ONE Championship
កីឡាជាតិ
ជាតិ
ONE Championship បន្ថែម​គូប្រយុទ្ធ​ដ៏​ភ្ញាក់ផ្អើល​ក្នុង​ព្រឹត្តិការណ៍ ONE: HERO’S ASCENT
09, Jan 2019 , 7:59 am        
រូបភាព
ដោយ៖ Matias Andres​
 
ONE Championship បានប្រកាស​ដាក់​គូប្រកួត​ពិសេស​ថែម​ជាច្រើន​គូ​ទៀត​នៅ​សង្វៀន​ធំ​ក្នុង​ព្រឹត្តិការណ៍ ONE: HERO’S ASCENT  ក្នុងប្រទេស​ហ្វីលីពីន នា​ថ្ងៃទី​២៥ ខែមករា​ខាងមុខ ប៉ុន្តែ​មិនមាន​វត្តមាន​កីឡាករ​កម្ពុជា​ចូលរួម​ឡើយ​។

 
 
​ថ្វីបើ​សង្វៀន​ក្បាច់គុន​ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ផ្សារ​ទំនើប Asia Arena ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​មួយ​នេះ មិនមាន​កីឡាករ​កម្ពុជា​ចូលរួម​ក្តី ប៉ុន្តែ​ក៏​សំខាន់​សម្រាប់​អ្នក​ប្រដាល់​កម្ពុជា​ទាំងអស់​ដើម្បី​ផ្ទៀង​មើល​លទ្ធផល​ផងដែរ​។ 
 
​គូ​សំខាន់​ប្រចាំ​កម្មវិធី គឺ​ម្ចាស់ផ្ទះ​ហ្វីលីពីន Geje Eustaquio នឹងត្រូវ​ការពារ​ខ្សែក្រវាត់ ONE Flyweight World Title របស់ខ្លួន​ពី​សំណាក់​ជើង​ខ្លាំង​ពី​ប្រ​ស៊ី​ល Adriano "Mikinho" Moraes និង​ជាការ​ដណ្តើម​ខ្សែក្រវាត់​គ្នា​ជា​លើក​ទី​៣​ផងដែរ​។​


 កីឡាករ Geje Eustaquio របស់ហ្វីលីពីន
 
Eustaquio និង Moraes ធ្លាប់​ប៉ះគ្នា​ម្តង​ជា​កាលពី​ខែកញ្ញា ឆ្នាំ​២០១៤ នៅពេលដែល​ស្ថាប័ន​ប្រដាល់​ពិភពលោក មក​រៀប​សង្វៀន​ធំ​នៅ​កម្ពុជា​ជា​លើកដំបូង​នៅ​សាល​មហោស្រព​កោះ​ពេ​ជ្យ​ដែល កាលនោះ​មាន​គូប្រកួត​សរុប​ចំនួន ១០​គូ​ពី​ប្រទេស​នានា​។ 
 
​នា​ព្រឹត្តិការណ៍ ONE: RISE OF THE KINGDOM ដែល​ប្រារព្ធ​នៅ​កោះ​ពេ​ជ្យ​នោះ​ក៏ មាន​វត្តមាន​កីឡាករ​ប្រដាល់​កម្ពុជា​ខ្លាំងៗ​ជាច្រើនរូប ក្នុងនោះ​រួមមាន​តារា​ជើងចាស់​ប្រចាំ​ដួងចិត្ត​ទស្សនិកជន​ទូទាំងប្រទេស ចាន់ រតនា ផងដែរ​។ 
 
​តែ​យ៉ាងណា​ក្នុង​រាត្រី​នោះ អ្វីដែល​អស្ចារ្យ​គឺ  Moraes បាន​ផ្តួល Eustaquio ត្រឹម​ទឹក​ទី​២ និង​លើក​ខ្សែក្រវាត់ ONE Flyweight World Champion លើកដំបូង​។ 
 
​ថ្វីបើ Eustaquio បាន​ចាញ់​ក្នុង​ដៃ Moraes ពិតមែន រូបគេ​មិនបាន​បាក់​ទឹកចិត្ត​ទេ ប៉ុន្តែ​រឹតតែ​ប្រឹង​ជំរុញ​ខ្លួនឯង​ឲ្យ​ហាត់​ស្នៀត​វាយប្រហារ​កាន់តែ​ពិសេស​ថែមទៀត​ដើម្បី​ស្តារ​កេរ្តិ៍ឈ្មោះ​ខ្លួន​មកវិញ​។  
 
