ជាតិ
ទេព រិនដារ៉ូ៖«មិនតាំងខ្លួនជាតារាល្បី ទើបខ្លួនជោគជ័យដូចសព្វថ្ងៃ»
× ភ្នំពេញ៖ ការគោរពពេលវេលា ឱ្យតម្លៃការងារ គោរពក្រុមការងារ រៀនសូត្រពីអ្នកនៅជុំវិញខ្លួនជានិច្ចមិនប្រកាន់ក្មេងចាស់ ជាពិសេសស្រឡាញ់អាជីពរបស់ខ្លួនខ្លាំង ជាកត្តាជំរុញឱ្យតារាល្បី៤ទសវត្សរ៍ ទេព រិនដារ៉ូ ជោគជ័យក្នុងវិស័យភាពយន្តដែលខ្លួនស្រឡាញ់ស្មើជីវិត។
តារាភាពយន្ត ទេព រិនដារ៉ូ ដែលនិយាយទាំងទឹកមុខញញឹមនិងរួសរាយ ថាដ្បិតអ្នកគាំទ្រតែងនិយាយថាខ្លួនជាតារាល្បី តែលោកមិនដែលគិតថាខ្លួនជាបែបនោះឡើយ។ អ្វីដែលតារាភាពយន្តរូបនេះតែងតែប្រកាន់ខ្ជាប់ក្នុងខ្លួនជានិច្ចនោះគឺ យកគំនិតគេមកសិក្សា គោរពពេលវេលាថត ធ្វើយ៉ាងណាព្យាយាមសម្ដែងឱ្យបានល្អ។ «ខ្ញុំមិនដែលគិតថាខ្លួនឯងជាតារាល្បីអីទេ មិនដែលសោះ។ ខ្ញុំគ្រាន់តែចង់រស់នៅបែបជីវិតសាមញ្ញ»។ នេះជាការបញ្ជាក់របស់លោក ទេព រិនដារ៉ូ។
បុរសដែលឱ្យតម្លៃការសម្ដែងភាពយន្តស្មើជីរិតរូបនេះថា អ្នកដែលចង់ដើរលើវិថីតារាភាពយន្តបានជោគជ័យ ត្រូវតែមានទេពកោសល្យផ្ទាល់ខ្លួន ក្ដីស្រឡាញ់ ចេះស្វែងយល់ និងរៀនបន្ថែមរហូត។ បើគ្រាន់តែចង់ថតដើម្បីសប្បាយមិនជោគជ័យឡើយ នេះបើតាមតារាភាពយន្តដដែល ដោយលោកបន្ថែមទៀតថា ដើម្បីឱ្យខ្លួនសម្ដែងបានល្អ គឺត្រូវតែយកសាច់រឿងមកពិនិត្យ និងដាក់អារម្មណ៍ឱ្យដល់សាច់រឿង។
លោក ដារ៉ូ បញ្ជាក់ ៖« ភាពយន្តជាសិល្បៈទី៧ មានន័យថាសិល្បៈ៧ចូលគ្នា ដូច្នេះត្រូវយល់ពីចំណុចនេះឱ្យច្បាស់។ ត្រូវស្វែងយល់ពីជម្រៅនៃតួនោះយ៉ាងណា ត្រូវស្ដាប់អ្នកដឹកនាំរឿង ព្រោះគេយល់ជម្រៅតួច្រើនជាងយើង។ ចង់ឱ្យរឿងល្អត្រូវតែគោរពពេលវេលា ព្រោះពេលវេលាព្រឹកឬល្ងាច វាសំខាន់ដល់គុណភាពរឿង។ វិន័យសំខាន់ណាស់ វិន័យទ័ពនិងកុនដូចគ្នា។ ការស្រឡាញ់ចេញពីបេះដូង វាធ្វើឱ្យយើងព្យាយាមសម្ដែងយ៉ាងណាឱ្យបានល្អ»។
ថ្វីដ្បិតលោក ទេព រិនដារ៉ូ បានក្លាយជាតារាល្បីលំដាប់ជួរមុខជិត៥ទសវត្សរ៍មកហើយក្ដី តែ លោកនៅតែរៀននិងយកគំនិតអ្នកនៅជុំវិញខ្លួនសិក្សា ដើម្បីអភិវឌ្ឍន៍ចំណេះបន្ថែមជានិច្ច។ លោកថាបច្ចេកវិទ្យា បច្ចេកទេស និងចំណេះដឹងថ្មីៗជាច្រើន កើតឡើងមិនឈប់៕
Tag:
ទេព រិនដារ៉ូ
ភាពយន្ត
សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com