ប្រវត្តិសាស្ត្រ​»​លោក វ៉ា​ត់ ចំរើន មានប្រសាសន៍​ដូច្នេះ​ថា​៖«​យើង​សង្កេតឃើញថា ព្រឹត្តិការណ៍​នេះ​មាន​អ្នកចូលរួម​យ៉ាង​ផុសផុល និង​សប្បាយរីករាយ​។ ដូច្នេះ​នៅ​ឆ្នាំក្រោយ​យើង​ដាក់​ទិសដៅ​ថា នឹង​រៀបចំ​ព្រឹត្តិការណ៍​រត់​កម្សាន្ត និង​ដើរ​ថ្មើរជើង​ឆ្ពោះ​មកកាន់​តំបន់​ប្រវត្តិសាស្ត្រ​ជា​លក្ខណៈ​អន្តរជាតិ ដែលជា​ផលិតផល​កីឡា​ទេសចរណ៍​អន្តរជាតិ​»​។ 


 
​លក្ខខណ្ឌ​អំណោយផល​ផ្នែក​អាកាសធាតុ បរិយាកាស អមដោយ​ព្រៃ​ប្រឹក្សា​នៅលើ​ជួរ​ភ្នំ​ដងរ៉ែក​ធ្វើ​ឲ្យ​ពើយ​តា​ម៉ុក​(​ផ្ទះ​កណ្តា​លតា​ម៉ុក​) ដែល​ស្ថិត​ក្នុងស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្លាយជា​ទីតាំង​សក្តានុពល សម្រាប់​ការ​សមាធិ និង​សង្រួម​អារម្មណ៍​សម្រាប់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​។ កម្មវិធី​ទាំងនេះ ក៏​ស្ថិតក្នុង​គម្រោង​នៃ​ការបង្កើត​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ខាងលើ​ផងដែរ​។​


 
​សម្រាប់​ព្រឹត្តិការណ៍​ថ្មើរជើង​ប្រវត្តិសាស្ត្រ​ទៅកាន់​តំបន់​ចុងក្រោយ​នៃ​របប​ខ្មែរក្រហម​កាលពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៩ បាន​ទាក់ទាញ​អត្ត​ព​លិ​ក​ជាតិ​និង​អន្តរជាតិ​ជាង​១​ពាន់​នាក់​ចូលរួម​។ ចំនួន​នេះ កើនឡើង​លើស​ការរំពឹង​ទុក ដែលជា​ហេតុ​នាំ​ឲ្យ​ព្រឹត្តិការណ៍​នេះ​ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​ស្ទើរ​មិន​នឹកស្មាន​ដល់​។ 


 
​ព្រឹត្តិការណ៍​ដែល​រៀបចំ​ដោយ​ក្រសួងទេសចរណ៍​សហកា​រ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​និង​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​មួយ​នេះ ចែកចេញជា​ពីរ​ផ្នែក គឺ​រត់​កម្សាន្ត​ចម្ងាយ​៣​គីឡូម៉ែត្រ ដែល​ចេញដំណើរ​ពី​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ផ្ទះ​តា​ម៉ុក​ទៅកាន់​រង្វង់​មូល​ផ្សារ​អន្លង់វែង​រួច​ត្រឡប់មក​បញ្ចប់​នៅ​ទី​ចេញដំណើរ​។ ការដើរ​ថ្មើរជើង​ប្រវត្តិសាស្ត្រ​ចម្ងាយ​៦​គីឡូម៉ែត្រ ដោយ​ចេញដំណើរ​ពី​ច្រក​អន្តរជាតិ​ជាំ​(​កម្ពុជា​-​ថៃ​)​ទៅកាន់​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ឬ​ពើយ​តា​ម៉ុក រួច​ត្រឡប់មកវិញ​។​


 
​ព្រឹត្តិការណ៍​នេះ រៀបចំឡើង​ដើម្បី​អបអរ​ខួប​លើក​ទី​៤០​នៃ​ជ័យជម្នះ​៧​មករា និង​ខួប​២០​ឆ្នាំ​នៃ​ការ​បញ្ជ​ប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​។ មួយវិញទៀត គឺ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​ទស្សនា​តំបន់​ទេសចរណ៍​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​ក្នុង​ខេត្ត​នេះ​ជាដើម​៕   
 















Tag:
 រត់ប្រណាំង​
  ថ្មើរជើង​ប្រវត្តិសាស្ត្រ​
  វ៉ា​ត់ ចំរើន​
© រក្សាសិទ្ធិដោយ thmeythmey.com