 Eustaquio បន្ទាប់ពី​បាន​យកឈ្នះ​ការប្រកួត​ជាមួយ Kairat Akhmetov 
​ដោយបាន​ដណ្តើម​ខ្សែក្រវាត់​បណ្តោះអាសន្ន​រប​ស់​កីឡាករ​រូបនេះ​កាលពី​ខែ មករា ២០១៨​រួចមក រូបគេ​តាំងចិត្ត​ថា​នឹង​យក​ខ្សែក្រវាត់​ពី Moraes មកវិញ​ឲ្យ​បាន​សម្រាប់​ការប្រកួត​ម្តងទៀត​នៅ​ខែ មិថុនា​។ 
 
 Eustaquio ព្យាយាម​តទល់​ជា​លើក​ទី​ពីរ​ជាមួយ Moraes នៅ​ទីក្រុង​ម៉ា​កាវ យ៉ាង​លំបាក​បំផុត​ដល់​ទឹក​ទី​៥ រហូត​ចុងក្រោយ​ភាគី​ខាង​ហ្វីលីពីន​នេះ ពិតជា​បានសម្រេច​បំណង​សងសឹក​របស់ខ្លួន ហើយ​ក្លាយជា​ជើង​ឯង​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​។ 
 
​រីឯ ខាង​កម្ពុជា ចាន់ រតនា ក៏​ត្រូវតែ​តាមដាន​មើល​ការប្រកួត​ចុងក្រោយ​ឆាប់ៗ​របស់​មួយគូ​នេះដែរ ខណៈដែល​រតនា អាច​នឹង​ជា​កីឡាករ​បន្ទាប់​ដែល​ត្រូវ​ដណ្តើម​ខ្សែក្រវាត់​មួយ​នេះ ដោយសារ​គាត់​ទើប​សាង​កំណត់ត្រា​ផ្តួល​ជើង​ខ្លាំង Abro Fernandes កក្រើក​សង្វៀន​ធំ ONE: DESTINY OF CHAMPIONS នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ខែ​មុន​។ 
 
​ក្រៅពីនេះ នៅមាន​មួយគូ​ទៀត​ដែល​នឹង​បញ្ចេញថ្វីដៃ​នៅ​ទីក្រុង​ម៉ានីល​ដែរ​គឺ Danny Kingad មាន​ឆន្ទ​កាត់មុខ​កីឡាករ​ប្រចាំ​ប្រទេស​ជប៉ុន Tatsumitsu Wada ដែល​កំពុង​សំលៀង​ភ្នែក​ចង់បាន​ខ្សែក្រវាត់​ពិភពលោក ONE World Title ដូចគ្នា​។ 
 
​នៅមាន​ការប្រកួត​ជម្រុះ​ជើងឯក​សម្រាប់​ពានរង្វាន់ ONE Lightweight World Grand Prix ផងដែរ ដែល​កីឡាករ​ម្ចាស់ផ្ទះ Honorio Banario ត្រូវ​ចាប់​គូ​ជាមួយ Lowen Tynanes អតីត​ជើងឯក King Of The Cage Junior Welterweight Champion ផងដែរ​។ 
 
​ដូច្នេះ​កុំ​ភ្លេច​តាមដាន​មើល​ការប្រកួត​គុន​ចម្រុះ និង​ក្បាច់គុន Muay Thai នៅ​ព្រឹត្តិការណ៍ ONE: HERO’S ASCENT ទាំងអស់គ្នា​។ 
 
​ខាងក្រោម​ជាតា​រាង​ឈ្មោះ​អ្នក​ប្រដាល់​ក្បាច់គុន​ដែល​ត្រូវ​បញ្ចេញ​សមត្ថភាព​នៅ​ហ្វីលីពីន​។ 
 
•​ ​Flyweight (​គុន​ចម្រុះ​): Geje Eustaquio vs. Adriano Moraes
•​ ​Lightweight (​គុន​ចម្រុះ​): Honorio Banario vs. Lowen Tynanes
•​ ​Flyweight (​គុន​ចម្រុះ​): Danny Kingad vs. Tatsumitsu Wada
•​ ​Flyweight (ONE Super Series Muay Thai): Rodtang Jitmuangnon vs. Fahdi Khaled
•​ ​Featherweight (ONE Super Series Muay Thai): Brown Pinas vs. Bangpleenoi Petchyindee Academy
•​ ​Flyweight (ONE Super Series Muay Thai): Elias Mahmoudi vs. Yukinori Ogasawara
•​ ​Featherweight (​គុន​ចម្រុះ​): Sung Jong Lee vs. Tang Kai
•​ ​Bantamweight (ONE Super Series Muay Thai): Mohammed Bin Mahmoud vs. Hiroaki Suzuki
•​ ​Strawweight (​គុន​ចម្រុះ​): Egi Rozten vs. Himanshu Kaushik
 

© រក្សាសិទ្ធិដោយ thmeythmey.com