រថយន្ត
អន្តរជាតិ
រថយន្ត​ម៉ូ​ដែល​ទំនើប​ដែល​ត្រូវ​បង្អួតរាង​លើ​ទីផ្សារ​នៅ​ឆ្នាំ​២០១៩
07, Jan 2019 , 7:39 pm        
រូបភាព
ដោយ: ធីតា
​ឆ្នាំ​២០១៩​នេះ ម៉ូ​ដែល​រថយន្ត​ថ្មីៗ​ជាច្រើន​ប្រភេទ​នឹង​លេច​រូបរាង​នៅលើ​ទីផ្សារ បន្ទាប់ពី​មានការ​តាំង​បង្ហាញ​ក្នុង​ពិ​ព័រ​ណ៌​យានយន្ត​នានា​លំដាប់​ពិភពលោក ជាពិសេស​នៅ​តំបន់​អឺរ៉ុប​។ ជាមួយគ្នានេះ ក្រុមហ៊ុន​អាល្លឺម៉ង់ ក៏​ពង្រីក​ការផលិត​រថយន្ត​អគ្គិសនី​ផងដែរ ក្នុងនោះ​មានដូចជា Audi e-tron និង Mercedes-Benz EQC ជាដើម​។​

 
​ផ្អែក​តាម​សម្រង់​ទិន្នន័យ​របស់ challenges.fr ក្រុមហ៊ុន Audi ត្រៀម​បង្ហាញ​ផលិតផល​ពីរ​ដែល​ក្នុងនោះ​មាន Audi A3 ជំនាន់​ទី​បួន ជា​ម៉ូ​ដែល​ដែល​រចនា​ដោយ​ក្រុមហ៊ុន Volkswagen Group MQB  និង Audi e-Tron ដែលជា​រថយន្ត​អគ្គិសនី​ប្រភេទ SUV ដំបូងបង្អស់​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​អាល្លឺម៉ង់​មួយ​នេះ​។​
 
 
Chevrolet របស់​អាមេរិក មាន​ផលិតផល​រថយន្ត​ប្រភេទ​កីឡា​ម៉ូ​ដែល Chevrolet Corvette ដែលមាន​ការអភិវឌ្ឍ​ថ្មី​ជា​លើកដំបូង​លើ​តួ​ម៉ាស៊ីន នា​រយៈពេល​ជាង​៥៥​ឆ្នាំ​ចុងក្រោយ​។ វា​ជា​រថយន្ត​ប្រភេទ​រថយន្ត Corvette ជំនា​ន់ទី​៨ ដែល​នឹង​លេច​រូបរាង​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំ​២០១៩​។​
 
​រីឯ DS3 Crossback នឹង​ក្លាយជា​ប្រភេទ​រថយន្ត SUV ខ្នាតតូច ដ៏​ទាក់ទាញ​នៅ​ឆ្នាំ​២០១៩​។ ម៉ូ​ដែល​ដែល​រចនា​ដោយ​ក្រុមហ៊ុន PSA Group របស់​បារាំង មួយ​នេះ នឹង​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​នៅ​ត្រីមាស​ទី​៤​នៃ​ឆ្នាំ​២០១៩​។ DS 7 Crossback E-Tense ក៏​នឹង​ទាក់ទាញ​ចំណាប់អារម្មណ៍​ផងដែរ​។​
 
 
Kia Motors មាន​ផលិតផល​ដល់​ទៅ​ពីរ គឺ​ប្រភេទ​រថយន្ត​កូនកាត់ និង​អគ្គិសនី Kia Ceed SUV និង Kia e-Soul ដែល​ស្ថិតក្នុង​ជំនា​ន់ទី​៣​នៃ​ត្រកូល e-Soul ហើយ​ត្រូវបាន​ផលិត​នៅ​ក្រុង Gwangju នៃ​ប្រទេស​កូរ៉េខាងត្បូង​។​
 
Mazda របស់​ជប៉ុន នឹងដាក់​លក់​នៅលើ​ទីផ្សារ​នូវ​ម៉ូ​ដែល Mazda3 បន្ទាប់ពី​បានដាក់​តាំង​បង្ហាញ​ក្នុង​ពិ​ព័រ​ណ៌ Los Angeles Auto Show ខណៈដែល MBW Group មាន​រថយន្ត​ខ្នាតតូច Mini Electric ដែល​ត្រូវ​បង្អួត​នៅ​ឆ្នាំនេះ បន្ទាប់ពី​ផ្តល់នូវ​ភាព​ទាក់ទាញ​ក្នុង​ព្រឹត្តិការណ៍​ពិ​ព័រ​ណ៌​នៅ Frankfurt ប្រទេស​អាល្លឺម៉ង់​កាលពី​ឆ្នាំ​២០១៧ ។​
 
​និ​ទាឃ​រដូវ ជា​ពេលវេលា​ផងដែរ​សម្រាប់​ក្រុមហ៊ុន Mercedes-Benz ក្នុងការ​បញ្ចេញ​ទៅលើ​ទីផ្សារ​នូវ​រថយន្ត Mercedes-Benz CLA និង Mercedes-Benz EQC​។ រថយន្ត​ទាំងនេះ បង្ហាញ​ពី​ការវិវត្តន៍​ថ្មី​បន្ថែមទៀត​នៃ​រថយន្ត​លំដាប់ A-Class រួមការ​បញ្ចូល​បច្ចេក​វិទ្យា​ថ្មី​ក្នុងការ​ប្រកួតប្រជែង​លើ​ទីផ្សារ​រថយន្ត​អគ្គិសនី​។​
 
 
​ខណៈ Opel មាន​ប្រភេទ​រថយន្ត​ខ្នាតតូច Opel Corsa ក្រុមហ៊ុន Peugeot មាន​ផលិតផល​ប្រភេទ​កូនកាត់​ដូចជា Peugeot 3008 HYbrid4 និង 508 HYbrid រួមទាំង Porshe Taucan និង Porsche 911 ដែល​បាន​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​ពិ​ព័រ​ណ៌​នៅ Los Angeles កន្លងមក​។​
 
​ម៉ូ​ដែល​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ផ្សេងទៀត​រួមមាន Range Rover Evoque, Renault Clio V , Seat Leon, Skoda Scala, Toyota Corolla, Toyota Supra, Volkswagen Golf VIII និង Volkswagen ID ជាដើម​៕

© រក្សាសិទ្ធិដោយ thmeythmey.com