កីឡាអន្តរជាតិ
អន្តរជាតិ
Real ខើច​ឱកាស​ដណ្តើមពាន La Liga ជាមួយ Barca ក្រោយ​ចាញ់ Sociedad ២-០
07, Jan 2019 , 10:19 pm        
រូបភាព
 Real Madrid បាន​រង​បរាជ័យ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​ដោយ​ចាញ់​ក្រុម Real Sociedad ក្នុង​លទ្ធផល ២-០ នា​ការប្រកួត​ក្របខណ្ឌ La Liga និង​ជា​ជ័យជម្នះ​លើកដំបូង​របស់ Sociedad នៅឯ​កីឡដ្ឋាន Bernabeu ក្នុង​រយៈពេល ១៥ ឆ្នាំ​ចុ​ក្រោយ​។​


 
​ក្នុង​ទឹកដី Bernabeu នៅ​រាត្រី​ថ្ងៃទី​៦ ខែមករា ក្រុម​ភ្ញៀវ​អា​ចរក​គ្រាប់​បាល់​នាំ​មុខមុន​ដោយ​កីឡាករ Willian Jose តាំងពី​៣​នាទី​ដំបូង​ក្នុង​វគ្គ​ទី​១​។ Sociedad ដែលមាន​១​គ្រាប់​នាំមុខ រិត​តែមាន​ប្រៀប​បន្ថែមទៀត​លើ Real បន្ទាប់ពី Lucas Vazquez បាន​កាត​ក្រហម​ក្រោយ​ទទួល​កាត​លឿង​ទី​២​នៅ​នាទី​៦១​។ ការប្រកួត​បាន​បន្តរ​ហូត​នាទី​៨៣ កីឡាករ Ruben Pardo បាន​បន្ថែម​គ្រាប់​ទី​២​ឲ្យ Sociedad ដែល​ធ្វើ​ឲ្យ Real បរាជ័យ​ក្នុង​ដី​ខ្លួនឯង​ដោយ​លទ្ធផល ២-០​។​


 
Sociedad ទើប​ស្គាល់​ជាតិ​ឈ្នះ​នៅ​ដី Real Madrid លើកដំបូង​ក្នុង​រយៈពេល​១៥​ឆ្នាំ​ចុងក្រោយ ស្របពេល​ក្រុម​ម្ចាស់​ជើងឯក Champions League ច្រើនជាងគេ​កំពុង​ធ្លាក់​ទម្រ​ង​លេង​គួរ​ឲ្យ​កត់សម្គាល់​ក្រោយ​ការចាកចេញ​របស់ Cristiano Ronaldo​។​
 
​នេះ​ជា​បរាជ័យ​ទី​៦​របស់​ក្រុម​រហស្សនាម​ស្តេច​ស​សម្រាប់​ការប្រកួត​ក្នុង​លី​គ​រដូវ​កាល​នេះ ដែល​នាំ​ឲ្យ​ពួកគេ​រិត​ថមថយ​ឱកាស​ដើម្បី​ប្រជែង​ពាន La Liga ជាមួយ​គូប្រជែង Barcelona ដែល​កំពុង​នាំមុខ​រហូតដល់​១០​ពិន្ទុ​។​


 
​ឆ្លងកាត់​ការប្រកួត​១៨​លើក​កន្លងមក ក្រុម​របស់លោក Santiago Solari ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៥​ក្នុង​តារាង (​តំបន់​ត្រូវ​កាត់​ចេញពី Champions League រដូវ​កាល​ក្រោយ​) មាន ៣០​ពិន្ទុ តាម​ពីក្រោយ Deportivo Alaves មួយ​ពិន្ទុ Sevilla ៣​ពិន្ទុ និង Atletico Madrid ចំនួន​៥​ពិន្ទុ​។​
 
Barcelona ដែល​យកជ័យ​ជម្នះ​លើ Getafe ២-១ កំពុង​ឈរ​នៅ​កំពូល​តារាង La Liga របស់​អេ​ស្ប៉ា​ញ​មាន​៤០​ពិន្ទុ​ក្រោយ​ឆ្លងកាត់​ការប្រកួត​១៨​លើក​ដូចគ្នា​៕ 

Tag:
 បាល់ទាត់​
  Real Madrid
  La Liga
© រក្សាសិទ្ធិដោយ thmeythmey.com